អានតួអត្ថបទ
រុស្ស៊ី

ទស្សនកិច្ច​​លោក​ប្រធានាធិបតី​​រុស្ស៊ី​Medvedev​នៅប៉ាឡេស្ទីន

គោលដៅ​ធំចំបង​នៃ​ទស្សនកិច្ច​ថ្ងៃនេះ​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​នៅ​លើ​ ដែនដី​Palestine​គឺ​ផ្តល់​សន្ទុះ​ថ្មី​ដល់​អភិក្រម​សន្តិភាព​ឆ្ពោះទៅ​ស្តារ​ ឡើង​វិញ​កិច្ចចរចា​Palestine-Israel។​ ជាលទ្ធផល​ក៏នឹង​មាន​ចុះ​ឯកសារ​មួយ​ចំនួន​បែបយ៉ាង​វិស័យ​កសិកម្ម​និង​ផ្នែក​ ពត៌មាន។​ ស្អែក​លោក​ប្រធានា​ធិបតី​​រុស្ស៊ី ​Medvedev​ នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ Jordanie។ 

លោក​ប្រធានាធិបតី​​​រុស្ស៊ី  ​Medvedev​ ​
លោក​ប្រធានាធិបតី​​​រុស្ស៊ី ​Medvedev​ ​ © Reuters
ផ្សាយពាណិជ្ជកម្ម

02:56

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

កែវ ឆាយា

ជាបឋម​គួរនិយាយ​ថា ​រុស្ស៊ី​តាំងពី​ជំនាន់​សហភាព​សូវៀត​មក​ តែង​ស្ថិត​នៅ​ខាង​ការ​តស៊ូ​របស់​ប្រជាជន​Palestine​ដើម្បី​បង្កើត​ឡើង​ជា​រដ្ឋ​របស់​គេផ្ទាល់។​ គឺតាំងពី​ឆ្នាំ​១៩៧៤​ម៉្លេះ​ដែល​សហភាព​សូវៀត​បាន​ចង​ទំនាក់​ទំនង​ការទូត​ជាមួយ​“ អង្គការ​រំដោះ ​Palestine “​ ហើយបាន​បើក​ស្ថាន​ទូត​របស់​អង្គការ​នេះ ឲ្យ​ប្រចាំ​នៅក្រុង​ម៉ូស្គូ​តែម្តង។ ​ស្ថានទូត​នេះ ​តាំងពី​ឆ្នាំ​១៩៩០​មក ​បានប្រែឈ្មោះ​ ទៅ​ជា “ ស្ថានទូត​រដ្ឋ​Palestine “។

 

 
ទោះបី​សហភាព​សូវៀត​បាន​រលាយទៅ​ក្នុងឆ្នាំ​១៩៩១ក្តី ​ក៏​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី ​ដែល​បន្ត​កេរពីសហភាព​នេះ​នៅតែ​ប្រកាន់​ខ្ជាប់​មាគ៌ា​សាមគ្គី​ជាមួយ​ប្រជាជន Palestine។​ គ្រាន់តែ​ក្នុង​ចន្លោះ​ឆ្នាំ ២០០៥ ដល់​២០១០ ​ប្រធានាធិបតី​រុស្ស៊ី​បានធ្វើ​ជំនួប​ក្នុង​ជាន់​ថ្នាក់​កំពូល អស់​៨លើក​ទៅហើយ ​ជាមួយ​ប្រមុខ​នៃ”ដែនដី​ស្វយ័ត​ Palestine”​ គឺ​លោក Mahmoud Abbas។

ក្នុង​ជំនួប​លើក​នេះ ​ជាមួយ​មេ​ដឹកនាំ ​Palestine ​ប្រធានាធិបតី​រុស្ស៊ី ​លោក Medvedev​ បញ្ជាក់​ជាថ្មី ​ថា ទីក្រុង​ម៉ូស្គូ ​នឹង​បន្ត​គាំទ្រ​តាម​គ្រប់​មធ្យោបាយ​ដល់​ប្រជាជន​Palestine ឲ្យ​គេ​សំរេច​បាន​នូវ​ក្តីប្រាថ្នា​ជា​អាយុជីវិត​របស់​គេ ​គឺ​បង្កើត​ឡើង​ជា​រដ្ឋឯករាជ្យ​ មានសមត្ថភាព​រស់​រាន និង​មាន​រដ្ឋធានី​ គឺ​ក្រុងJerusalem ប៉ែក​ខាងកើត ​ដែល​រួមរស់​ក្នុង​សុខ​សន្តិភាព​ជាមួយ​រដ្ឋIsrael។

នៅតាម​មុខព្រួញ​នេះ​ នាកិច្ចចរចា​ជាមួយ​សមភាគី​ Palestine លោកប្រមុខ​រដ្ឋរុស្ស៊ី​នឹង​ខិតខំ​ប្រោះ​ឲ្យរស់​ឡើងវិញ ​ការងារ​របស់​ចតុ​អន្តរការី​អន្តរជាតិ​ខាង​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ស្ថានការណ៍​ដ៏សាំញ៉ាំ​នៅ​តំបន់​ដើម​បូព៌ា​ពោលគឺ​សហភាព​អឺរ៉ុប​រុស្ស៊ី ​ស.រ.អា​. អ.ស.ប។​ ពិតជា​ ចតុ​អន្តរការី​ទាំងនេះ ​ដែលកាលពី​ដើម​ខែកញ្ញា​ឆ្នាំ​២០១០​ចេះ​បង្វែរ​ឲ្យ​Israel​និង​Palestine​វិល​ត្រឡប់​វិញ​មក​ក្នុង​អភិក្រម​សន្តិភាព​នៅ​តំបន់​ដើមបូព៌ា។ ​ប៉ុន្តែ​ដោយមក​ពី Israel ពុំព្រម​បញ្ឈប់​ការសាងសង់​ភូម៌ករ​អាណានិគមជាតិ Juif​ នៅសង្កាត់​អារ៉ាប់​ នៃ​ក្រុងJerusalem ​បាន​ជាកិច្ច​ចរចា Israel-Palestine ​បាន​អាក់ខាន​ទៅវិញ។​ ចំណុច​សំខាន់​មួយទៀត ​ដែលភាគីរុស្ស៊ី​ចង់សំរេច​ឲ្យបាន គឺស្តារ​ឡើងវិញ​ ឯកភាព​Palestine ​និង​ស្ថានការណ៍​ជុំវិញ​តំបន់ Gaza ដែល​ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​របស់​ចលនា Hamas។​ តាមយោបល់​រុស្ស៊ី​ សហគមន៍​អន្តរជាតិ​ត្រូវ​តែ​គន់គិត​ទាំង​គោលជំហរ​របស់​អង្គការនេះ ​ពីព្រោះ Hamas តំណា​ងឲ្យ​បណ្តាជន​ម្ចាស់ឆ្នោត​Palestine​មួយភាគ​ដែរ។

ចំណែក​រុស្ស៊ី​ដែល​ផ្តល់​ជំនួយ​ខ្លួន​គឺសម្រាប់​ប្រជាជន ​Palestine ទាំងមូល។​ តាំងពី​កណ្តាល​ទសវត្ស​ទី៧០ម៉្លេះ​ រុស្ស៊ីតែង​ជួយ​បណ្តុះបណ្តាល​ ពួក​អ្នកឯកទេស​Palestine នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​ខ្លួន​ខាងផ្នែកវិស្វកម្ម ​មហាផ្ទៃសន្តិសុខ សេដ្ឋកិច្ច ក​សិកម្ម​ជាដើម។​ បច្ចុប្បន្ន មាន​សិក្ខាកាម​ Palestine​ ៦០នាក់ កំពុង​ធ្វើការ​សិក្សា​នៅបណ្ឌិត​សភា​ការទូត​របស់​ក្រសួង​ការបរទេស​រុស្ស៊ី។ ​ឆ្នាំ២០០៦ ឆ្នាំ២០០៨ ឆ្នាំ២០១០ រុស្ស៊ី បានផ្តល់​ទៅ​Palestine​នូវ​ជំនួយ​ហិរញ្ញវត្ថុ​មួយ​លើកៗ​ គឺ​១០​លាន​ដុល្លារ​អាមេរិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ