អានតួអត្ថបទ
រុស្ស៊ី

ម៉ូស្គូ​និងវ៉ាស៊ីនតោន​ជល់សំដី​គ្នាមកពី​មេបក្សប្រឆាំង​ម្នាក់​នៅរុស្ស៊ីជាប់​ឃុំឃាំង​១៥ថ្ងៃ​

តប​នឹង​ការទិតៀន​ពីខាង​ក្រសួងការបរទេស​អាមេរិក ​ចំពោះ​ការ​កាត់​ទោស​ដោយ​សាលាលហុ​នៃ​ទីក្រុង​ម៉ូស្គូ​ឲ្យរូប​លោក Boris Niemtsov ដែល​ជា​មេដឹកនាំ​ម្នាក់​នៃ​បក្សប្រឆាំង​នៅរុស្ស៊ី​ជាប់​ឃុំឃាំង​ដល់​១៥ថ្ងៃ​ សភាឌូម៉ា​រុស្ស៊ី ​ទើប​បញ្ចេញ​ប្រតិកម្ម​ថា​ ស.រ.អា.​មើលឃើញ​ព្រឹត្តិការណ៍​នៅរុស្ស៊ី​គឺ​ “ តែ​ក្រោម​មុម​ណា​ដែលខ្លួន​ចង់ឃើញ "​ប៉ុណ្ណោះ។ 

សភាឌូម៉ា​រុស្ស៊ី​បញ្ចេញ​​ប្រតិកម្ម​​ថា​​ស.រ.អា​​មើលឃើញ​​ព្រឹត្តិការណ៍​​នៅរុស្ស៊ី​​គឺ​ “ តែ​​ក្រោម​​មុម​ណា​​ដែលខ្លួន​​ចង់ឃើញ ​"​ប៉ុណ្ណោះ​
សភាឌូម៉ា​រុស្ស៊ី​បញ្ចេញ​​ប្រតិកម្ម​​ថា​​ស.រ.អា​​មើលឃើញ​​ព្រឹត្តិការណ៍​​នៅរុស្ស៊ី​​គឺ​ “ តែ​​ក្រោម​​មុម​ណា​​ដែលខ្លួន​​ចង់ឃើញ ​"​ប៉ុណ្ណោះ​ © AFP
ផ្សាយពាណិជ្ជកម្ម

02:49

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

កែវ ឆាយា

ជាបឋម​គឺយោបល់​របស់​ភាគីអាមេរិក៖​ដោយធ្វើ​អត្ថា​ធិប្បាយ​អំពី​ការចាប់​បាតុករ​ជាង​៦០នាក់​ខាងបក្ស​ប្រឆាំង​នៅ​រុស្ស៊ី​ដែល​កាល​ពី​ថ្ងៃ​ទី៣១​ធ្នូ​កន្លង​ទៅ​បាន​ធ្វើមីទិញ​នៅលើ​ “ទីលានវិជ័យ​”​ កណ្តាល​ក្រុង​ម៉ូស្គូ​ ការពារ​មាត្រា​ទី៣១​នៃ​រដ្ឋធម្មនុញ្ញ​រុស្ស៊ី​ដែល​ធានា​នូវសិទ្ធិ ​របស់​ប្រជា​ពល​រដ្ឋ​​រុស្ស៊ី​រួម​ប្រជុំ​ដើម្បី​បញ្ចេញ​មតិ​ខ្លួន​ដោយ​សេរី ​ក្នុងនោះ​មាន​ទាំងរូប​លោក Boris Niemtsov ​ជាសហ​ប្រធាន​នៃ​ចលនា​ប្រឆាំង​ក្រោម​ឈ្មោះថា ​“ សាមគ្គីភាព “ ​ដែល​បន្ទាប់​មក​ត្រូវ​សាលា​លហុ​ក្រុង​ម៉ូស្គូ​កាត់​ទោស​ឲ្យជាប់​ឃុំ​១៥ថ្ងៃ​តែម្តង​ ជំនួយការ​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកាំង​ លោក Philip Crowley​ បាន​ថ្លែង​ថា គឺ ​“ក្នុង​ផលប្រយោជន៍​ប្រទេស​រុស្ស៊ី “​ទេ​តើ​ បើរុ​ស្ស៊ី​ចេះ​ធានា​ឲ្យមាន​សេរីភាព​បញ្ចេញមតិ។

 
លោក Crowley ​កត់​សំគាល់​ថា គួរឲ្យ​ស្តាយ​ដែល​រដ្ឋអំណាច​រុស្ស៊ី​ បាន​ប្រតិបត្តិ​នូវ​ការចាប់​ឃុំ​ឃាំង​នេះ។ ​ភាគី​អាមេរិក​ចង់គូស​បញ្ជាក់​ជាថ្មី​ពី​សារៈសំខាន់​នៃ​ការការពារ​អ្វី​ដែលជា​តម្លៃ​សកល ​បូកទាំង​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សេរី​និង​សេរីភាព​រួម​ប្រជុំ។

រីឯ​តំណាង​ផ្លូវការ​នៃក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក នៅអម​សេតវិមាន​ លោក Michael Hammer គូស​បញ្ជាក់​ថា ​ទើប​ប៉ុន្មាន​ខែមុន​សោះ ​យើងខំ​តែ​ត្រេកអរ​ដោយឃើញ​អភិបាលថ្មី​នៃក្រុងម៉ូស្គូ អនុញ្ញាត​ឲ្យពួក​ប្រឆាំង​ធ្វើ​បាតុកម្ម​អហិង្សា​រាល់តែ​ខែណា ដែល​មាន​ថ្ងៃ​ទី៣១។​ អ៊ីចឹងហើយ បានជាយើង​ងឿងឆ្ងល់​ដោយឃើញ​បាតុករ​ខ្លះ​បែប​យ៉ាងរូប​លោក​ Boris Niemtsov បែរទៅ​ជា​ត្រូវ​អាជ្ញាធរ​រុស្ស៊ី​ ចាប់​ខ្លួន​ ហើយ​បន្ទាប់​មក​ថែម​ទាំង​កាត់ទោស​ឲ្យជាប់​គុក​ដល់​១៥ថ្ងៃ​ឯណោះ ​ដោយមក​ពី​គាត់គ្រាន់​តែ​សមិទ្ធិ​នូវ​សិទ្ធិ​របស់​ខ្លួន ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញសោះ។

ចំណែក​ គណៈកម្មាធិការ​សភា​ឌូម៉ា​រុស្ស៊ី​ខាង​បញ្ហា​សន្តិសុខ​ បាន​សំដែង​នូវ​ភាព​អល់អែក​ចំពោះ​គោលជំហរ​ប្រកាន់​យក​ជា​ឯកតោ​ភាគី ​ដោយ​ក្រសួង​ការបរទេស​អាមេរិកាំង​និង​សេតវិមាន​នៅ​ក្រុងវ៉ាស៊ីនតោន​ប្រកាន់នេះ​គឺ​នៅក្រោម​មុម​តែមួយ​មុម​ដែល​ភាគី​អាមេរិក​ចង់​ឃើញ​តែប៉ុណ្ណោះ។​ ទីក្រុង​ម៉ូស្គូ ​ក៏សូម​សំដែង​នូវ​ក្តីងឿង​ឆ្ងល់​របស់​ខ្លួន​ ចុះហេតុ​ដូចម្តេច​បានជា​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ភាគី​អាមេរិក​ស្រាប់តែ​គ្មាន​សោះឡើយ​ ការ​សាកល្បង​វាយ​តម្លៃ​ដល់​សកម្មភាព​របស់​ឈ្មោះ​ Boris Niemtsov ​ដែល​បាន​តដៃ​ មិន​ព្រម​ស្តាប់​ឯណា​ តាម​បង្គាប់​របស់​នគរបាល​ សកម្មភាព​តដៃ​យ៉ាង​នេះ ​ទល់នឹង​ប៉ូលីស​នៅ​ប្រទេសណា​ក៏ដោយ​ក្នុង​លោក​ គឺមាន​ន័យ​ជាការ​បំពាន​លើច្បាប់​មិនអាច​ប្រកែក​បាន​ឡើយ។

លោក​Boris Niemtsov ​ផ្ទាល់​ដែល​ធ្លាប់ធ្វើ​ជាអភិបាល​ខេត្ត​និងជា​ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​តាមរយៈ​សម្ភាសន៍​ខ្លួន​ឲ្យពី​ក្នុង​បន្ទប់​ឃុំឃាំង​គាត់​ដែល​មាន​ទទឹង​១ម៉ែត្រកន្លះ​និង​បណ្តោយ​២ម៉ែត្រ​ប៉ុន្តែ​គ្មាន​បង្អួចទេ​បាន​បដិសេធ​ថា ​គាត់ឥត​បាន​តដៃ​អ្វីណា​ទល់នឹង​នគរបាល​ឡើយ។​ គាត់ថា​ការកាត់​ទោស​គាត់​គឺ​តែក្នុង​បំណង​បំភ័យ​បក្ស​ប្រឆាំង។ ​ក្នុង​មីទិញ​កាល​ពីថ្ងៃ​ ៣១​ធ្នូ​នោះ​ គាត់បាន​ស្រែក​ទាមទារ​ជាថ្មី​ឲ្យលោក​នាយករដ្ឋមន្ត្រី​Poutine​ចុះចេញ​ពីមុខ​តំណែង​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ