អានតួអត្ថបទ
រុស្ស៊ី

ថ្ងៃនេះ បស្ចិម​លោកភ្ជង់ស្មារតី​ជាថ្មី​មក​លើ​តុលារការ​ក្រុង​ម៉ូស្គូ

មូលហេតុ គឺ​ថ្ងៃ​២៧​ធ្នូនេះ​ឯង​ដែល​តុលាការ​​ក្រុងម៉ូស្គូ ត្រូវ​ប្រកាស​​សាលក្រម ​ជុំវិញ “ សំណុំរឿងទី២ “ របស់​​អតីត​មហាសេដ្ឋី​រុស្ស៊ីឈ្មោះ​ Khodorkovski ដែល​ កំពុង​​ជាប់គុក​តាំង​ពី​ឆ្នាំ២០០៣​មក​សំរាប់​​រយៈពេល​៨ឆ្នាំ ​ចំពោះ “សំណុំរឿងទី១ “ គេច​មិន​បង់​ពន្ធ។​ ប៉ុន្តែ​លោក​ខាងលិច បកស្រាយ ថា​​គាត់ជាប់គុក​នេះ គឺ​មកពី មូលហេតុ​នយោបាយ​ទេ​តើ ដោយ​គាត់ ហ៊ាន​គាំទ្រត្រង់ៗ ដល់បក្សប្រឆាំង​សេរីនិយម ​ដែល​ប្រឈម​មុ​ខទល់ នឹង​រូបលោក​Poutine។

សកម្មជន​ប្រមាណ​៣០០នាក់ បាន​ទៅ​ជួបជុំ​គ្នា​នៅពី​មុខ​អគារ​តុលាការ​ទាមទារ​សេរីភាព​អោយ​អតីត​មហាសេដ្ឋី​រុស្ស៊ី​ Khodorkovski ដែល​កំពុង​ជាប់​គុក
សកម្មជន​ប្រមាណ​៣០០នាក់ បាន​ទៅ​ជួបជុំ​គ្នា​នៅពី​មុខ​អគារ​តុលាការ​ទាមទារ​សេរីភាព​អោយ​អតីត​មហាសេដ្ឋី​រុស្ស៊ី​ Khodorkovski ដែល​កំពុង​ជាប់​គុក Reuters/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម
03:28

សេចក្តី​រាយការណ៍​របស់កែវ ឆាយាពី​ម៉ូស្គូ

កែវ ឆាយា

តាំងពីព្រឹក​មក មាន​សកម្មជន​ប្រមាណ​៣០០​នាក់ ដែល​ឈឺឆ្អាល នឹង​វាសនា​ លោក Khodorkovski បាន​ទៅ​ជួបជុំគ្នា​នៅ​ពីមុខ​អគារ​តុលាការ ដោយ​បន្លឺ​ឡើង​នូវ​សំឡេង​ស្រុះៗ​គ្នា ទាមទារ​សេរីភាព​​សំរាប់​រូបគាត់ ដែលត្រូវ​គេ​ដាក់​ឈ្មោះ​ថា​ជា " អ្នកទោស​នយោបាយ "។  ស​ឲ្យ​ឃើញ ពី​គោលជំហរ​លោកខាងលិច ដែល​សាមគ្គី​ជាមួយ " អ្នកទោស​នយោបាយ " នេះ គឺមាន​សេចក្តី​ថ្លែងការណ៍ ធ្វើ​ដោយ​លោក​ឯក​អគ្គរដ្ឋ​ទូត​អាល្លឺម៉ង់-ប្រទេស​ជា​ក្បាល​ម៉ាស៊ីន​សហភាពអឺរ៉ុប​ ដែលថា សំរាប់​តុលាការ​ក្រុងម៉ូស្គូ ​ការ​ប្រកាស​សាលក្រម​ជុំវិញ “សំណុំរឿង​ទី២“ របស់ លោក Khodorkovski គឺជា Test រំលេច​ឲ្យឃើញ តើ​រុស្ស៊ី ជា​នីតិរដ្ឋ-រដ្ឋច្បាប់​ ឬក៏​ទេ។

រីឯ​ចៅក្រម ដែល​ថ្ងៃនេះ ​ចាប់ផ្តើម​អាន​ទៅហើយ ខ្លឹមសារ​សាលក្រមនោះ​ បាន​វិនិច្ឆ័យថា លោក Khodorkovski ពិតជា​បាន​ប្រព្រឹត្ត បទឧក្រិដ្ឋ ដូចការ​ចោទប្រកាន់​ពីខាង​ភាគី​រដ្ឋអាជ្ញា​មែន គឺ​បាន​លួច​ប្រេងកាត​របស់​ក្រុមហ៊ុន​អ្នកដទៃ ដើម្បី​បង្កើន​ការមានបាន​ផ្ទាល់ខ្លួន។ ជាតួលេខ គឺថា ប្រេងកាត​ដែលលួច​នោះ មានបរិមាណ ២១៨​លាន​តោន ក្នុង​ទឺកប្រាក់​ដល់​ជាង ៣០.០០០​លាន​ដុល្លារអាមេរិក​ឯណោះ។ ចំពោះ​ឧក្រិដ្ឋកម្មនេះ រដ្ឋអាជ្ញា​ទាមទារ ឲ្យ​តុលាការ កាត់ទោស លោក Khodorkovski និង ដៃគូ​ជំនួញ​របស់គាត់ គឺ​លោក Lebedev ជា​អតីត​ថៅកែ ធនាគារ​ឯកជន Menatep ដែល​ក៏កំពុង​ជាប់​ពន្ធនាគារ​តាំងពីឆ្នាំ​២០០៣​មក​ដែរ ឲ្យ​ជាប់គុក ម្នាក់ៗ ១៤ ឆ្នាំទៀត។ ដោយ​ហេតុថា សំណុំរឿង អ្នកទាំង២​នេះ គឺវែង​ហើយ​ធំធេងណាស់ បានជា តុលាការ​ក្រុង​ម៉ូស្គូ ត្រូវ​រួម​ប្រជុំ​ លុះប៉ុន្មាន​លើកទៀត ទើបអាច​ប្រកាស​សាលក្រម​នោះ ឲ្យបាន​ដាច់ស្រេច​ជាស្ថាពរ។

គួរកត់​សំគាល់​ថា ថ្ងៃសុក្រ​២៤​ធ្នូ​កន្លងទៅ ក្នុង​សម្ភាសន៍​បូកសរុប​តុលាការ ​ប្រចាំឆ្នាំ​២០១០នេះ ឲ្យទៅ​កាណាល់​ទូរទស្សន៍​៣​ធំៗជាងគេ ដែលផ្សាយ​ទៅពេញទូទាំង​សហព័ន្ធរុស្ស៊ី លោក ប្រធានាធិបតី Medvedeev បាន​រិះគន់​លោក​នាយករដ្ឋមន្ត្រី Poutine ដោយ​មិនបញ្ចេញ​ឈ្មោះ ថា ៖” មន្ត្រី​រូបណា​ក៏ដោយ​ដែលធ្វើការ​បម្រើរដ្ឋ បូកទាំង​រូបខ្ញុំ​ជា​ប្រធានាធិបតីផង គឺ គ្មានសិទ្ធិ សំដែង គោលជំហរ​ខ្លួន​អ្វីណា ចំពោះ​សំណុំ​រឿងណា​ក៏ដោយ ដរាបណា​ដែលមិន​ទាន់មាន សាលក្រម​ចេញដោយ តុលាការ​ជុំវិញសំណុំរឿងនេះទេ “។

មូលហេតុ ​មក​ពី​ថ្ងៃ​១៦​ធ្នូ​កន្លងទៅ ដោយឆ្លើយ​តបនឹង​សំនួរពាក់ព័ន្ធ​នឹង​ សំណុំរឿង​លោក Khodorkovski លោក​នាយករដ្ឋមន្ត្រី Poutine បានថ្លែងថា ៖ “ ចោរត្រូវតែ​ជាប់គុក “។ មិនតែ ប៉ុណ្ណោះ លោក Poutine ថែមទាំង​លំអិតថា តុលាការ​រុស្ស៊ី​មនុស្សធម៌ ជាង​តុលាការ​អាមេរិក​ឆ្ងាយណាស់ ដ្បិត​ចំពោះទោស​ដូចគ្នានេះ ឧក្រិដ្ឋជន​ឈ្មោះ Bernard Madoff បានត្រូវ កាត់ទោស ឲ្យជាប់គុក​ដល់ ១៥០​ឆ្នាំ​ឯណោះ។

គួរនិយាយថា លោក Khodorkovski សម័យ​មុនគាត់​ត្រូវបានចាប់ខ្លួន ក្នុងឆ្នាំ២០០៣ គឺជា​មហាសេដ្ឋី អ្នកមាន​ជាងគេ​នៅរុស្ស៊ី ប្រកប​ដោយ​ទឹកប្រាក់ ២៣.០០០​លាន​$ ហើយ​ក្រុមហ៊ុន ប្រេងកាត​ឯកជន ដ៏ ធំបំផុត​នៅរុស្ស៊ី​ឈ្មោះ Yulos ដែលគាត់​បានដឹកនាំ មានតម្លៃ​ នៅ លើ​ទីផ្សារពិភពលោក ដល់ទៅ ៤០.០០០​លាន​$​ឯណោះ។ គាត់តែង​គូសបញ្ជាក់ថា ​ដោយប្រកប Business នេះ គាត់មិនដែល ប្រព្រឹត្ត​បទល្មើស​អ្វីណាទេ។ ទោស​គាត់ មាន​លក្ខណៈ​នយោបាយ​សុទ្ធសាធ។ ម៉្លោះហើយ បាន ជាគាត់ មិន​អាចធ្វើឡើយ លិខិត សុំការ​ប្រោសប្រណីទោស ពីសំណាក់លោក​ប្រមុខរដ្ឋ។

មេធាវី លោក Khodorkovski បានលើកយក​សំដីគាត់​ មកប្រាប់​ពួកអ្នកកាសែត​ថា ៖ សំរាប់ លោក Khodorkovski “ គោលជំនឿជឿជាក់ ​របស់គាត់ គឺខ្ពស់ជាង ជីវិត​គាត់​ទៅទៀត “៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ