អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​សាកប្រើផ្លូវសមុទ្ទ​ទឹកកក​នៅប៉ែក​ឧត្តរ​បំផុតសំរាប់​ដឹកប្រេងកាត​ទៅប្រទេសចិន​

ការ​សាក​ល្បង​នេះ​ប្រ​ព្រឹត្ត​ទៅ​គឺ​ក្នុង​បរិបទ​នៃ “​ឯកសារ​ជា​យុទ្ធ​សាស្ត្រ​ “ ​អនុម័ត​ដោយ​លោក​ប្រ​ធានាធិបតី​ Medvedev តាំងពី​ឆ្នាំ ២០០៨​ម៉្លេះ​ ដើម្បី​ទៅ​ទល់ឆ្នាំ ២០២០ ​ប្រែ​ប្រទេស​រុស្ស៊ី​ឲ្យ​ក្លាយ​ទៅជា “ មហា​អំណាច​នាំ​មុខ​គេ​ប្រចាំ​នៅតំបន់​អក្ខោសាន​ឧត្តរ​នោះ“។ទោះ​យ៉ាង​ណា​ក្តី ដោយ​យោង​ទៅ​លើ​អាកាស​ធាតុ​ក្នុង​លោក ​ដែល​ចេះ​តែឡើង​កំដៅ​គ្មាន​ឈប់ លុះ​ទាល់​តែ​ទៅ​ទល់​ឆ្នាំ២០៥០​អាច​ជំរុញ​ឲ្យ​ផ្ទាំង​ទឹក​កកនៅ​អក្ខោសាន​ ឧត្តរ​រលាយ​អស់​រលីង​ហេតុ​ដែល​នឹង​ប្រែ​ផ្លូវ​សមុទ្ទ​ថ្មីនេះ​ទៅជា​ផ្លូវ​ អន្តរជាតិ​កាត់​តាម​បណ្តោយ​ឆ្នេរ​ប្រទេស​រុស្ស៊ី​តែម្តង។ 

មហាសមុទ្រ​​ Arctique នៅ​ pôle ខាងជើង​នៃ​ភពផែនដី
មហាសមុទ្រ​​ Arctique នៅ​ pôle ខាងជើង​នៃ​ភពផែនដី © AFP
ផ្សាយពាណិជ្ជកម្ម

02:44

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

កែវ ឆាយា

សាច់រឿង​គឺ​ថា​ ទើប​ម្សិល​មិញដែល​ជា​លើក​ទី១ ​ទូរទស្សន៍​ជាតិរុស្ស៊ី ​បញ្ចាំង​ឲ្យឃើញ​នាវា​បំបែក​ទឹកកក​ពីរគ្រឿង​ដើរ​ដោយ​ថាមពល​បរមាណូ​ បើក​តាម​បណ្តោយ​ឆ្នេរប៉ែក​ខាង​ជើង​បង្អស់​នៃ​ប្រទេស​រុស្ស៊ី ដោយ​បំបែក​ផ្ទាំង​ទឹកកក​ជាបណ្តើរៗ​៖ ​មួយ​វែកផ្លូវ​ខាង​ស្តាំ ​មួយទៀត​វែក​ផ្លូវ​ខាង​ឆ្វេង​ បង្កើត​ជា​ប្រឡោះ​ទឹក​គ្រប់គ្រាន់​ រាប់ការ​បើក​បរ​ នៃ​នាវា​ឈ្មោះ ​Baltika ​ដែល​បើក​នៅ​ពី​ក្រោយ​ ទាំង​ផ្ទុក​ទៅ​ដោយ​ប្រេង​កាត​ឆៅ​យក​ទៅ​ផ្តល់​ឲ្យ​ប្រ​ទេស​ចិន។​ តាម​ពិត​ក្បួន​នាវា​នេះ​បាន​ចេញ​ដំណើរ​ពីផែ​ Mourmansk​ នៅឯ​ឆ្នេរ​ពាយ័ព្យ​ប្រទេស​រុស្ស៊ី ​តាំង​ពី​១០ថ្ងៃ​មុន​ម៉្លេះ​។

 
គោល​ដៅ​នៃ​ការ​សាក​ល្បង​បើក​បរ​នេះ​ គឺ​ដើម្បី​វែក​ញែក​បំភ្លឺ ​៖ ទី១ តើផ្លូវ​សមុទ្ទ​ទឹក​កក​នេះ​ដែល​នៅកន្លែង​ខ្លះ​មាន​ជំរៅ​មិន​ជ្រៅ​ទេ ហើយ​ដែល​ក្រោយ​ពីចប់​ទៅរដូវក្តៅ​ នឹង​រឹប​ទៅ​ដោយ​ ផ្ទាំង​ទឺកកក​ម្រាស់ជា​ច្រើន​ម៉ែត្រ​ឯណោះ​ អាច​នឹង​ត្រូវ​ប្រើ​ឬ​ទេ​ជា​ផ្លូវសំរាប់​ដឹក​ប្រេង​កាត​រុស្ស៊ី​ជារឿយៗ​ទៅ​លក់​ឲ្យ ​បណ្តា​ប្រទេស​ អាស៊ី​បូព៌ា​និង​អាស៊ី​អគ្នេយ៍​ ដែល​ត្រូវ​ការ​ឥន្ធនៈ ​នេះ​កាន់​តែ​ច្រើន​ឡើងៗ​ សំរាប់​ការ​លូត​លាស់​នៃ​សេដ្ឋកិច្ច​ជាតិ​ខ្លួន។ ​ទី២ តើ​បញ្ហា​សុវត្ថិភាព​អាច​ធានាបាន​ត្រឹម​កំរិត​ណា​ដែរ?​ ប៉ុន្តែ​ទី៣ ​ការ​ប្រើផ្លូវ​នេះ ដែល​មាន​ប្រវែង​តែ​១៣.០០០គ.ម.​ គឺ​ពិត​ជា​ចំណេញ​ជាង​ប្រើ​ផ្លូវ​ដែល​កុងតាម​ព្រែក​ជីក Suez​ រួច​មាន​ប្រវែង​ដល់​ទៅ​២២.០០០គម. ឯណោះ ​ទំរាំ​ទៅដល់​ប្រទេស​ចិន។

ទោះ​យ៉ាង​ណា​ក្តី ដោយ​យោង​ទៅ​លើ​អាកាស​ធាតុ​ក្នុង​លោក ​ដែល​ចេះ​តែឡើង​កំដៅ​គ្មាន​ឈប់ លុះ​ទាល់​តែ​ទៅ​ទល់​ឆ្នាំ២០៥០​អាច​ជំរុញ​ឲ្យ​ផ្ទាំង​ទឹក​កកនៅ​អក្ខោសាន​ឧត្តរ​រលាយ​អស់​រលីង​ហេតុ​ដែល​នឹង​ប្រែ​ផ្លូវ​សមុទ្ទ​ថ្មីនេះ​ទៅជា​ផ្លូវ​អន្តរជាតិ​កាត់​តាម​បណ្តោយ​ឆ្នេរ​ប្រទេស​រុស្ស៊ី​តែម្តង។​ ក្នុង​ខណៈ​នោះ​រុស្ស៊ី​នឹង​ទទួល​សិទ្ធិ​ហូត​ពន្ធ​ពី​ក្រុម​ហ៊ុន​នាវា​ចរណ៍​បរទេស​ណា​ដែល​នឹង​ប្រើ​ផ្លូវ​នេះ​ដូច​ដែល​មក​ទល់​ឥឡូវ​រុស្ស៊ី​តែង​ហូតពន្ធ​បែប​នេះ ​ពីក្រុម​ហ៊ុន​អាកាសចរណ៍​បរទេស​ណា ដែល​យន្តហោះ​គេ​បើក​ឆ្លង​កាត់​តំបន់​ Siberie ​របស់​រុស្ស៊ី​ អ៊ីចឹង។

គួរនិយាយ​ថា​ ក្នុង​បរិបទនៃ “ ​ឯកសារ​ជា​យុទ្ធ​សាស្ត្រ​ “ អនុម័ត​យក​ដោយ​លោក​ប្រ​ធានាធិបតី ​Medvedev ​ចំពោះ​តំបន់​អក្ខោសាន​ឧត្តរ ក៏មាន​ទាំង​ការវាទ​ដែនដី​ប្រទេស​រុស្ស៊ី​ផងដែរ។ ​យ៉ាង​ណាមិញ​ក្នុង​ឆ្នាំ២០០៧​ពួក​អ្នក​ប្រាជ្ញ​រុស្ស៊ី​បានមុជ​ទៅ​ជំរៅ​៤.០០០ម៉ែត្រ​ទៅ​ដោត​ទង់ជាតិ​រុស្ស៊ី​នៅឯ​បាត​សមុទ្ទ​ត្រង់​ចំណុច​អក្ខោសាន​ឧត្តរនោះ​ ហើយ​ប្រកាស​វាជា​ដី​របស់​រុស្ស៊ី​តែម្តង​ដោយ​ ធាតុ​ផ្សំនៃ​ដីនេះ​គឺ​វាដូច​គ្នានឹង​ធាតុ​ផ្សំនៃដី​តំបន់​ស៊ីបេរី​បាន​ន័យ​ថា ​វា​លយ​ចេញ​ពី​ តំបន់​នេះ​ឯង​របស់​រុស្ស៊ី។​ ដោយហេតុ​ថា​អក្ខោសាន​ឧត្តរ​ជាកំណប់​ប្រេងកាត​ដល់​ទៅ​១៣%​និង​ជា​កំណប់​ឧស្ម័ន​ដល់ទៅ​៣០%​នៃ​ភពផែនដី​បាន​ជា​ទន្ទឹម​និង​រុស្ស៊ី​ក៏មាន​ប្រទេស​ឯទៀត​នៃ​តំបន់​នោះ​ បែប​យ៉ាង ​ស.រ.អា.​ កាណាដា ​ដាណឺម៉ាក​ ន័រវ៉ែហ្សឺ៍​​ ប្រជែង​គ្នា​ច​ង់បាន​ដែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ