អានតួអត្ថបទ
រុស្ស៊ី

សម័យ​ប្រជុំ​លើក​ទី​៦០​​នៃ​ការិយាល័យ​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោក

គឺ​ជា​លើក​ទី ១ ដែល​សម័យ​ប្រជុំ​នេះ​បើក​ធ្វើ​ការងារ​ខ្លួន​នៅ​រដ្ឋធានី​រុស្ស៊ី ដោយ​មាន​វត្តមាន​ផ្ទាល់ នៃ​រូប​លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី Vladimir Poutine។ ចូលរួម​ក្នុង​ការងារ​សម័យ​ប្រជុំ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ​ គឺ​មាន​ប្រតិភូ ៧៥០​នាក់​តំណាង​ឲ្យ​៥៣​ប្រទេស-សមាជិក​ការិយាល័យ​អឺរ៉ុប។ បញ្ហា​មួយ​ដ៏​ចំបង ក្នុង​របៀបវារៈ​ប្រចាំ​ថ្ងៃ គឺ ភាព​ក្រីក្រ​ដែល​ជា​ ការ​គំរាម​ធំ​មែនទែន​ដល់​សុខភាព​មនុស្ស។

លោក​វ៉្លាឌីមៀរ ពូទីន (Vladimir Poutine) នាយករដ្ឋមន្រ្តី​រុស្ស៊ី
លោក​វ៉្លាឌីមៀរ ពូទីន (Vladimir Poutine) នាយករដ្ឋមន្រ្តី​រុស្ស៊ី ©Reuters
ផ្សាយពាណិជ្ជកម្ម

02:36

សេចក្តីរាយការណ៍​របស់ កែវ ឆាយា

កែវ ឆាយា

ជាបឋម​គួរ​និយាយ​ថា ការិយាល័យ​អឺរ៉ុប របស់ អង្គការ​សុខភាពពិភពលោក គ្រាន់តែ​ជា ការិយាល័យ​មួយ ពី​ក្នុង​ចំណោម​ការិយាល័យ​តំបន់​សរុបទៅ​ចំនួន​៦ របស់​អង្គការ​សុខភាពពិភពលោក ហៅកាត់​ថា OMS ដែល​ជា​ស្ថាប័ន​មួយ​របស់​អ.ស.ប. ដំណើរការ​តាំង​ពី​ឆ្នាំ​១៩៤៨​ម៉្លេះ មាន​ទីស្នាក់ការ​នៅ​ឯ​ក្រុង Genève។ ការិយាល័យ​ផ្ទាល់ រួមប្រជុំ​១​ឆ្នាំ​ម្តង ហើយ​ឆ្នាំ​នេះ​គឺ​ដល់​វេន​ប្រទេស​រុស្ស៊ី ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ឲ្យ​ប្រព្រឺត្ត​ទៅ​នៅ​ក្នុង​ក្រុង​ម៉ូស្គូ។

ចូលរួម​ក្នុង​ការងារ​នៃ​សម័យ​ប្រជុំ​លើក​នេះ គឺ​មាន​លោកស្រី Margaret Chan អគ្គនាយក OMS លោកស្រី Jujanna Jacub នាយក​ការិយាល័យ​អឺរ៉ុប​របស់ OMS លោក John Dalli ស្នងការ​គណៈកម្មការ​អឺរ៉ុប​ខាង​បញ្ហា​សុខាភិបាល​និង​ខាង​ការពារ​សិទ្ធិ​អតិថិជន លោកស្រី Tatiana Golikova រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និង​អភិវឌ្ឍន៍​សង្គម​នៃ​សហព័ន្ធ​រុស្ស៊ី។

គិត​ជា​សរុប គឺ​មាន ប្រតិភូ ៧៥០​នាក់​តំណាង​ឲ្យ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​នៃ ៥៣​ប្រទេស​សមាជិក​ការិយាល័យ​អឺរ៉ុប ពី​ក្នុង​នោះ ជាង​៣០​នាក់​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ព្រមទាំង​បណ្តា​តំណាង​២០​ប្រទេស- សង្កេតការ​មក​ពី​តំបន់​ឯ​ទៀត​នៃ​ពិភពលោក និង​បណ្តា​តំណាង​អង្គការ​អន្តរជាតិ​ប្លែកៗ។

ក្នុង​បទអន្តរគមន៍​ថ្លែង​ថ្ងៃ​នេះ​ពី​លើ​វេទិកា​សម័យប្រជុំ លោក​នាយក​រដ្ឋមន្ត្រីរុស្ស៊ី Vladimir Poutine បាន​លើក​ឡើង​អំពី​សម្មិទ្ធិផល ដែល​រដ្ឋាភិបាល​គាត់ ចេះ​សំរេច​បាន​ក្នុង​វិស័យ​សុខាភិបាល បែបយ៉ាង​ខាង​សាងសង់​កាន់តែ​ច្រើន​ឡើងៗ មន្ទីរពេទ្យ មន្ទីរសំរាលកូន ផ្តោត ការយកចិត្ត​ទុកដាក់​ទៅ​លើ​ការ​កែឆ្នៃ​កាន់តែ​ប្រសើរ​ឡើង គុណភាព​ថ្នាំពេទ្យ រួច​ជាលទ្ធផល អត្រា​មរណៈ បាន​ថយចុះ​ទៅ ចំណែក​អត្រា​កំណើត​បាន​កើន​ឡើង ហើយ​អាយុ​មធ្យម​របស់​ប្រជាពលរដ្ឋ​រុស្ស៊ី ក្នុង​៥​ឆ្នាំ​ចុង​ក្រោយ បាន​កើន​ឡើង​៣​ឆ្នាំ​ពី​៦៦​ឆ្នាំ​ដល់​៦៩​ឆ្នាំ។

លោក Poutine ក៏​បាន​រំលឹក​ដែរ​ថា ប្រទេស​រុស្ស៊ី បាន​រួមវិភាគទាន​អស់ ៤៣០​លាន​ដុល្លារ​អាមេរិក​ទៅ​ហើយ ទៅ​ក្នុង​ហិបប្រាក់​របស់​អង្គការ​សុខភាពពិភពលោក។ លោក Poutine បាន​ជូនពរ​ឲ្យ​សម័យ​ប្រជុំ​លើក​ទី​៦០ នៃ​ការិយាល័យ​អឺរ៉ុប របស់ OMS ធ្វើ​ការងារ​ខ្លួន​បាន​យ៉ាង​ជោគជ័យ។

ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ការងារ​ខ្លួន សម័យ​ប្រជុំ​នេះ លើក​យក​ទៅ​ពិភាក្សា គឺ​បញ្ហា​ប្រកប​ដោយ​បច្ចុប្បន្នភាព​នៃ​វិស័យ​សុខាភិបាល ពី​ក្នុង​នោះ​ប្រធានបទ​ដ៏​ចំបង គឺ៖
“ អំពី​ភាព​ក្រីក្រ ដែល​ជា​ការ​គំរាម​ធំ​មែនទែន ដល់​សុខភាព​មនុស្ស“។

តាម​ទិន្នន័យ អង្គការ​សុខភាព​ពិភពលោក គម្លាត​នៃ​អាយុ​មធ្យម រវាង​បណ្តា​ប្រទេស​តំបន់​អឺរ៉ុប​របស់​អង្គការ​OMS គឺ​ដល់​ទៅ​២១​ឆ្នាំ​ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ