អានតួអត្ថបទ
រុស្ស៊ី-ជប៉ុន

ទីក្រុង​ម៉ូស្គូ​ប្រដៅ​ទីក្រុង​ Tokyo​ កុំ​ឲ្យ​ទូន្មាន​លោក​ប្រធានាធិបតី​រុស្ស៊ី​អី​

គឺ​ម្សិលមិញ ដែល​ក្រសួង​ការបរទេស​រុស្ស៊ី បាន​ប្រតិកម្ម​ទល់​នឹង​សំដី លោក នាយក​រដ្ឋមន្ត្រី​ជប៉ុន Naoto Kan ដែល​ក្រោយពី​ឮ​ថា លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev មាន បំណង​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​អ្នកស្រុក​រុស្ស៊ី ដែល​រស់​នៅ​ឯ ប្រជុំកោះ Kouriles ខាង​ត្បូង បាន​ថ្លែង​ថា ទីក្រុង Tokyo នៅ​តែ​បន្ត​ចាត់ទុក​កោះ​ទាំង​នោះ ថា​ជា “ ដែនដី​ប៉ែក​ខាង​ជើង “ របស់​ជប៉ុន​ដដែល ហើយ​ទូន្មាន​ប្រមុខរដ្ឋ​រុស្ស៊ី កុំ​ឲ្យ​យក​ជើង​ទៅ​ជាន់​លើ​ដី​នោះ​អី ពុំនោះសោត ទំនាក់​ទំនង​ជប៉ុន-រុស្ស៊ី​មុខ​ជា​កាន់​តែ​ស្រុត​ចុះ​អាក្រក់។

ប្រជុំកោះ kouriles
ប្រជុំកោះ kouriles REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

 

02:42

សេចក្តីរាយការណ៍​របស់ កែវ ឆាយា

កែវ ឆាយា

ថ្លែង​ក្នុង Briefing នៅ​ម៉ូស្គូ​ថ្ងៃ​៣០​កញ្ញា អ្នក​នាំពាក្យ​ផ្លូវការ​របស់​ក្រសួង​ការបរទេស​រុស្ស៊ី លោក André Nesterenko ដោយ​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​កាសែត​ម្នាក់ ពាក់ព័ន្ធ​នឹង​សាច់រឿង​នេះ បាន​ថ្លែង​ថា សំដី​ទូន្មាន​ពី​ខាង​មេ​ដឹកនាំ​ជប៉ុន​នោះ គឺ​ជា​សំដី​ដែល” មិន​គប្បី​បន្លឺ​ចេញ​មក​សោះ “ វាជា “ សំដី​ដែល​ភាគី​រុស្ស៊ី មិន​អាច​ទទួល​យក “ ជា​ដាច់ខាត។ ដ្បិត ការ​ធ្វើ​ដំណើរ របស់ ប្រធានាធិបតី​រុស្ស៊ី ទៅ​កាន់​កន្លែង​ណាៗ​ ក្នុង​ប្រទេស​ខ្លួន គឺ​មាន​តែ​រូប​គាត់​ប៉ុណ្ណោះ ដែល​ជា អ្នក​មាន​សិទ្ធិ កំណត់​ដោយ​ម្ចាស់​ការណ៍​ខ្លួន​ឯង។

តបនឹង​ ពាក្យ​អះអាង​ជា​សាធារណៈ​កាន់​តែ​ញឹកញយ ឡើង ពី​ខាង​ពួក​មន្ត្រី​ថ្នាក់​ជាន់​ខ្ពស់ៗ នៃ​មជ្ឈដ្ឋាន​កាន់​អំណាច​នៅ​ជប៉ុន ដែល​ថា​កោះ​ចំនួន​៤ នៅ​ខាង​ត្បូង​ជួរ​កោះ Kouriles​ គឺ​បន្ត ស្ថិត​នៅ​ជា “ដែនដី​ប៉ែក​ខាង​ជើង “ របស់​រដ្ឋ​ជប៉ុន​ដដែល ក្រសួង​ការបរទេស​រុស្ស៊ី​យល់ថា ជាការ​ចាំបាច់ ដែល​ត្រូវ​ក្រើន​រំលឹក​ប្រាប់​ភាគី​ជប៉ុន​ជា​ថ្មី​ថា កោះ Kouriles​ខាង​ត្បូង​ចំនួន​៤​នោះ គឺ​កោះ Habomai Shikotan Kounashir Itourup ជា​ដែនដី​របស់​សហព័ន្ធ​រុស្ស៊ី ដែល​ឆ្លើយ​ស្រប ទាំង​ស្រុង​នឹង​ស្ថានការណ៍​អន្តរជាតិ​ពិត​ជាក់ស្តែង កើត​ឡើង​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២ បាន​ចប់​ទៅ​ក្នុង​ឆ្នាំ​១៩៤៥ ហើយ​ទាំង​ក្នុង លក្ខន្តិកៈ​របស់​អង្គការ​សហប្រជាជាតិ ក៏​មាន​ចែង​ថា កោះ​ទាំង​៤​នេះ​បច្ចុប្បន្ន ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​រុស្ស៊ី។

គួរ​និយាយ​ថា ក្នុង​សង្គ្រាម​នោះ មេ​ដឹកនាំ​សូវៀត Staline ដែល​សុខចិត្ត​បញ្ជូន​ទ័ព​សូវៀត​ឲ្យ​ទៅ​ច្បាំង​នៅ​ខាង​សម្ព័ន្ធមិត្ត​អាមេរិកាំង​និង​អង់គ្លេស ទល់​នឹង​ជប៉ុន​កាលណោះ គឺ​តែ​ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​ថា កាលណា​ជប៉ុន ចាញ់​សង្គ្រាម កោះ​ទាំង​នោះ​ត្រូវតែ​ឆ្លង​មក​ជា កម្មសិទ្ធិ​របស់​សហភាពសូវៀត ដូច​ដែល​មាន​ចែង ដោយ​សន្និសិទ​កំពូល​នៃ មហា​អំណាច ទាំង​៣​នោះ នៅ​ក្រុង yalta ក្នុង​ខែ​សីហា​ឆ្នាំ​១៩៤៥។

ហើយ​ថ្ងៃ ២​កញ្ញា​ឆ្នាំ ១៩៤៥ ជប៉ុន​ដែល​ចាញ់​សង្គ្រាម​នោះ បាន​ចុះ​ហត្ថលេខា​សុំ​ចុះចាញ់​មែន។ ដោយ​មក​រឿង​កោះ​នៅ​ជាប់​វិវាទ​នេះ រហូត​មក​ទល់​សព្វថ្ងៃ ជប៉ុន​នៅតែ​មិន​ព្រមចុះ ”សន្ធិសញ្ញាសន្តិភាព” ​ជាមួយ​រុស្ស៊ី​នៅ​ឡើយ ហេតុ​ដែល​មាន​ន័យ​ថា រវាង​ប្រទេស​ទាំង​២ នៅ​តែ​រក្សា​ទុក​ដដែល របស់​ដែល​ហៅ​ថា “ ភាពសង្គ្រាមនឹងគ្នា “។

អ្នក​នាំពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី ក្នុង Briefing ម្សិលមិញ​ក៏​ថ្លែង​ដែរ​ថា៖ ក្នុង​ផល​ប្រយោជន៍​នៃ​ការអភិវឌ្ឍន៍ ទំនាក់ទំនង​រុស្ស៊ី-ជប៉ុន ឲ្យ​ល្អ​ឡើង ទីក្រុង Tokyo គួរតែ​ចៀសវាង​ឈប់​បន្លឺ​ទៅ នូវ​គោល​ជំហរ​ខ្លួន ដែល​មិន​អំណោយផល​សោះ ដែល​នាំ ទៅកាន់​ភាព​ទ័លច្រក​ទេតើ រួច​អំណោយផល​ជាង បើ គូ​ភាគី ពង្រឹង​សហប្រត្តិការ​នឹង​គ្នា​ទៅ ក្នុង​កិច្ចការ​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ