អានតួអត្ថបទ
រុស្ស៊ី

Diaspora ​ជនជាតិ​ប្លែកៗ ត្រៀម​ការពារ​ខ្លួន​ឯង​ពី​​ពួក​ជាតិនិយម​ជ្រុល​នៅ​រុស្ស៊ី​

Diaspora ជនជាតិប្លែកៗ​ នៃ​សហព័ន្ធរុស្ស៊ី បូកទាំ​ង​ពួក​អ្នកតំណាង​សហគមន៍​ជនជាតិចិនផង បានពិភាក្សា​អំពីស្ថានការណ៍ ​ដែលកើតឡើង​ក្នុងរដ្ឋធានី​ម៉ូស្គូ និង​នៅ​តាម​ក្រុង​ឯ​ទៀត​នៃ​ប្រទេស​រុស្ស៊ី​ នា​ប៉ុន្មាន​ថ្ងៃចុងក្រោយ បណ្តាល​មកពី មានការវាយប្រហារ​រង្គាល រហូត​ដល់ឃាតកម្ម​ទៅផង​ ទៅលើ​​អ្នកណា​ដែល​មានមុខមាត់​មិនមែន​ជាជាតិរុស្ស៊ី។

ក្រុមយុវជនជាតិនិយមជ្រុលរុស្ស៊ី បានបង្កប់ខ្លួនក្នុងជួរបាតុកម្មមួយកាលពីថ្ងៃទី១១ធ្នូ បានវាយប្រហារគ្មានប្រណីទៅលើអ្នកដំណើរម្នាក់ដែល​មានមុខមាត់មិនមែនជាជាតិរុស្ស៊ីនិងមកពីតំបន់​ភ្នំ Caucaseរុស្ស៊ី​
ក្រុមយុវជនជាតិនិយមជ្រុលរុស្ស៊ី បានបង្កប់ខ្លួនក្នុងជួរបាតុកម្មមួយកាលពីថ្ងៃទី១១ធ្នូ បានវាយប្រហារគ្មានប្រណីទៅលើអ្នកដំណើរម្នាក់ដែល​មានមុខមាត់មិនមែនជាជាតិរុស្ស៊ីនិងមកពីតំបន់​ភ្នំ Caucaseរុស្ស៊ី​ © Reuters
ផ្សាយពាណិជ្ជកម្ម

03:01

សេចក្តីរាយការណ៍​របស់​ កែវ ឆាយា

កែវ ឆាយា

ពិគ្រោះ​ផ្លាស់​ប្តូរ​យោបល់​គ្នា​នេះ ប្រព្រឹត្ត​ទៅ គឺ​ក្រោយ​ពី​នៅ​ចំ​កណ្តាល​ក្រុង​ម៉ូស្គូ ​លើ​ទីលាន​ជាប់​នឹង​វិមាន​ក្រេមឡាំង​តែ​ម្តង កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ មាន​បាតុកម្ម​ចូលរួម​ដោយ​មនុស្ស​ប្រមាណ​៥​ពាន់​នាក់​ឯណោះ ​ដែល​នៅ​ដើម​ឡើយ​ មាន​លក្ខណៈ​អហិង្សា​សោះ ទាមទារ​ពី​អាជ្ញាធរ ឲ្យ​រក​យុត្តិធម៌​ចំពោះ​ការ​បាញ់​សម្លាប់​ជាតិ​រុស្ស៊ី​ម្នាក់ ឈ្មោះ Egor Svidorov អាយុ​២៥​ឆ្នាំ បាញ់នេះ​គឺ​ដោយ​បុរស​ឈ្មោះ Aslan Tcherkessov អាយុ​ ២៦ឆ្នាំ ជាតិ Kabardino-Bolkaria មក​ពី​តំបន់​ភ្នំ Caucase ប្រទេស​រុស្ស៊ី។

ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក បាតុកម្ម​នោះ ​បែរ​ទៅ​ជា​មាន​លក្ខណៈ​ហិង្សា​ទៅ​វិញ ដោយ​មកពី ​ក្រុម​យុវជន​ជាតិ​និយម​ជ្រុល ដែល​បាន លួច​បង្កប់​ខ្លួន ក្នុង​ជួរ​បាតុកម្ម​នោះ ​ដោយ​ចង​កន្សែង បាំង​មុខ ស្រាប់តែ​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច ជាមួយ នគរបាល​និង​បាន​ឆ្លៀត​វាយ​ប្រហារ គ្មាន​ប្រណី ទៅ​លើ​នរណា​ដែល​មាន​មុខមាត់ មិនមែន​ជា​ជាតិ​រុស្ស៊ី គឺ​គ្មាន​ឈាមជ័រ​ជា ពូជ​ស្លាវ។ កាលណោះ ធ្លាក់​ខ្លួន​របួស គឺ​ដល់​២៩​នាក់ ក្នុង​នោះ​ទាំង​នគរបាល ១៣​នាក់​ផង ដែល​ខំ​ការពារ​ពួក​អ្នក​រងគ្រោះ។ ជា​តុល្យាការ គឺ​មាន​ចាប់​បាន​ពួក​យុវជន​ជាតិនិយម​ដល់​ទៅ​៦៥​នាក់។

ក្នុងចំណោម​អ្នក​រងគ្រោះ​ធ្ងន់ គឺ​មាន​ជាតិ Ouzbek អាយុ ២៧​ឆ្នាំ មក​ពី​តំបន់​អាស៊ី​កណ្តាល ដែល​ត្រូវ​ពួក​ជាតិនិយម​រុស្ស៊ី​វាយ​ទ្រមខ្លួន ​វិះៗ​ស្លាប់ ទាល់តែ​ស្រាំ​ខួរក្បាល​និង​បាក់​ខ្ទង់ច្រមុះ​តែ​ម្តង។ រួច​ក្នុង​ថ្ងៃ​អាទិត្យ​បន្ទាប់​មក​នៅ​សង្កាត់​ខាង​ត្បូង​នៃ​រដ្ឋធានី​ម៉ូស្គូ គេ​បាន​ប្រទះភ្នែក​ឃើញ​សព​ជនជាតិ Kirghiz ម្នាក់ មក​ពី​តំបន់​អាស៊ី​កណ្តាល​ដែរ ដែល​ត្រូវ​ពួកជាតិ​និយម​រុស្ស៊ី​១៥​នាក់ ក្នុង​នោះ​មាន​ទាំង​នារី​ម្នាក់​ផង បាន​ចាក់​នឹង​កាំបិត​សុសសាច់ រហូត​ដល់​ក្ស័យ​ជីវិត។

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ពលរដ្ឋ​ជាតិ Azerbaidjan ម្នាក់​មកពី​តំបន់​ នាយ​ភ្នំ​កូកាស បាន​ត្រូវ ពួក​ជាតិនិយម​រុស្ស៊ី លួច​បាញ់ ហើយ​ធ្លាក់​ខ្លួន​របួស​ធ្ងន់ ទាល់តែ​ត្រូវ​បាន​ដឹក​ទៅ​ស្នាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ។

តាម​តួលេខ​​ប្រមូល​បាន ដោយ​អង្គការ​ខាង​ការពារ​សិទ្ធិមនុស្ស​នៅ​រុស្ស៊ី គ្រាន់តែ​ក្នុង​២​ថ្ងៃ​កន្លង​ទៅ មាន​ការ​វាយ​ប្រហារ​បែប​នេះ ចំនួន​រាប់​សិប​ឯណោះ។

កាសែត​ក្រុងម៉ូស្គូ សរសេរ​​ថា ការ​វាយ​ប្រហារ​នោះ មិនគ្រាន់​តែ​មាន​ន័យ ជាការ​សងសឹក ប៉ុណ្ណោះ​ទេ តែ​ជា​ចរិត​មួយ​សំគាល់ ទង្វើ​ពួក​ជាតិនិយម ដែល​ធ្វើ” ការ​ប្រលង​វិញ្ញាសា​ម្យ៉ាង “ របស់វា គឺថា បើ​រូបភាព​ស្តីពី​ទង្វើ​នោះ ថែមទាំង​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ទៅ​ផង នោះ គឺ​ត្រូវ មេ​ក្រុម​របស់វា​ ចាត់ទុកថា​​ប្រលង​ជាប់ ហើយ​ដំឡើង​សក្តិ​ អ្នក​ដែល​បាន​ប្រព្រឹត្ត​តែ​ម្តង។

ទោះបី​លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev ក្នុង​នាម​រក្សា​ មុខមាត់​ប្រទេស​រុស្ស៊ី​លើ​ឆាក​អន្តរជាតិ បាន​ថ្លែង​គាំទ្រ​ពេញទី​ ដល់​សកម្មភាព របស់​នគរបាល ខាង​បង្ក្រាប​អំពើ​ស្រេចតែ​ទំនើង​ក្បាលចិត្ត នៃ​ពួក​ជាតិនិយម បង្ក្រាប​ដោយ​ប្រើ​គ្រប់តែ​មធ្យោបាយ​ស្របច្បាប់​ដែល​មាន​ក្នុង​កណ្តាប់​ដៃ​ខ្លួន​ក្តី ក៏ Diaspora ជនជាតិ​ប្លែកៗ ដែល​រស់​នៅ​ក្នុង​សហព័ន្ធរុស្ស៊ី​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ៖ “ បើ​រដ្ឋ​អំណាច​រុស្ស៊ី គ្មាន​សមត្ថភាព​ការពារ​ជីវិត​ពួក​យើង​ទេ នោះ គឺ​យើង​ខ្លួន​ឯង ដែល​នឹង​ចេញ​មុខ ការពារ​ជីវិត​ខ្លួន ដោយ​ប្រើ​លទ្ធភាព​និង​កម្លាំង​ដែល​យើង​មាន ! “៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ