អានតួអត្ថបទ
រុស្ស៊ី

ព្រឹកមិញ​ មាន​ពួក​ភេរវជន​អត្តឃាត​បាន ​វាយ​ប្រហារ​ទៅ​លើ​រដ្ឋសភា​ឆេឆេនី

តាម​តួលេខ​ចេញដោយ​ក្រសួងមហាផ្ទៃឆេឆេនី នគរបាល​ដែលការពារ​អគារ រដ្ឋសភា​នោះ​បាន​ធ្លាក់​ខ្លួនស្លាប់អស់ ២នាក់ និង​ស្លាប់​ម្នាក់​ទៀត​គឺ​បុគ្គលិក​រដ្ឋសភា។ មិនតែប៉ុណ្ណោះ ធ្លាក់​ខ្លួន​របួស​ គឺ​១៧​នាក់ ក្នុង​នោះ ៦​នាក់​ជា​នគរបាល និង​១១​នាក់​ជា​បុគ្គលិក។ រីឯ​ក្នុង​ចំណោម ភេរវជន​​៤​នាក់ ដែល​វាយប្រហារ ទៅ​លើ​អគារ​រដ្ឋសភា មាន​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​វា នៅ​ពី​មុខ​អគារ​រដ្ឋសភា ចំណែក​បី​នាក់​ទៀត បាន​ប៉ុនប៉ងសម្រុក​ចូល​អគារ​នោះ​តែ​ម្តង។ ប៉ុន្តែ ក្រោយពី​មាន​អន្តរាគមន៍​ទាន់​ពេលវេលា ពី​ខាង​កង​កម្លាំង​អាជ្ញាធរ ពួក​ភេរវជន​ទាំង​នោះ បាន​ត្រូវ​កំទេច​អស់​គ្មាន​សល់​ទេ។

កងកម្លាំងពិសេស​ឆេឆេនី​នៅ​​ពី​មុខអគារ​រដ្ឋសភាក្នុងទីក្រុង​ Grozny ថ្ងៃទី​១៩​តុលា២០១០
កងកម្លាំងពិសេស​ឆេឆេនី​នៅ​​ពី​មុខអគារ​រដ្ឋសភាក្នុងទីក្រុង​ Grozny ថ្ងៃទី​១៩​តុលា២០១០ AFP/Viskhan Magomadov
ផ្សាយពាណិជ្ជកម្ម

 

02:30

សេចក្តី​រាយការណ៍​របស់​ កែវ ឆាយា

កែវ ឆាយា

នៅវេលា​ម៉ោង​៩​ព្រឹកមិញ ក្នុង​ក្រុង Grosny រដ្ឋធានី​នៃ​សាធារណរដ្ឋ​ឆេឆេនី ចំណុះ សហព័ន្ធ​រុស្ស៊ី ដែល​ស្ថិត​នៅ​តំបន់​ភ្នំ​កូកាស ចម្ងាយ​ប្រមាណ ១.៧០០គម ខាង​ត្បូង​ពី​រដ្ឋធានី ម៉ូស្គូ ពេល​ដែល​តំណាងរាស្ត្រ​ម្នាក់​បើក​រថយន្ត​ខ្លួន​ចូល​ទៅ កាន់​ទីធ្លា​រដ្ឋសភា ក៏​មាន​ទាំង រថយន្ត​មួយ​គ្រឿង​ផ្សេង​ដែរ បើក​បន្លំ​នៅ​ពីក្រោយវា​ជិះ​ទៅ​ដោយ​ភេរវជន​៤​នាក់​ដែល​គ្រាន់តែ ខិតជិត​ដល់​អគារ​រដ្ឋសភា ពួក​វា​ក៏​បាន​លោត​ចេញ​ពី​ឡាន​វា​ ហើយ​បោះ​ពួយ​សំដៅ​ទៅ​អគារ រដ្ឋសភា​តែ​ម្តង។

តាំងពី​មិន​ទាន់​ចូល​ដល់​អគារ​នោះ​ម៉្លេះ ភេរវជន​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​វា ផ្តាច់​ជីវិត​នគរបាល​ដែល​យាម​អគារ​នោះ អស់​២​នាក់​នៅ​នឹង​កន្លែង​ភ្លាម បន្ទាប់មក ពេល​បាញ់​តទល់​នឹង​ពួកវា មាន​បុគ្គលិក​ម្នាក់​របស់​រដ្ឋសភា ស្រាប់តែ​អភ័ព្វ​ត្រូវ​គ្រាប់​ស្លាប់​ដែរ។ ដោយហេតុថា ក្រុង Grosny មិន​ជា​ធំ បាន​ជា​ទ័ព​ពិសេស​ខាង​បង្ក្រាប​អំពើ​ភេរវកម្ម​ដែល​ប្រចាំការ​នៅ​មិន​ឆ្ងាយ​ពី​ទីនោះ ក៏​បាន អន្តរាគមន៍​យ៉ាងលឿន​ទៅ​ជួយ​សង្គ្រោះជីវិត​ពួក​អ្នក​តំណាងរាស្ត្រ​ទាំង​៤០​នាក់ ដែល​រួម​ជាមួយ រូប​ប្រធាន រដ្ឋសភា​ផ្ទាល់ បាន​ត្រូវ​ជម្លៀស​ចេញ ទៅ​កាន់​កន្លែង​​សុវត្ថិភាព។

គួរ​និយាយ​ថា ពិត​ជា​ថ្ងៃ​នេះ​តែ​ម្តង ដែល​រដ្ឋមន្ត្រី​មហាផ្ទៃ​ទូទាំង​សហព័ន្ធរុស្ស៊ី លោក Nougaliev ធ្វើ​ទស្សនកិច្ច នៅ​រដ្ឋធានី​ឆេឆេនី។ ទាក់ទង​នឹង​អំពើ​ភេរវកម្ម​ថ្ងៃ​នេះ គាត់​បាន​ស្ងើច​សរសើរ អង្គភាព​នគរបាល​ពិសេស​ជាតិ​ឆេឆេនី ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កំរិត​អាជីព​របស់​ខ្លួន ខាង បង្ក្រាប​ពួក​ភេរវជន។ លោក​បាន​រាយការណ៍​តាមទូរស័ព្ទ​ទៅ​ហើយ ជូន​លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev ដែល​កំពុង​ចូល​រួម​ក្នុង​ជំនួប​កំពូល​ត្រី​ភាគី រុស្ស៊ី-បារាំង-អាល្លឺម៉ង់ នៅ​ឯ​ក្រុង Deauville ប្រទេស​បារាំង។ តាមមតិ​ប្រមុខ​សាធារណរដ្ឋ​ឆេឆេនី លោក Kadyrov ការ​វាយ​ប្រហារ​លើក​នេះ ពិត​ជា​ចាត់ចែង​ឡើង​ដោយ​ពួក​អាណាព្យាបាល​វា​នៅ​បរទេស។

ការ​វាយប្រហារ​ដ៏​ខ្លាំងក្លា​នៅ​ឆេឆេនី លើកមុន ធ្វើ​ដោយ​ពួក​ភេរវជន​មាន​គ្នា​ដល់​ទៅ​៦០​នាក់​ឯណោះ បាន​ប្រព្រឹត្ត​ទៅ​គឺ​កាលពី​ចុង​ខែ​សីហា។ ធ្វើ​នោះ គឺ​ទៅ​លើ ឃុំ​កំណើត​របស់​លោក Kadyrov តែ​ម្តង ដោយ​កាល​ណោះ ខាង​នគរបាល​ឆេឆេនី ស្លាប់​អស់​៦​នាក់ របួស​ដល់​១៧​នាក់ និង អ្នក​ស្រុក​ផ្ទាល់ ក៏​របួស ៧​នាក់​ដែរ។ ចំណែក​ពួក​ភេរវជន​វិញ គឺ​បាន​ត្រូវ​កំទេច​អស់ ១២​នាក់។

ទើប​៥​ថ្ងៃ​មុន​សោះ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​រុស្ស៊ី លោក Bortnikov បាន​ថ្លែង​ក្នុង “ គណៈ កម្មាធិការជាតិ​ខាង​ប្រឆាំង​ភេរវកម្ម “ ថា ៖ គិត​ពី​ដើម​ឆ្នាំ​នេះ​មក នៅ​តាម​៧​សាធារណរដ្ឋ ដែល​ចំណុះ​សហព័ន្ធ​រុស្ស៊ី នៅ​តំបន់​ភ្នំ​កូកាស បូក​ទាំង​នៅ​ឆេឆេនី​ផង គឺ​មាន​កំទេច ពួក​ភេរវជន អស់​៣០១​នាក់ និង ចាប់​បាន​ពួក​វា ចំនួន ៤៦៨​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ