អានតួអត្ថបទ
រុស្ស៊ី

ទីក្រុងម៉ូស្គូ​និង​តូក្យូតឹងសរសៃដាក់គ្នា​មកពី​បញ្ហាកោះ​Kouriles​

ការជល់​សំដីគ្នា​នេះ​បាន​ឡើង​ដល់​កម្រិត​ខ្លាំង​មែនទែន​គឺ​នាថ្ងៃ​៧​កុម្ភៈ​ម្សិល​មិញ​ដែល​នៅជប៉ុន​ត្រូរគេ​ប្រារព្ធ​ក្នុង​ឋានៈ​ជា ​“ ទិវា​ដែនដី​ខាងជើង​“។​ ពាក្យ​ថា​ដែនដី​ខាងជើង​នេះ​សំរាប់​ជប៉ុន​គឺមាន​ន័យថា កោះ៤​នៃជួរ​”កោះគូរីល​ខាងត្បូង”​ដែល​ស្ថិត​នៅប៉ែក​ខាងជើង​នៃ​កោះ​Hokkaido ​ជាកោះ​ខាងជើង​​បង្អស់​របស់​ជប៉ុន។ 

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ Naoto Kan
លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ Naoto Kan ©​ Reuters
ផ្សាយពាណិជ្ជកម្ម

02:43

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

កែវ ឆាយា

ថ្លែងក្នុងមីទិញចូលរួមដោយពួក​អ្នក​ជាតិនិយមដៃដល់​ផុត​លេខ​ ប្រមាណ​.៥០០នាក់​ នៅពី​​មុខ​​ស្ថាន​ទូត​​រុស្ស៊ី​​ក្នុង​​ក្រុង​​​តូក្យូ​​ដែល​​នាំគ្នា​​ស្រែក​​ទាម​ទារ​​លាន់​រំពង​​ឲ្យ​រុស្ស៊ី​​ប្រគល់​​ទៅ​ជប៉ុន​វិញ​នូវ​កោះ៤​ នៃ​ជួរ”កោះគូរីល​ខាងត្បូង”​នោះ។ ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ Naoto Kan បាន​ចង្អុល​ឲ្យ​ឃើញថា៖​ ទស្សនកិច្ច​ធ្វើកាល​ពី​ថ្ងៃទី១​វិច្ឆិកា​ឆ្នាំទៅ​មិញ ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ Medvedev ​នៅ​ឯ​កោះមួយ​ពីក្នុង​ចំណោម​កោះ​ទាំង៤​នោះ ​គឺជា​ “អំពើ​ដ៏កំរោល​ដែល​មិនអាច​អនុញ្ញាត​ទៅកើត”។

 
ជា​ប្រតិកម្ម​បកវិញ​ភ្លាមភ្លែត​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​លោក ​Serguei Lavrov ​ សង្កត់​ធ្ងន់ថា៖​ សេចក្តី​ថ្លែងការណ៍​នោះ​របស់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន មិនមាន​លក្ខណៈ​ការទូត ទេ។​ លោក​Naoto Kann ដែល​ខំ​បន្លឺ​ឡើង​ជាសេចក្តី​ថ្លៃងការណ៍​បែបនេះ​គឺច្បាស់​ជា​ដើម្បី ផ្គាប់​យក​ចិត្ត​ពួក​អ្នកជាតិ​និយមជ្រុល​នៃ​ប្រទេសខ្លួន។
 
ចំណែក​វិមាន​ក្រេមឡាំង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​នៃ​ជំនួយ​ការ​ប្រមុខ​រដ្ឋ​រុស្ស៊ី​ខាង​កិច្ចការ​អន្តរជាតិ​ លោក serguei​ Prikhodko បាន​ប្រកាស​ថា៖​ប្រធានាធិបតី​រុស្ស៊ី លោក Medvedev ទាំងក្នុង​ថ្ងៃ​មុខ​នឹង​បន្ត​ធ្វើ​ដំណើរ​តទៅទៀត​ទៅកាន់​កោះ៤​នៃ​ជួរ​"កោះគូរីល​ខាងត្បូង"​នោះ ​ដ្បិត​ការ​ធ្វើដំណើរ​ទៅ​កាន់​តំបន់​ណាក៏ដោយ​នៃ​ទឹកដី​រុស្ស៊ី​គឺជា​សិទ្ធិ​របស់​ប្រមុខរដ្ឋ​ដោយមិន​ចាំបាច់​សួរ​យោបល់​អ្នកក្រៅទេ។​ នាពេល​ចុងក្រោយ​តាមការ​ផ្ទុក​ដាក់​របស់​លោក ​Medvedev ​មាន​អ្នកមុខ​អ្នកការ​ជាន់ខ្ពស់​រុស្ស៊ី​បូកទាំង​រដ្ឋ​មន្ត្រី​ការពារជាតិ​រុស្ស៊ីផង​បាន​ធ្វើដំណើរ​ជាបន្ត​បន្ទាប់​ទៅកាន់​កោះគូរីល​ខាងត្បូង​រួចមួយ​លើកៗ​តែង​ញ៉ាំង​ឲ្យមាន​ការ​ប្រឆាង​យ៉ាង​ក្តួលក្តៅ​ពីខាង​ក្រុងតូក្យ៉ូ។​
គួរ​និយាយ​ថា ​ក្នុង​មីទិញនៅក្រុង​តូក្យ៉ូ​ម្សិលមិញ​ពួកអ្នក​ជាតិនិយម​ជប៉ុន​ថែម​ទាំង​បាន​ប្រញ៉ាយ​គ្នា​ហែកចោល​ទៅផង​ទង់ជាតិ​ត្រីពណ៌​របស់​រុស្ស៊ី​ហែក​ដោយ​ចង​កំហឹង​តែម្តង។​ ចំពោះ​ទង្វើ​ប្រមាថ​នេះ ស្ថានទូតរុស្ស៊ីនៅក្រុងតូក្យ៉ូបានផ្ញើកំណត់ទូតតវ៉ាជាបន្ទាន់ទៅកាន់ក្រសួងការបរទេសជប៉ុន។
 
ព្រឹកមិញស្ថានទូតរុស្ស៊ីនៅក្រុងតូក្យ៉ូ​ស្រាប់តែ​បានទទួលសំបុត្រមួយច្បាប់ដែលនៅខាងក្នុង​ស្រោម​សំបុត្រ​នោះ​មាន​លាក់​ទាំង​គ្រាប់​កាំភ្លើង​មួយគ្រាប់​ផង​អម​ទៅដោយ​ពាក្យ​ទាមទារ​ឲ្យរុស្ស៊ី​ប្រគល់​ទៅ​ជប៉ុន​វិញ​នូវកោះ៤​នៃជួរ​”កោះគូរីល​ខាងត្បូង”។
 
មិនមែន​ចៃដន្យ​ទេ​ដែល​តាំង​ពីឆ្នាំ​១៩៨១​មក នៅជប៉ុន ថ្ងៃទី៧​កុម្ភៈ​តែងត្រូវ​ពួក​អ្នកជាតិ​និយម​លើកជា​ “​ ទិវា​ដែនដី​ខាងជើង ​“ របស់​ខ្លួន​ពីព្រោះ​ពិតជា​ថ្ងៃនេះ​ឯង​ដែល​ក្នុងឆ្នាំ​១៨៥៥ ​ស្របនឹង​សន្ធិសញ្ញា​ដំបូង​បង្អស់​ចុះរវាង​ចក្រភព​រុស្ស៊ី​និង​ជប៉ុន​ស្តេច Tsar ​រុស្ស៊ី ​បាន​ផ្ទេរ​ទៅឲ្យ​ជប៉ុន​នូវ​កោះ៤​នៃជួរកោះ​គូរីល​ខាងត្បូង ​ប៉ុន្តែ​ក្រោយពី​ជប៉ុន​ចាញ់​សង្គ្រាម​លោក​លើកទី២​ក្នុងឆ្នាំ​១៩៤៥​មក ​កោះទាំងនេះ​ដែល​មានផ្ទៃក្រឡា​សរុប​៥.០០០គម ២ ​ សព្វថ្ងៃ​រស់នៅ​ដោយ​បណ្តាជន​ប្រមាណ​២ម៉ឺន​នាក់​ក៏បាន​ឆ្លង​មក​ជា​កម្មសិទ្ធិ​​រុស្ស៊ីវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ