អានតួអត្ថបទ
រុស្ស៊ី

អគ្គិភ័យ​​ឆេះ​ព្រៃ​ដែល​លត់​ជិត​អស់​ទៅ​ហើយ​ ស្រាប់តែ​ឆេះ​វិញ​យ៉ាង​ខ្លាំង

លើក​នេះ​ឆេះ​នៅ​ខេត្ត Volgograd ចម្ងាយ​ប្រមាណ ៩០០​គ.ម.អគ្នេយ៍​ពី​រដ្ឋធានី​ម៉ូស្គូ ទាល់តែ​អាជ្ញាធរ​ខេត្ត​នោះ ប្រកាស​ភាពអាសន្ន​តែម្តង​ ក្រោយពី​វា​បាន​ផ្តាច់​ជីវិត​មនុស្ស​ដល់​ទៅ ៥​នាក់ និង​បាន​លេប​ត្របាក់​អាគារ​ប្លែកៗ អស់​ចំនួន​ជាង ៥០០ ពី​ក្នុង​នោះ ផ្ទះ​អ្នក​ស្រុក អស់ ៤៧៤​ខ្នង​ឯណោះ។ លោក​ប្រធានាធិបតី Medvedev បាន​ផ្ទុក​ផ្តាក់​ឲ្យ​ផ្តល់​ជំនួយ​ចាំបាច់ ជា​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ។

អ្នក​លត់​អគ្គីភ័យម្នាក់ខំប្រឹងពន្លត់ភ្លើងដែលឆាបឆេះនៅម៉ូស្គូ​កាល​ពីថ្ងៃទី ៥​សីហា​២០១០
អ្នក​លត់​អគ្គីភ័យម្នាក់ខំប្រឹងពន្លត់ភ្លើងដែលឆាបឆេះនៅម៉ូស្គូ​កាល​ពីថ្ងៃទី ៥​សីហា​២០១០ REUTERS/Mikhail Voskresensky
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​នៃ​អគ្គិភ័យ​ធម្មជាតិ​លើក​នេះ តាម​​សេចក្តី​សន្និដ្ឋាន​ធ្វើ​ដោយ​ក្រសួង​ខាង​ស្ថានការណ៍​អាសន្ន គឺ​មក​ពី​រសៀល​ម្សិលមិញ ខ្សែ​ពួរ​លួស​ដែល​នាំ​ចរន្តអគ្គិសនី​កម្លាំង​ភ្លើង​ជាច្រើន Kilovolt វា​ដាច់​ភឺសៗ ដោយ​ត្រូវ​ខ្យល់​បោកបក់​សែន​ខ្លាំង​រហូត​ដល់​ល្បឿន ៣០ម៉ែត្រ​ឯណោះ​ក្នុង ១​វិនាទី។ ពេល​ដាច់​នោះ​ វា​ខ្ទៀត​សាច​ចេញ​ជា​ផ្កា​ភ្លើង​រាប់​មិន​អស់ ហើយ​ទៅ​ប៉ះ ស្មៅ​ស្ងួត​ស្រាប់​នៅ​លើ​ដី ក្រោម​ចំហាយ​ធាតុអាកាស​ក្តៅ​ហួតហែង​អស់​យ៉ាង​យូរ​នៅ​ខេត្ត​នេះ ក៏​ដូច​ជា​នៅ​តាម​ខេត្ត​មួយ​ចំនួន​នៃ​ភូម៌ភាគ​ប៉ែក​ខាង​លិច​ប្រទេស​រុស្ស៊ី ហេតុ​ដែល​បណ្តាល​ឲ្យ​វា​ឆេះ​សព្វ​ទិស​​លត់​លែង​ទាន់។

ជា​តុល្យាការ គិត​​មក​ទល់​ព្រឹក​ថ្ងៃ​នេះ ភ្លើង​នោះ​បាន​ឆាប​ឆេះ លើ​ផ្ទៃ​ដី​ ២០០​ហិកតា ដោយ​ផ្តាច់​ជីវិត​មនុស្ស​អស់​ដល់ ៥​នាក់ និង​បំផ្លាញ​នៅ​តាម​ទី​ប្រជុំជន ២០​កន្លែង អស់​សំណង់​ចំនួន ៥៣២ ពី ក្នុង​នោះ ផ្ទះ​អ្នក​ស្រុក​អស់ ៤៧៤​ខ្នង បណ្តាល​ឲ្យ​ពលរដ្ឋ​ជិត ១.០០០​នាក់​បាត់បង់​លំនៅ​ខ្លួន។ សំរាប់​អ្នក​ស្រុក​អភ័ព្វ​ទាំង​នេះ មាន​បង្កើត​បាន​យ៉ាង​លឿន​ដូចចិត្ត ជា​ជំរំ ៩​កន្លែង ក្នុង​ឋានៈ ជា​ជំរក​បណ្តោះអាសន្ន​របស់​គេ ព្រម​ទាំង​ផ្គត់ផ្គង់​ឲ្យ​គេ មាន​អាហារ​ទទួលទាន​ជា​ប្រចាំ។

ស្របនឹង​ការ​ផ្ទុកផ្តាក់​នៃ​លោក​ប្រធានាធិបតី Medvedev តាំងពី​ព្រឹកមិញ​ទៅ​ហើយ លោក នាយក​រដ្ឋមន្ត្រី Poutine នាកិច្ច​ប្រជុំ​ឧទ្ទិស​ដល់​ស្ថានការណ៍​អាសន្ន​នោះ បាន​ប្រកាស​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​រំលែក​ចេញ​ពី​ថវិកា​ជាតិ​បន្ថែម​ទៀត នូវ​ទឹកប្រាក់ ១.០០០​លាន​រូប្ល ឬ ស្មើ​នឹង ៣២​លាន ៥​សែន​ដុល្លារ​អាមេរិក​ សំរាប់​យក​ទៅ សង់​លំនៅ​ថ្មី​ឲ្យ​អ្នក​ដែល​លែង​មាន​ដំបូល​ជ្រក បណ្តាល​មក​ពី​អគ្គិភ័យ យក​ទៅ​ជួយ​ប៉ះប៉ូវ​ថ្លៃ​ទ្រពសម្បត្តិ​ដែល​គេ​បាត់បង់​ទៅ​ក្នុង​អណ្តាតភ្លើង​វា និង​យក​ទៅ​សាង​សង់​ឡើង​វិញ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ត្រង់​កន្លែង​អាសន្ន​អន់ក្រ។

ភាពអាសន្ន​ដែល​ប្រកាស​នៅ​ខេត្ត Volgograd ស្ថិត​នៅ​មាត់​ទន្លេ Volga ក៏​ដោយ​មក​ពី​ក្នុង​ខេត្ត​នេះ មាន​ស្ថានីយ​អគ្គិសនី​បរមាណូ​ដំណើរការ។ ប៉ុន្តែ ក្រោយពី​មាន​អន្តរគមន៍​យ៉ាង​សកម្ម តាំង ពី​ព្រឹក​មិញ​មក​នៃ​យន្តហោះ​លត់ភ្លើង និង​ អ្នក​លត់ភ្លើង​នៅ​លើ​ដី​ផ្ទាល់​ដល់​ទៅ ១.៥០០​នាក់ គឺ មាន​ជំនះបាន​ទៅ​ហើយ លើ​អគ្គិភ័យ​ណា ដែល​ជា​គ្រោះថ្នាក់​ដល់​ទីប្រជុំជន។

ដោយ​មិន​គិត​តួលេខ​ថ្ងៃ​នេះ​សរុប​ទៅ​ក្នុង​រដូវ​ក្តៅ​ឆ្នាំ​នេះ នៅ​រុស្ស៊ី​មាន​ភ្លើង​ឆេះ​ព្រៃ​ចំនួន ៣​ម៉ឺន​កន្លែង នៅ​តាម ២២​ខេត្ត លើ​ផ្ទៃ​ក្រឡា​ជិត ១​លាន​ហិកតា ដោយ​កំទេច​ផ្ទះ​អ្នកស្រុក​អស់ ២.៥០០​ខ្នង និង​ពលរដ្ឋ ៥៣​នាក់​បាន​ធ្លាក់​ខ្លួន​ស្លាប់​ក្នុង​អណ្តាតភ្លើង​របស់​វា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ