អានតួអត្ថបទ
រុស្ស៊ី

លើក​នេះ ​គឺ​រោងចក្រ​ខាង​ស្តុក​ធាតុ​នុយក្លេអ៊ែរ​ ដែល​គំរាម​ដោយ​អគ្គិភ័យ​​​

នេះ​គឺ​ក្រោយពី​មាន​បង្ក្រាប​បាន​អគ្គិភ័យ ដែល​បាន​គំរាម​លើ មជ្ឈមណ្ឌល​នុយក្លេអ៊ែ ២​កន្លែង​ផ្សេង៖ មួយ​ឈ្មោះ Sarov ក្នុង​ខេត្ត Mordovia នៅ​ចម្ងាយ​ប្រមាណ ៥០០គ.ម.អាគ្នេយ៍​ពី​ម៉ូស្គូ និង មួយ​ទៀត ឈ្មោះ Snejinsk នៅ​ខេត្ត Tcheliabinsk តំបន់​ភ្នំ Oural ចម្ងាយ ម្តុំ ២០០០គ.ម. ខាងកើត​ពី​រដ្ឋធានី​ម៉ូស្គូ។

អ្នករស់នៅ​ម៉ូស្គូ​ពាក់ ម៉ាស់​ការពារ​ផ្សែងពុល
អ្នករស់នៅ​ម៉ូស្គូ​ពាក់ ម៉ាស់​ការពារ​ផ្សែងពុល REUTERS/Alexander Demianchuk
ផ្សាយពាណិជ្ជកម្ម
02:36

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពី ម៉ូស្គូ

រោងចក្រ​ខាង​ស្តុក និង សម្រិត​សម្រាំង​ឡើង​វិញ កាក​សំណល់​ធាតុ​នុយក្លេអ៊ែរ ដែល លើក​នេះ គំរាម​ដោយ​អគ្គិភ័យ មាន​ឈ្មោះ​ថា Mayak។ វា​ស្ថិត​នៅ​ជាយ​ក្រុង Ozersk ក្នុង​ខេត្ត Tcheliabinsk ផង​ដែរ ដូច្នេះ​គឺ​នៅ​ចម្ងាយ​ប្រមាណ ២.០០០ឝ.ម. ខាង​កើត​ពី​ម៉ូស្គូ។ ប្រការ គួរឲ្យ កត់​សំគាល់​គឺ​ថា បើ​មក​ទល់​ឥឡូវ អណ្តាត​ភ្លើង​អគ្គិភ័យ បាន​ឆាបឆេះ តែ​នៅ​ខាង​ភូមិ​​ភាគ​អឺរ៉ុប នៃ​ប្រទេស​រុស្ស៊ី រួច​ឥឡូវ ការ​ដែល​វា​ឆេះ​រាលដាល​ដល់​ខេត្ត Tcheliabinsk ដែល​ស្ថិត​នៅ តំបន់​ភ្នំ Oural គឺ​មាន​ន័យ​ថា វា​ឆ្លង​ដល់​ខ្សែ​បន្ទាត់​ដែល​ខ័ណ្ឌ​ភាគ​អឺរ៉ុប ពី ភាគ​អាស៊ី​របស់​ទឹកដី រុស្ស៊ី​ដ៏​សែន​ល្វឹងល្វើយ ពី​លិច​ទៅ​កើត​លាត​សន្ធឹង​ដល់​ប្រវែង ១០.០០០​គ.ម.ឯណោះ។ ស​ឲ្យ ឃើញ​ពី​គ្រោះថ្នាក់​នេះ គឺ​ភាព​អាសន្ន​ប្រកាស​ដោយ​អភិបាល​ខេត្ត Tcheliabinsk​តែ​ម្តង។

ប្រកាស នេះ គឺស្រប​នឹង​បទបញ្ជា​ចេញ​កាលពី​ថ្ងៃ ៥​សីហា​កន្លង​ទៅ​ដោយ​លោក​ប្រធានាធិបតី Medvedev​ដែល​តម្រូវ ឲ្យ​ក្តោបក្តាប់​នៅ​ក្រោម​ការការពារ​យ៉ាង​កក់ក្តៅ រាល់តែ​សំណង់​ដែល​មាន​ន័យ យុទ្ធសាស្ត្រ បែបយ៉ាង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ និង សំណង់​យោធា។ គឺ​ថ្ងៃ​នេះ​តែ​ម្តង ដែល បញ្ហា ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​លើ​រោងចក្រ Mayak ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ជា​បន្ទាន់។ តាំងពី​ខែ​កក្កដា​មក អគ្គិភ័យ​បាន​កំទេច​ព្រៃឈើ​អស់ រាប់​សែន​ហិកតារ​​ទៅ​ហើយ។

ចំណែក​ផ្សែង​មាន​ធាតុពុល Oxyde de carbone បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​នោះ បូក​ផ្សំ​ជាមួយ​ធាតុ​អាកាស​ក្តៅ​ហួតហែង សឹង​ទ្រាំ​មិន​បាន​គ្មាន​រយាល​សោះ​បាន​ញ៉ាំង​ឲ្យ​អត្រា​មរណៈ​នៅ រដ្ឋធានីម៉ូស្គូ កើន​ឡើង​សឹង​ពីរ​ដង។ តាម​តួលេខ​នៃ Departement សុខភាព​ក្រុង​ម៉ូស្គូ ៖ បើ​តាម​ធម្មតា នៅ​ម៉ូស្គូ​ក្នុង​មួយ​ថ្ងៃៗ មាន​មនុស្ស​ទទួល​អនិច្ចកម្ម​ពី ៣៦០ ដល់ ៣៨០​នាក់​នោះ​នាពេល​ចុង​ក្រោយ តួលេខ​ស្លាប់​នេះ ស្ទុះ​ដល់ ៧០០​នាក់​ឯណោះ​ក្នុង ១​ថ្ងៃ។ ប៉ុន្តែ ក្រសួង​សុខាភិបាល​រុស្ស៊ី គ្មាន​ជំនឿ​លើ​តួលេខ​នេះទេ ហើយ​ទាមទារ​ពី Departement ក្រុង​ម៉ូស្គូ​នោះ​ឲ្យ​ពន្យល់​បំភ្លឺ តើ​គេ​បាន​តួលេខ​នេះ​ពី​ប្រភព​ណា​មក ដ្បិត​តួលេខ​បែបនេះ​សំរាប់​ខែ​កក្កដា​កន្លង ទៅ នឹង​មាន​ចេញ​លុះក្រោយ​ពី​ថ្ងៃ ២០​សីហា​ទេ​តើ។
 

ប្រាកដ​ណាស់ ដែល​អគ្គិភ័យ​ដ៏​សែន​សាហាវ​លើក​នេះ នាំ​ជា​ការ​ខូចខាត​យ៉ាង​ធ្ងន់ ដល់​សេដ្ឋកិច្ច រុស្ស៊ី។ យោង​ទៅ​លើ​ការ​បូក​គុណ​ឃើញ​ត្រួសៗ​ជាមុន នៃ​ពួក​អ្នក​ជំនាញការ កាសែត​មជ្ឈដ្ឋាន Business រុស្ស៊ី គឺ​កាសែត Kommersant លេខ​ថ្ងៃ​នេះ ចុះ​ផ្សាយ​ថា ការ​ខូចខាត​នេះ​គឺ​ក្នុង​ទំហំ ១៥.០០០​លាន​ដុល្លារ​អាមេរិក ឫ​ស្មើ​នឹង ១% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ហៅ​ថា GDP របស់​រុស្ស៊ី សំរាប់​ឆ្នាំ ២០១០នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ