អានតួអត្ថបទ
បារាំង​

មហាអយ្យកា​រប្រឆាំងនឹង​ភេរវនិយម​នៅParis​

ការគំរាម​របស់​ពួក​ភេរវជន​ថា​នឹង​ធ្វើ​ភេរវកម្ម​ នៅ​ប្រទេស​បារាំង​តែង​តែ​មាន​លក្ខណៈ​ខ្ពស់​ណាស់​ជានិច្ច។​ លោក​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ Brice​ Hortefeux​ អះអាង​ថា​ ស្មារតី​ប្រុង​ប្រយ័ត្ន​វាង​វៃ​ត្រូវ​បាន​បង្កើន​ថែម​ទៀត​ ហើយ​ផែនការ​ប្រឆាំង​នឹង​ភេរវកម្ម​ហៅ​ថា​Vigipirate​កំរិត​ក្រហម​គឺ​កំរិត​ ខ្ពស់​នៅ​តែ​ដំណើរការ។​ មហាអយ្យការ​ប្រឆាំង​នឹង​ភេរវនិយម​នៅ​Paris​បាន​ទាំង​បើក​ការស៊ើប​អង្កេត​ជា​ ដំបូង​មួយ​ ដើម្បី​មើល​បញ្ជាក់​តើ​ពិត​ឬ​ពុំ​ពិត​ព័ត៌មាន​សម្ងាត់​មួយ​ស្តី​ពី​ស្ត្រី​ ម្នាក់​ដែល​ត្រូវ​គេ​មន្ទិល​សង្ស័យ​ថា​ចង់​ធ្វើ​អំពើ​ភេរវកម្ម​អត្តឃាត​ នៅ​រដ្ឋធានី​Paris​នៃ​ប្រទេស​បារាំង។ 

នគរបាល​បារាំង​យាមល្បាត​នៅតាម​ទីកន្លែង​ដឹកជញ្ជូន​សាធារណៈ
នគរបាល​បារាំង​យាមល្បាត​នៅតាម​ទីកន្លែង​ដឹកជញ្ជូន​សាធារណៈ © AFP/Mehdi Fedouach
ផ្សាយពាណិជ្ជកម្ម

02:06

សេចក្តីរាយការណ៍របស់​ វីនស្តុន រតនា

ប្រទេស​អាល់ហ្សេរី​ នៅ​ពាក់​កណ្តាល​សប្តាហ៍​មុន​ បាន​បញ្ជូន​ព័ត៌មាន​សម្ងាត់​មក​ឱ្យ​ប្រទេស​បារាំង​ដឹង​អំពី​ស្ត្រី​ម្នាក់​ដែល​បម្រុង​នឹង​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​មួយ​ នៅ​រដ្ឋ​ធានី​Paris​នៃ​ប្រទេស​បារាំង។នាយកដ្ឋាន​កណ្តាល​ខាង​ស៊ើប​ការណ៍​សម្ងាត់​ផ្ទៃ​ក្នុង​ប្រទេស​បារាំង​ហៅ​កាត់​ថា​ DCRI​ បាន​ប្រកាស​អាសន្ន​ប្រាប់​ទីស្តីការ​នាយក​រដ្ឋ​មន្ត្រី​ Matignon​និង​វិមាន​ប្រធានាធិបតី​ Elysée​ឱ្យ​ដឹង​ជា​បន្ទាន់​ភ្លាម។

 
ផែនការ​ប្រឆាំង​នឹង​ភេរវកម្ម​ហៅ​ថា​ Vigipirate​ត្រូវ​បាន​ពង្រឹង​ថែម​ទៀត​ ​ ប៉ុន្តែ​នៅ​ដំណើរការ​កំរិត​ក្រហម​ជា​កំរិត​ចុង​ក្រោយ​មុន​នឹង​ឡើង​ទៅ​ដល់​កំរិត​ខ្ពស់​បំផុត​គឺ​ក្រហម​ជាំ​ក្នុង​ករណី​មាន​គ្រោះ​ថ្នាក់​ភេរវកម្ម​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ស្ត្រី​វ័យ​ក្មេង​ត្រូវ​បាន​ពួក​អ្នក​រដ្ឋការ​ប្រឆាំង​នឹង​ភេរវនិយម​ស្វែង​រក​ចាប់​ខ្លួន​ជានិច្ច។ដូច្នេះ​ ការស៊ើប​អង្កេត​ជា​ដំបូង​មួយ​ត្រូវ​បាន​បើក​ដោយ​មហាអយ្យការ​ប្រឆាំង​នឹង​ភេរវនិយម​ ​ ដើម្បី​មើល​បញ្ជាក់​តើ​ពិត​ឬ​ពុំ​ពិត​ ព័ត៌មាន​សម្ងាត់​ទាំង​នេះ។

ក្រុម​អ្នក​ស៊ើប​អង្កេត​បារាំង​ក៏​បញ្ជាក់​ប្រាប់​ដែរ​ថា​បណ្តាញ​ jihad​ពីរ​គឺ​បណ្តាញ​យុទ្ធជន​អ៊ីស្លាម​តាម​មាគ៌ា​អាទិទេព​ដែល​បាន​នៅ​សម្ងំ​ស្ងៀម​ស្ងាត់​និង​មាន​ធនធាន​ហិរញ្ញវត្ថុ​នៅ​ប្រទេស​បារាំង​ ​ ប្រហែល​ជា​បាន​ភ្ញាក់​រលឹក​នា​ពេល​ថ្មីៗ​ ជាមួយ​ការមកដល់​លើ​ទឹកដី​ប្រទេស​បារាំង​នៃ​ពួក​អ៊ីស្លាម​និយម​ជ្រុល​ជាច្រើន​ដែល​ប្រាកដ​ជា​មក​ពី​តំបន់​ព្រំដែន​ប៉ាគីស្តង់​និង​អាហ្វហ្កានិស្តង់។

ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​បារាំង​យល់​ឃើញ​ថា​ព័ត៌មាន​ទាំង​អស់​នេះ​នាំ​ឱ្យ​គិត​អំពី​ការគំរាម​កំរិត​ខ្ពស់​ណាស់​ពី​សំណាក់​ពួក​ភេរវជន។

លោក​នាយក​ប្រតិចារកិច្ច​បារាំង​ Bernard​ Squarcini​ អះអាង​ថា​ការគំរាម​នឹង​ធ្វើ​ភេរវកម្ម​ នៅ​លើ​ដែនដី​បារាំង​នេះ​ពុំ​ដែល​ធំធេង​ដូច​នៅ​សព្វថ្ងៃ​នេះ​ទេ​និង​អះអាង​ថា​ ប្រទេស​បារាំង​ស្ថិត​នៅ​ក្រោម​ការគំរាម​មួយ​ដ៏​ធំ​ពី​ខាង​ពួក​ភេរវជន៕

 

 
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ