អានតួអត្ថបទ
រុស្ស៊ី

ក្នុង​១០​ឆ្នាំ​ទៅ​មុខ​ចំណាយ​ ៧០០.០០០​លាន​$ ​សម្រាប់​បំពាក់​អាវុធ​កាន់​តែ​ទំនើប

រឿង​នេះ ទើប​ប្រកាស​ជា​ផ្លូវការ​ ដោយ​ក្រសួង​ការពារជាតិ​រុស្ស៊ី ទាំង​លំអិត​ថា កម្មវិធី​រដ្ឋ​ខាង​ទិញ​សព្វាវុធ​ថ្មីៗ សម្រាប់​បំពាក់​កងទ័ព បាន​ត្រូវ​ចុះ​ហត្ថលេខា ដោយ​លោក ប្រធានាធិបតី Medvedev កាលពី​ថ្ងៃ​៣១​ធ្នូ​ឆ្នាំ​២០១០​កន្លង​ទៅ។ លោក Medvedev ក៏​បាន​អំពាវនាវ ឲ្យ​ធ្វើ​ទំនើបកម្ម ប្រព័ន្ធ​រោងចក្រ​យោធា នៅ​រុស្ស៊ី តាម​គំរូ​អាមេរិកាំង​ផង​ដែរ។

លោក​​ប្រធានាធិបតី​រុស្ស៊ី​អង្គុយក្នុងយន្តហោះទម្លាក់គ្រាប់បែក​ Sukhoi SU-34 មុនហោះចេញទៅទស្សនកិច្ចនៅមូលដ្ឋាន​អាកាសចរណ៍នៅ Kubinka ​
លោក​​ប្រធានាធិបតី​រុស្ស៊ី​អង្គុយក្នុងយន្តហោះទម្លាក់គ្រាប់បែក​ Sukhoi SU-34 មុនហោះចេញទៅទស្សនកិច្ចនៅមូលដ្ឋាន​អាកាសចរណ៍នៅ Kubinka ​ © Reuters
ផ្សាយពាណិជ្ជកម្ម

 

02:46

សេចក្តី​រាយការណ៍​របស់ កែវ ឆាយាពីទីក្រុង ម៉ូស្គូ

កែវ ឆាយា

ថ្លែង​ល្ងាច​ម្សិលមិញ ក្នុង​” សមាគម​អ្នក​កាសែត​ក្រុងម៉ូស្គូ “ លោក​អនុ​ទី១​នៃ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ Vladimir Popovkin បាន​រៀបរាប់​ថា ពី​ក្នុង​ទឹកប្រាក់ ៧០០.០០០​លាន​ដុល្លារ​អាមេរិក​នោះ ១០% គឺ នឹង​ត្រូវ​ចំណាយ​ទៅ សំរាប់​ធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​ផលិត​អាវុធ​ថ្មីៗ , ៨០% គឺ​សម្រាប់​ធ្វើ​កុំម្ម៉ង់​ទិញ​អាវុធ​ផ្ទាល់ ហើយ​១០%​ទៀត គឺ​សម្រាប់​ជួសជុល​កែ​ឲ្យ​ទំនើប​ឡើង​អាវុធ​ដែល​មាន​សព្វថ្ងៃ។

ទៅ​ទល់​ឆ្នាំ​២០២០ អាវុធ​ទំនើប ដែល​ត្រូវ​ទិញ ពី​ឧស្សាហកម្មជាតិ​សម្រាប់ បំពាក់​ថែម​ទៀត​គឺ៖
- នាវា​ចំបាំង​ថ្មីៗ ១០០​គ្រឿង ក្នុង​នោះ​មាន នាវាមុជទឹក​បរមាណូ​ស្រករចុង​ក្រោយ គឺ​ស្រករ​ទី​៥ ចំនួន ២០​គ្រឿង បំពាក់​ទៅ​ដោយ​កាំជ្រួច​មីស្ស៊ីល​អន្តរទ្វីប។

ទាក់ទង​នឹង​រឿង​នាវា លោក Popovkin ដោយ​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត បាន​បញ្ជាក់​ថា រុស្ស៊ី បាន​កុំម្ម៉ង់​ទិញ​មែន ពី​បារាំង គឺ​នាវា​ផ្ទុក​ឧទ្ធម្ភាកចក្រ​ធុន Mistral ចំនួន​៤​គ្រឿង ពី​ក្នុង​នោះ ២​គ្រឿង នឹង​សង់​បាន​រួច​នៅ​ឯ​ការដ្ឋាន​សំណង់​ស្រុក​បារាំង​ទៅ​ទល់​ឆ្នាំ ២០១៤ លុះ​បន្ទាប់​មក ២​គ្រឿង​ទៀត នឹង​ត្រូវ​សង់​ឡើង នៅ​ការដ្ឋាន​រុស្ស៊ី​ផ្ទាល់ ប៉ុន្តែ តាម​អាជ្ញាប័ណ្ណ​បារាំង។

- យន្តហោះ​ចំបាំង​ថ្មីៗ ៦០០​គ្រឿង។
- ឧទ្ធម្ភាគចក្រ​ថ្មីៗ ជាង ១.០០០​គ្រឿង ពី​ក្នុង​នោះ ជាង ១០០​គ្រឿង គឺ​នឹង​ត្រូវ​បំពាក់​ដល់ កងអាកាស​រុស្ស៊ី ក្នុង​ឆ្នាំ​នេះ​តែ​ម្តង។
- ប្រព័ន្ធ​មីស្ស៊ីល​ការពារ​ដែនអាកាស ចំនួន ១០០​ប្រព័ន្ធ៖ ពី​ក្នុង​នោះ ១០​ប្រព័ន្ធ គឺ អាធុន S-500 ដែល នឹង​មាន​ផលិត​បាន​នៅ​ឆ្នាំ ២០១៣ សំរាប់​បន្ថែម​ទៅ​លើ អាធុន​ S-400 សែន​ទំនើប​ស្រាប់​ទៅ​ហើយ ដែល​រុស្ស៊ី​ដាក់​ឲ្យ​ប្រចាំការ​សព្វថ្ងៃ បាន​ចំនួន​៤​ប្រព័ន្ធ។ ដោយហេតុ​ថា ប្រព័ន្ធ​និមួយៗ មាន​ទីតាំង​បង្ហោះ​ដល់​ទៅ​៤ ​បាន​ជា​សរុប​ទៅ គឺ​នឹង មាន​ចំនួន​ទីតាំង​បង្ហោះ​នោះ ដល់​៥៦ ដែល​នឹង គ្រប​ជិតស្លុង​ ផ្ទៃមេឃ​ទូទាំង​ប្រទេស​រុស្ស៊ី។
សូម្បី តែ អាធុន S-300 ដែល​ប្រទេស​អៀរ៉ង់​ លេប​ទឹកមាត់​ចង់​បាន​ក្រៃ ក៏ មិន​សម្រេច​បាន​ដូច​ចិត្ត​ឯណា។

ទាក់ទង​នឹង​កាំជ្រួច​មីស្ស៊ីល​អន្តរទ្វីប​ឈ្មោះ Topol ​​រុស្ស៊ី​នឹង​ផលិត​វា គឺ​អាធុន​ដែល​នឹង​ដើរ​ដោយ ឥន្ធនៈ” រឹង” ដែល​នឹង​បម្រើការ​បាន​ដល់ ៣៥​ឆ្នាំ ហើយ​ពាំ​ផ្ទុក​ក្បាល​រំសេវ​នុយក្លេអ៊ែរ​ប្រយុទ្ធ ដល់​១០​ក្បាល មិនមែន​ត្រឹម​៣​ក្បាល​ដូច​អាធុន ដើរ​ដោយ ឥន្ធនៈ “ រាវ “ សព្វថ្ងៃ ហើយ​ដែល អាច បម្រើការ​ត្រឹម​២០​ឆ្នាំ​ប៉ុណ្ណោះ។

ស្រប​នឹង​អនុសាសន៍ លោក ប្រធានាធិបតី​ Medvedev ក្នុង​ដំណើរ​ស្រាវជ្រាវ​ផលិត​អាវុធ ដើម្បី​ដណ្តើមនូវ​សមត្ថភាព​ប្រជែង​កម្រិត​ខ្ពស់ រុស្ស៊ី​គប្បី​​​បង្កើត​ឡើង​ជា ​រចនា​សម្ព័ន្ធ​ម្យ៉ាង តាម​Modele អាមេរិកាំង ជាទី​ដែល នៅ​អម មន្ទីរ​បញ្ចកោណ កំពុង​ដំណើរ​ការ​យ៉ាង​ជោគជ័យ គឺ“ ទីភ្នាក់ងារ​អាមេរិកាំង​ឈ្មោះ DARPA ដែល​ទទួល​ខុសត្រូវ​ចំពោះ ការ​តាក់តែង​បច្ចេក​វិជ្ជា ថ្មីៗ​ឈាន​មុខ សម្រាប់​លើក​យក​មក​ប្រើ ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ