អានតួអត្ថបទ
រុស្ស៊ី

លោក Medvedev ៖ ​បរមាណូ​កូរ៉េ​ខាងជើង​គ្រោះថ្នាក់​ជាង​បរមាណូ​អៀរ៉ង់​

“មហិច្ឆិតា​បរមាណូ​ របស់​កូរ៉េ​ខាងជើង​គ្រោះថ្នាក់​ជាង​មហិច្ឆិតា​បរមាណូ​ចិញ្ចឹម​ទុក​ដោយ​ ប្រទេស​អៀរ៉ង់​ទៅទៀត”​ ​ សេចក្តី​នេះ​ថ្លែង​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី ​Dmitri ​Medvedev ​ក្នុង​បទ​សម្ភាសន៍​ទៅកាន់​មធ្យោបាយ​ឃោសនា​មហាជន​កូរ៉េ​ខាងត្បូង​ល្ងាច​ ម្សិល​មិញ​ក្រោយ​ពីគាត់​បាន​ទទួល​សញ្ញាប័ត្រ​ជា​ “ បណ្ឌិត​កិត្តិយស​ Honoris Causa “​នៃ​សាកល​វិទ្យាល័យ​ក្រុង​Seoul។ 

លោក​ប្រធានាធិបតី​រុស្ស៊ី​ Medvedev​​​ ចាប់ដៃ​​លោក​​ប្រធានាធិបតី​កូរ៉េ​​ខាងត្បូង​ Myung-bak
លោក​ប្រធានាធិបតី​រុស្ស៊ី​ Medvedev​​​ ចាប់ដៃ​​លោក​​ប្រធានាធិបតី​កូរ៉េ​​ខាងត្បូង​ Myung-bak © Reuters
ផ្សាយពាណិជ្ជកម្ម

02:45

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

កែវ ឆាយា

ដោយ​លើកឡើង​អំពី​កម្រិត​គ្រោះថ្នាក់​នោះ ​លោក​ប្រមុខ​រដ្ឋ​រុស្ស៊ី Medvedev ធ្វើ​ការ​ប្រៀប​ធៀប​ដូច​តទៅ​ ៖ ​ជាបឋម​ កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​មានន័យ​ជាប្រព៍ន្ធ​ដែល​ប្រឈម​ត្រង់ៗ​ទល់​នឹង ​“ របប​អន្តរជាតិ​ខាង​ហាម​ប្រាម​ការ​សាយភាយ​បរមាណូ ”​ ដូច្នេះ​ធាតុពិត​នៃ​ប្រព័ន្ធ​នេះ​គឺ ​បង្ក​ឲ្យ​មានការ​សាយភាយ​បរមាណូ​នៅក្នុង​លោក​តែម្តង។​ ម្យ៉ាងទៀត​ ទោះបី​ជាញឹក​ញយ​ ពិភពលោក​នាំគ្នា​ភ្ជុង​ស្មារតី​ទៅលើ​ប្រទេស​អៀរ៉ង់​ក្តី​ក៏ខ្ញុំ​ត្រូវតែ​កត់​សំគាល់​ថា​ ខុស​ពី​ទីក្រុង Pyongyang​ទីក្រុង​Teheran​មិនដែល​ប្រកាស​ខ្លួន​ឯង​ថាជា​មហា​អំណាច​បរមាណូ​ឡើយ​មិនដែល​ធ្វើការ​សាក​ល្បង​អាវុធ​បរមាណូ​ឡើយ​ ​ កុំថា​ដល់ទៅ​កំញើញ​ប្រើ​អាវុធនេះ។

 
តាម​ប្រសាសន៍​លោក Medvedev ​ជា​សត្យានុម័ត​ដែល​ប្រទេស​រុស្ស៊ី​ព្រួយ​បារម្ភ​ដោយ​ឃើញ​មហិច្ឆិតា​បរមាណូ​ របស់​កូរ៉េ​ខាងជើង​បង្កើត​ជា​ភាព​តានតឹង​យោធា-នយោបាយ​នៅ​ភូម៌ភាគ​ឦសាន​នៃទ្វីប​អាស៊ី​និង​នៅ​តំបន់​ជិត​បង្កើយ​នឹង​ព្រំប្រទល់​រុស្ស៊ី។ ​នេះ​គឺ​ដោយ​មិន​និយាយ​ទៅ​ផង​ថា ​វាលវង់​ល្បង​ពិសោធ​បរមាណូ​របស់​កូរ៉េ​ខាងជើង​ស្ថិត​នៅ​ចម្ងាយ​តែ​ជាង​ ១០០គ.ម.​ប៉ុណ្ណោះ​ពីដែន​ដី​រុស្ស៊ី។

ទាក់ទង​នឹងរឿងនេះ​ គួរ​រំលឹក​ថា ​គិតតាំង​ពី​ថ្ងៃ៩​តុលា​ឆ្នាំ ២០០៦​មក​ កូរ៉េ​ខាងជើង​បាន​ធ្វើ​ការ​សាកល្បង​បរមាណូ​ចំនួន​៥លើក​ហើយ ​ពីក្នុង​នោះ​២លើក​គឺ​ជាការ​សាងល្បង​ក្រោមដី​រួច​ការ​សាកល្បង​ក្រោមដី​លើក​ចុង​ក្រោយ​បាន​ប្រព្រឹត្ត​ទៅ​គឺ​កាល​ពីថ្ងៃ​២៥​ឧសភា​ឆ្នាំ២០០៩។

ក្នុង​សម្ភាសន៍​ខ្លួន​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កូរ៉េ​ខាងត្បូង​ លោក Medvedev ​ចង្អុល​ឲ្យឃើញ​ថា ​ការ​បំផ្ទុះ​បរមាណូ​នោះ ​ដោយ​កូរ៉េ​ខាងជើង​គឺមាន​កម្លាំង​ផ្ទុះ​ដល់​២០​គីឡូតោន​ នៅ​ចម្ងាយ​តែ​១៥០គ.ម. ពី​ព្រំដែន​រុស្ស៊ី។​ កាលណោះ ​កាសែត​រុស្ស៊ី​នាំគ្នា​ចេញផ្សាយ​អត្ថបទ​ដោយ​ដាក់​ចំណង​ជើង​រួមថា​ “ ភ្លើងសង្គ្រាម​អាច​ឆាបឆេះ​នៅជិត​នឹង​ព្រំដែន​ខាងកើត​របស់​រុស្ស៊ី​តែម្តង “​។​ មិនតែ​ប៉ុណ្ណោះ ​អាជ្ញាធរ​ខេត្ត​ទាំងឡាយ​នៅ​តំបន់​បូព៌ា​រុស្ស៊ី​នាំគ្នា​តាមដាន​ឥតល្ហែ ​អំពី​កំរិត​វិទ្យុ​សកម្ម​នៅ​លើទឹក​ដី​ខ្លួន​ដែល​បណ្តាល​មក​ពីការ​បំផ្ទុះ​បរមាណូ នៅ​កូរ៉េ​ខាងជើង​នោះ។

ពិត​ជា​ក្រោយ​ពីការ​បំផ្ទុះនោះ​ឯង​ ដែល​ក្នុង​ខែមិថុនា​ឆ្នាំ២០០៩​ លោក​ប្រធានាធិបតី​រុស្ស៊ី ​Medvedev ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ទាមទារ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ​ឲ្យដាក់​ទណ្ឌកម្ម​ទល់​នឹង​កូរ៉េ​ខាងជើង​បូកទាំង​ទណ្ឌកម្ម​តាមផ្លូវ​សេដ្ឋកិច្ច​ផង ​ហើយឲ្យ​បង្កើត​ឡើង​ជា​យន្តការ​សំរាប់​បន្សាប​ពិសពុល​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។

នៅតាម​មុខ​ព្រួញ​នេះ ​លោក Medvedev ​បាន​ថ្លែង​ថា ៖​ គឺជា​ការ​មិនអាច​បណ្តោយ​ឲ្យ​មាន​ទៅកើត​ឡើយ​ នូវ​ការរីក​រាលដាល​ធំឡើង​នៃ​ចំនួន​ប្រទេស​ជា​សមាជិក​ “ ក្លឹប​បរមាណូ “​ តាម​ផ្លូវ​បង្កើត​ជា​ផលិតផល​បរមាណូ​​ដែល​ផ្ទុយ​នឹង ​“ របប​អន្តរជាតិ​ខាង​ហាម​ប្រាម​ការ​សាយភាយ​បរមាណូ “៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ