អានតួអត្ថបទ
រុស្ស៊ី

សំនើបារាំង​ដែលអបអរ​ដោយរុស្ស៊ី​ប៉ុន្តែធ្វើឲ្យ​អាមេរិក​មួម៉ៅ​

លោកប្រធានាធិបតី​បារាំង​ Nicolas Sarkozy ​គ្រោង​ដាក់ចេញ​មក​ក្នុង​ជំនួប​កំពូល​បារាំង-រុស្ស៊ី-អាល្លឺម៉ង់ ​នៅបុរី Deauville ​នា​ថ្ងៃ ១៨-១៩តុលា​ខាងមុខ​នូវ​សំនើ​ឲ្យ​សហភាព​អឺរ៉រុប​ពង្រីក​យ៉ាង​បង្គួរ ​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​រុស្ស៊ី​ លើ​វិស័យ​សេដ្ឋកិច្ច​និង​សន្តិសុខ។ ​យោង​ទៅលើ​កាសែត​អង់គ្លេស ​The Times​ លេខ​ដែលទើប​ចេញផ្សាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ឥឡូវ​សំដែង​ទៅហើយ​នូវ​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន ៖​ បើ​សំនើ​បារាំង​ស្តី​អំពី​ “ រចនា​សម្ព័ន្ធថ្មី​នៃ​សេដ្ឋកិច្ច​និង​សន្តិសុខ​ “ កើតចេញ​ជាផ្លែផ្កា​មែន​នោះ​គឺវា​នាំឲ្យ​ខូច​ដល់​ឧត្តមានុភាព​របស់​ស.រ.អា​លើ​ពិភពលោក។

លោកប្រធានាធិបតី​រុស្ស៊ី​ Medvedev ​និង ​លោក​ប្រធានាធិបតីបារាំង សាកូហ្ស៊ី
លោកប្រធានាធិបតី​រុស្ស៊ី​ Medvedev ​និង ​លោក​ប្រធានាធិបតីបារាំង សាកូហ្ស៊ី © Reuters
ផ្សាយពាណិជ្ជកម្ម

02:40

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

កែវ ឆាយា

តាម​យោបល់​លោក​ប្រមុខរដ្ឋ​បារាំង​ដើម្បី​ឲ្យសេដ្ឋកិច្ច​ដំណើរការ​យ៉ាង​រលូន​គឺចាំបាច់​ត្រូវ​តែ​បង្កើត​ជា “​ រចនាសម្ព័ន្ធ​ថ្មី​ក្នុងលោក ​” ជាទី​ដែល​ចិន​ប៉េកាំង​និង​រុស្ស៊ី ត្រូវ​តែមាន​កន្លែង​ដ៏​សំខាន់។ ​ក្នុង​អភិក្រមនេះ​ លោក​ Sarkozy ​ចង់ឲ្យ​ប្រទេស​រុស្ស៊ី​និង​២៧ប្រទេស​សហភាព​អឺរ៉ុប​ តាំង​នឹងគ្នា​ជាទំនាក់​ទំនង​ស្អិត​ល្មួត ​ជុំវិញ​បញ្ហា​ប្លែកៗ​ បែប​យ៉ាង​ក្នុងវិស័យ​សន្តិសុខ​ជាតិ​ ទំនាក់​ទំនង​ការទូត ​នយោបាយ​សេដ្ឋកិច្ច​ សិទ្ធិមនុស្ស​ និង​អន្តោប្រវេសន៍។

 
តាម​ដែល​កាសែត​អង់គ្លេស The Times​ សរសេរ​លោក Sarkozy​ឆ្លៀត​ប្រើ​ស្ថានភាព​បារាំង​ជា​ប្រធាន​នៃជំនួប​កំពូល ​“ G-20 “ ដែល​នឹង​ចាប់ផ្តើម​នៅថ្ងៃ ១៤វិច្ឆិកា​ខែក្រោយ ​ដើម្បី​បំផុស​មក​នូវ​គំនិត​របស់ខ្លួន។

បើ​កាសែត​រុស្ស៊ី​ឈ្មោះ “ Niezavissimaya Gazeta “ ចុះ​ផ្សាយ​ថា ទីក្រុង​ម៉ូស្គូ​វាយតម្លៃ​ខ្ពស់​ និង ​ជាវិជ្ជមាន​ដល់​សំនើ​របស់​ទីក្រុង​ប៉ារីស នោះ​ កាសែត​អាមេរិកាំង ​The New York​ Times​ វិញ បាន​បំភ្លឺ​ទៅ​ឃើញថា​ គំនិត​លោក Sarkozy​ បែរទៅ​ជាញ៉ាំង​ទីក្រុង​វ៉ាស៊ីនតោន​ឲ្យ​​​ទោមនស្ស​ក្រៃលែង។

ទីក្រុង​ប៉ារីស​គូស​បញ្ជាក់​ថា ​ការ​ពិភាក្សា​អំពី​ លទ្ធភាព​ធ្វើ​សហប្រតិបត្តិការ​កាន់តែ​ជិតស្និទ្ធ ​ជាមួយ​រុស្ស៊ី​នឹងក្លាយ​ទៅជា​ចម្លើយ​តប​នឹង​សំនើ​របស់​លោកប្រធានាធិបតី​ Medvedev ​ស្តី​អំពី ការ​បង្កើត​ឡើងជា ​ រចនាសម្ព័ន្ធថ្មី​នៃ​សន្តិសុខ​ទ្វីបអឺរ៉ុប “។

គួរ​រំលឹកថា​ គឺតាំង​ពីខែ​មិថុនា​ឆ្នាំ២០០៨ម៉្លេះ ​បាន​ន័យថា ​មិនដល់​២ខែផង​ ក្រោយ​ពីគាត់​ចូល​កាន់​តំណែង​ជាប្រធានាធិបតី​រុស្ស៊ី​មក ​លោក Medvedev បាន​បំផុស​មក​នូវ​សំនើ​ឲ្យ​តាក់តែង​ឡើង​ជា​“ សន្ធិសញ្ញា​ថ្មី​ស្តីអំពី​សន្តិសុខ​ទ្វីបអឺរ៉ុប “​។ ​ខ្លឹមសារ​សំនើ​នេះ គឺ ​ឲ្យ​បង្កើត​ក្នុង​វិស័យ​សន្តិសុខ​ យោធា-នយោបាយ ​ប្រចាំ​នៅ​ពេញលើ​លំហ​អឺរ៉ុប-អាត្លង់ទិក​ ក្នុង​ឋានៈ​ជា ​“លំហរួម​តែមួយ មិន​អាច​ញែក​បំបែក​បាន​“ ដើម្បីខ័ណ្ឌ​បញ្ចប់​ជារៀង​រហូត ​យុគសង្គ្រាម​ត្រជាក់។ ​ក្នុង​គោលដៅ​នេះ ​លោក Medvedev​ ស្នើឲ្យ​ចែង​ក្នុង​ច្បាប់​អន្តរជាតិ ​គឺ គោលការណ៍​នៃ​ភាព​មិន​អាច​​បែងចែក ​សន្តិសុខ​ទៅជា​របស់​អ្នកនេះ ឬ​របស់​អ្នកនោះ​ឡើយ។​ គោលការណ៍​នេះ ​ឈរ​លើ​នីតិ​កាតព្វកិច្ច​ ដែល​ថា ៖​ ទោះរដ្ឋ​ក៏ដោយ​ អង្គការ​អន្តរជាតិ​ណាក៏​ដោយ​ដែល​ស្ថិត​នៅក្នុង​លំហ​អឺរ៉ុប-អាត្លង់ទិក​មិន​អាច​ពង្រឹង​សន្តិសុខ​ខ្លួន​ដោយ​នាំឲ្យ​ខូច​ដល់​សន្តិសុខ​របស់​រដ្ឋ​និង​អង្គការ​ឯទៀត​ឡើយ។

បើតាម​យោបល់​លោក Sarkozy ​ក្នុងបរិវេណ​ថ្មីនេះ​នៃ​សន្តិសុខ​ដែល​មិននាំ​ឲ្យ​ខូច​ឯណា​ដល់​ទ្រង់ទ្រាយ​សហភាព​អឺរ៉ុប​ បក្សសម្ពន្ធ​អូតង់​ និង​អង្គការ​OSCE​ រុស្ស៊ីអាច​ក្លាយ​ជាកត្តា​ពាំនាំ​មក​នូវ​សមតា ​នោះ​ស.រ.អា​វិញ​បែរទៅ​ជា​មន្ទិល​សង្ស័យ​ ចំពោះ​ប្រសិទ្ធិភាព​នៃ​សំនើ​រុស្ស៊ី​ក្នុង​វិស័យ​សន្តិសុខ​ទ្វីបអឺរ៉ុប៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ