អានតួអត្ថបទ
រុស្ស៊ី

ភេរវកម្ម​ដ៏​សែន​សាហាវ​ មួយ​លើក​ទៀត​ ប្រឆាំង​ប្រទេស​រុស្ស៊ី​

រសៀលម្សិលមិញ វេលា​ម៉ោង ១៦​និង​៣២​នាទី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ក្រុងម៉ូស្គូ ឈ្មោះ Domodiedovo មាន​ភេររវជន​អត្តឃាត បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ជាប់នឹង​ខ្លួន​វា ដែល​បន្ទាប់មក ត្រូវ​សមត្ថកិច្ច​រុស្ស៊ី ប៉ាន់ស្មាន​ថា មាន​កម្លាំង​ផ្ទុះ​យ៉ាងខ្លាំង ស្មើ នឹង​ធាតុ TNT ពី​៥​ដល់​៧​គីឡូក្រាម លុះទាល់តែផ្តាច់​ជីវិត​មនុស្ស អស់​រាប់​សឹប​នាក់ និង​របួស​ដល់​ជិត ២០០​នាក់​ឯណោះ។ សោកនាដកម្ម​នេះ ដែលសឲ្យឃើញ​ពីបរាជ័យ​នៃនយោបាយ​រុស្ស៊ី ខាងបង្ក្រាប​អំពើ​ភេរវកម្ម​ បាន​ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​ជួយ​ឈឺឆ្អាល និង​សាមគ្គី​ពីសំណាក់ សហគមន៍​អន្តរជាតិ។

ក្រុម​អ្នកពន្លត់ភ្លើង​កំពុង ធ្វើអន្តរាគម នៅ​អាកាសយានដ្ឋានអន្តរជាតិ ក្រុងម៉ូស្គូ ឈ្មោះ Domodiedovo បន្ទាប់​ពីមាន​ភេរវកម្មដ៏សែនសាហាវមួយលើកទៀតប្រឆាំងរុស្ស៊ី​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់សិបនាក់​និង​របួស​ជិត ២០០​នាក់ កាលពី​រសៀល​ថ្ងៃអង្គារ២៤​មករាម្សិលមិញ​។
ក្រុម​អ្នកពន្លត់ភ្លើង​កំពុង ធ្វើអន្តរាគម នៅ​អាកាសយានដ្ឋានអន្តរជាតិ ក្រុងម៉ូស្គូ ឈ្មោះ Domodiedovo បន្ទាប់​ពីមាន​ភេរវកម្មដ៏សែនសាហាវមួយលើកទៀតប្រឆាំងរុស្ស៊ី​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់សិបនាក់​និង​របួស​ជិត ២០០​នាក់ កាលពី​រសៀល​ថ្ងៃអង្គារ២៤​មករាម្សិលមិញ​។ Reuters
ផ្សាយពាណិជ្ជកម្ម

06:51

បទអន្តរាគមន៍​ របស់ កែវ​ ឆាយា​ ពីទីក្រុង​ ម៉ូស្គូ

កែវ ឆាយា

ទី១- ជាបឋម គួរនិយាយថា អាកាសយានដ្ឋាន Domodiedovo ជាអាកាសយានដ្ឋានធំជាងគេ នៃប្រទេសរុស្ស៊ី។ គ្រាន់តែក្នុងមួយឆ្នាំ ២០១០​កន្លងទៅ វាបានទទួលអ្នកដំណើរ​ឲ្យហោះ ចេញ ចូល គឺដល់ ២២លាននាក់ឯណោះ ឫ ជាង៦ម៉ឺននាក់​ក្នុង១ថ្ងៃៗ។ សេវា​អាកាសយានដ្ឋាននេះ ប្រើប្រាស់ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​​បរទេស ចំនួន៧៦ ក្រុមហ៊ុន បូកទាំង ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airlines និង Vietnam Airlines ដែលយន្តហោះ​របស់ក្រុមហ៊ុនទាំងពីរនេះ តែងត្រូវខ្មែរយើងនៅ​រុស្ស៊ី និយមជិះ ពេលធ្វើដំណើរទៅស្រុក និង​ធ្វើដំណើរត្រឡប់មកវិញ។

សំរាប់ជាការប្រៀបធៀប អាកាសយានដ្ឋាន Domodiedovo ថែមទាំងធំជាង អាកាសយានដ្ឋាន​ Sheremetievo ដែលបានត្រូវ​សង់ឡើងនៅម៉ូស្គូ ដោយ​ក្រុមហ៊ុនអាល្លឺម៉ង់ សំរាប់​ទទួល​ភ្ញៀវ​ដែលមកចូលរួម ក្នុងកីឡា​អូឡាំពិក​នៅរុស្ស៊ី កាលក្នុងឆ្នាំ ១៩៨០​ទៅផង ដ្បិត Sheremetievo ក្នុង១ឆ្នាំមុន បានបម្រើ អ្នកធ្វើដំណើរ តែ ១៥លាននាក់ប៉ុណ្ណោះ ឫ​តែជាង ៤ម៉ឺននាក់ក្នុង១ថ្ងៃ។

ខ្ញុំរៀបរាប់នេះ គឺដើម្បី​រំលេច​ឲ្យឃើញ​ពីគោលដៅ​យង់ឃ្នង​នៃ ពួក​ភេរវជន ដែលជ្រើសយក អាកាសយានដ្ឋាន Domodiedovo ជាទីដៅ​នៃការវាយប្រហាររបស់វា​គឺកន្លែងណា​ដែលមាន​មនុស្ស​នាំគ្នាផ្តុំកកកុញ ដើម្បីពេលវា​បំផ្ទុះគ្រាប់បែក គឺផ្ចាញ់​ឲ្យមាន​អ្នកស្លាប់ និងអ្នករបួស​យ៉ាងច្រើនមែនទែន។ មិនខុសគ្នាឡើយ ពី១០ខែមុន ពេលពួកវា​បំផ្ទុះគ្រាប់បែក ក្នុងMetro ម៉ូស្គូ គឺ បានផ្តាច់​ជីវិត​មនុស្ស​អស់ ៤០នាក់តែម្តង។ រួចលើកនេះ វាបានបំផ្ទុះ​គឺ​ដោយឈរ​បន្លំ​ខ្លួន​ ជាមួយ​ជនានុជន ​ដែលរង់ចាំ​ស្វាគម​​បងប្អូនគេ និង ជាតិ​បរទេស​ហោះមក​ពីក្រៅ តាម ជើងយន្តហោះអន្តរជាតិ។ មុនពេលផ្ទុះនោះ មានយន្តហោះបែបនេះ បានចុះចត​ចំនួន ៥ជើង គឺមកពី ក្រុង Bruxelles Londres ​ប្រទេស Grec Egypte Ukraine។ មិនមែនចៃដន្យទេ ដែល​ក្នុង​ ចំណោមអ្នកធ្លាក់ខ្លួន​ស្លាប់ មានជាតិបរទេស​ដល់៨នាក់ ពីក្នុងនោះ ជាតិអង់គ្លេស២នាក់ ក្រៅពីនេះ គឺជាតិ Bulgarie Allemand Ukraine Tadjikistan Ouzbekistan Kirghizstan។ ហើយ​ក្នុងចំណោមអ្នករបួស ១១នាក់ មានជាតិ បារាំង អ៊ីតាលី Serbie Slovaquie Slovenie Tadjikistan។ គោលដៅ ពួកដែល​បានតាក់តែង​ឡើងជា Scenario បំផ្ទុះគ្រាប់បែក នោះ ក៏ បំភ័យ​ជាតិបរទេស កុំឲ្យគេធ្វើដំណើរ មក​រុស្ស៊ី ក្នុងឋានៈ​ជា​ប្រទេសគ្រោះថ្នាក់។

ទី២- ស្របនឹងការធ្វើវិភាគ នៃពួកនយោបាយវិទូសេរីនិយម មូលហេតុ​នៃ​ចន្លោះធូររលុង ក្នុង​ការចាត់វិធានការ​ការពារ​ ទល់នឹងពួក​ភេរវជន គឺមិនអាចចៀសផុតឡើយ​ ពីអំពើ​ពុករលួយ។  
សូម្បីតែ ​លោកប្រធានាធិបតីរុស្ស៊ី Medvedev តាមរយៈសម្ភាសន៍ខ្លួន​ឲ្យទៅកាសែត​មួយដ៏ធំ នៃក្រុងម៉ូស្គូ ក៏សំដែង​នូវការងឿងឆ្ងល់ក្រៃ តើហេតុដូចម្តេច បានជា​ភេរវជន អាចយកតាមខ្លួន​ដោយធូរល្ហុយបែបនេះ នូវគ្រឿងផ្ទុះដល់ ៥ ឫ ៧គីឡូក្រាម? គាត់ទម្លាក់​កំហុស ទៅលើ​ពួក​ភ្នាក់ងារ​​សន្តិសុខ​របស់ អាកាសយានដ្ឋានផ្ទាល់។ ប្រសាសន៍លោក Medvedev ត្រូវ ពួក​អ្នកវិភាគ​ បកស្រាយថា ពួកភ្នាក់ងារ​សន្តិសុខនោះ អាចដើរតួ​ជា” រនុកក្នុង “ លក់ខ្លួន​ឲ្យពួក​ភេរវករ​ទិញក្បាលបាន ដោយថែមទាំង​អាចជួយលាក់គ្រឿងផ្ទុះនោះ ទុកជាមុន​នៅកន្លែងណា មួយ​ នៃអាកាសយានដ្ឋាន​ទៅ​ផង។ ចំណែក​ពួកអ្នកកាសែត មិនញញើត​នឹងចោទ ទាំង​នគរបាល​ ទាំង​តម្រួត​ចរាចរណ៍ខ្លះ ថា​ពិតជា ទទួល​សំណូក​ពីដៃជើង​ពួកភេរវជន ហើយ​បិទ​ភ្នែក​​ធ្វើមិនឃើញ ប្រតិបត្តិការ​លួចលាក់ខាងត្រៀមគ្រឿងផ្ទុះ ដោយ​ពួកភេរវជន​មកពី​តំបន់​ភ្នំកូកាស និង ខាង​ដឹកជញ្ជូន​គ្រឿងផ្ទុះនោះ។

ទី៣- ប្រតិកម្ម ​ជួយឈឺឆ្អាល និងសំដែងការរួម​មរណទុក្ខ បានត្រូវ​ផ្ញើមក​​កាន់ថ្នាក់​ដឹក​នាំ​រុស្ស៊ី ដោយ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រទេសជាច្រើននៃ​បស្ចិមលោក។ ឧទាហរណ៍ លោក​ប្រធានាធិបតី​​ស.រ.អា. Barack Obama ចាត់ទុក​ភេរវកម្ម​នៅ អាកាសយានដ្ឋាន Domodiedovo​ ក្រុងម៉ូស្គូ ​ថាជា “ អំពើនាំឲ្យក្តួលក្តៅ​ក្រៃលែង “ អំពើដែលត្រូវតែទទួល ការថ្កោលទោស​ប្តូរផ្តាច់។ តាមប្រសាសន៍ លោក Obama ស.រ.អា.​ត្រៀមផ្តល់​នូវរាល់តែ​ជំនួយណា ដែលរុស្ស៊ីត្រូវការ សំរាប់​វែកមុខ​រកពួកអ្នកចាត់ចែងអំពើភេរវកម្មនោះ។
លោកប្រធានាធិបតីបារាំង Nicolas Sarkozy ដោយ​ថ្កោលទោស​ភេរវកម្មនេះ ​បានសំដែង​នូវការរួមមរណទុក្ខ​យ៉ាងជ្រាលជ្រៅ ដល់គ្រួសារ​អ្នកស្លាប់ ព្រមទាំង​​សាមគ្គីភាពពេញទី របស់បារាំង ជាមួយ​ប្រជាជនរុស្ស៊ី នៅពីមុខ “ ភេរវកម្មដ៏សែន​ព្រៃផ្សៃនេះ “។ សារ​សំដែង​ការថ្កោលទោស​ភេរវកម្មនៅម៉ូស្គូ ក៏បានត្រូវ​ផ្ញើមក ដោយលោក អគ្គលេខា​ធិការ អ.ស.ប.
Ban Ki-moon លោក អគ្គលេខា​ធិការ បក្សសម្ព័ន្ធ OTAN Rasmussen និង មេដឹកនាំ​រាប់សិបប្រទេស។

ទី៤- ​ជាបឋម ជំនួយពីខាង​រដ្ឋាភិបាលក្រុងម៉ូស្គូ សំរាប់​គ្រួសារ​អ្នកស្លាប់ម្នាក់ៗ គឺក្នុងទឹកប្រាក់ ២លានរូប្ល ឫ ប្រមាណ ៦ម៉ឹន៧ពាន់ដុល្លារអាមេរិក សំរាប់អ្នករបួសធ្ងន់ គឺ ១លាន៥សែនរូប្ល ឫស្មើនឹង ៥ម៉ឺន$ សំរាប់អ្នករបួសកម្រិតមធ្យម​និងស្រាល គឺ ១លានរូប្ល ឫ ជាង ៣ម៉ឺន​៣​ពាន់​៣$។ មិនតែប៉ុណ្ណោះ ​​ការចំណាយ​សំរាប់​បញ្ចុះសពអ្នកស្លាប់ គឺទទួលរ៉ាប់រង ដោយ សាលា​ក្រុងម៉ូស្គូ​ដែរ។ កូនដែល​បាត់បង់​ឪពុកម្តាយ ក្នុង​សោកនាដកម្ម​នោះ នឺងទទួល ប្រាក់ជំនួយ​ប្រចាំ​ខែ ​ពីថវិកាក្រុង​ រហូតដល់​វាពេញវ័យ។ តាមដែលលោក​នាយករដ្ឋមន្ត្រី Poutine ប្រកាស​ឲ្យ​ដឹង​ សំរាប់​​អ្នករងគ្រោះ​និង គ្រួសារ​អ្នកស្លាប់ទាំងនោះ ក៏នឹងមាន​រំលែក​ចេញពីថវិកា​សហព័ន្ធ​រុស្ស៊ី នូវ​ប្រាក់ឧបត្ថម្ភយ៉ាង​ក្រាស់ក្រែលដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ