អានតួអត្ថបទ
រុស្ស៊ី

លោកនាយករដ្ឋមន្ត្រី​ Poutine​ បានទទួល​ជួប​អតីត​ចារបុរស​និង​ចារនារី​រុស្ស៊ី១០នាក់​

គេ​ទាំងនោះ​កាលពី​ថ្ងៃ​៩កក្កដា​បាន ​ត្រូវ​បញ្ជូន​ចេញ​ពី​ស.រ.អា. ​មក​ប្រទេស​រុស្ស៊ី​វិញ​ ជា​ការ​ដោះ​ដូរ​គ្នា​នឹង​ជាតិ​រុស្ស៊ី​៤នាក់​ដែល​បាន​លួច​យកការណ៍​ឲ្យ​ អាមេរិក​និង​អង់គ្លេស​ហើយ​ក៏បាន​ត្រូវ​បញ្ជូន​ចេញ​ពី​រុស្ស៊ី​ក្នងថ្ងៃ​នោះ​ ដែរ​ ហេតុ​ដែល​បាន​ខ័ណ្ឌ​បញ្ចប់​ទៅ​រឿង​”អាស្រូវ​ ចារកម្ម ​“​រវាង​រុស្ស៊ី​និង​អាមេរិក​ពេល​ថ្មីៗ។​ ក្នុង​ជំនួប​នោះ ​លោក ​Poutine ដែល​សម័យ​សូវៀត​ធ្លាប់បាន​បំ​រើ​ការ​​ជាភ្នាក់ងារ​ក្រសួង​សន្តិសុខ​ហៅថា​ KGB​បានសន្យាធានា​ឲ្យ​ជន​រួម​ឈាម​ទាំង​១០នាក់​នោះ​មានការងារធ្វើយ៉ាងស័ក្តិសមវិញ។ 

លោក​វ៉្លាឌីមៀរ ពូទីន (Vladimir Poutine) នាយករដ្ឋមន្រ្តី​រុស្ស៊ី
លោក​វ៉្លាឌីមៀរ ពូទីន (Vladimir Poutine) នាយករដ្ឋមន្រ្តី​រុស្ស៊ី ©Reuters
ផ្សាយពាណិជ្ជកម្ម

02:25

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

កែវ ឆាយា

ជាបឋម​គួរ​រំលឹក​ថា ​ក្នុង​ចំណោម​១០នាក់​នោះ​មាន​ប្រុស​៥នាក់ ​ស្រី​៥នាក់។ ​ថ្ងៃ​២៧​មិថុនា​ពួក​គេ​បាន​ត្រូវ​អាជ្ញាធរ​អាមេរិក​ចាប់​ខ្លួន​នៅ​តាម​រដ្ឋ​ប្លែកៗ​នៃ​សហរដ្ឋ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​លួច​យក​ការណ៍​ដោយ​ខុសច្បាប់​នៅ​លើ​ដែនដី​អាមេរិក​សំរាប់​ជា​ប្រយោជន៍​ប្រទេស​រុស្ស៊ី។ ​ហើយ​ពីក្នុង​នោះ​៩នាក់​ថែម​ទាំង​ជាប់ចោទ​ក្នុង​អំពើ​លាង​លុយ​កខ្វក់​ទៅផង។

 
ក្រោយពី​សមត្ថកិច្ច​អាមេរិក​វែកញែក​បំភ្លឺ​ទៅ​ឃើញ​ថា ​ក្នុង​១០នាក់​នោះ​មានតែ​៣នាក់​ប៉ុណ្ណោះ​ដែល​បាន​ធ្វើការ​និង​រស់នៅ ​នៅ​ស.រ.អា​​ក្រោម​ឈ្មោះ​ពិត​របស់​ខ្លួន​មែន។​ ចំណែក​៧នាក់​ទៀត​បាន​កាន់​អត្តសញ្ញាណប័ណ្ណ​ក្លែង​ក្លាយ​ប្តូរ​ទាំង​ឈ្មោះខ្លួន​ទៅផង។​ ក្នុង​ជំនួប​កន្លង​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ​Poutine​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ​គឺតាំង​ពី​ឆ្នាំ ​២០០០​ម៉្លេះ ​ដែល​ប៉ូលីស​អង្កេត​អាមេរិក​ FBI ​ បាន​ចាប់​ផ្តើម​តាមដាន​អំពី​សកម្ម​ភាព​ចារកិច្ច​ជាតិ​រុស្ស៊ី​ទាំង​១០នាក់​នោះ។
 
មូល​ហេតុ​មកពី​មាន​អំពើ​ក្បត់​ពីខាង​អតីត​ចារបុរស​រុស្ស៊ី​ម្នាក់​ដែល​នាខែ​តុលា​ ឆ្នាំ២០០០​នោះ បាន​រត់​ទៅ​សុំជំរក​ជ្រកកោណ​នៅ​ស.រ.អា​ ហើយ​ក៏លួច​ឲ្យការណ៍​ទៅ​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​អំពី​សកម្មភាព​ជន​១០នាក់​នោះ។ បុរស​ក្បត់​នោះ​តាម​ការ​ចុះផ្សាយ​ឲ្យ​ដឹង​នៃ​កាសែត​អាមេរិក​មាន​ឈ្មោះថា​Serguei ​Tretyakov ​ដែលកាល​ពី​ថ្ងៃ​ ១៣​មិថុនា​ ឆ្នាំ​ ២០១០​នេះ បាន​ទទួល​មរណភាព​ទៅ​ហើយ​ក្នុង​ជន្មាយុ​៥៣ឆ្នាំ។​ ដោយ​ដំណាល​រឿង​នេះ​លោក​Poutine ​សង្កត់​ធ្ងន់​ថា ​តាម​ធម្មតា​វាសនា​ជាតិ​រុស្ស៊ី​ដែល​ខំ​លួច​យក​ការណ៍​បំរើ​មាតុ​ប្រទេស​ខ្លួន​គឺ​មិនមែន​ងាយ​ស្រួល​ទេ។​យ៉ាង​ណាមិញ​គេ​ត្រូវ​ចេះ​ភាសា​រអិល​ដូច​ភាសា​កំណើត​ខំ​បំពេញ​រៀងរាល់​ថ្ងៃ​ភារកិច្ច​ដែល​មាតុប្រទេស​ផ្ទុក​ផ្តាក់​លើរូប​គេ​ដោយ​កុំ​ឲ្យ​អ្នក​ជិតខាង​ចាប់​អារម្មណ៍​ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​ទាំង​បង្កើត​ជា​គ្រោះថ្នាក់​ដល់​សាច់​ញាតិ​ដែល​មិន​ដឹង​ខ្លួន​សោះ។
 
យោង​លើ​អនុសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​Poutine​អតីត​ចារ​បុរស ចារនារី​រុស្ស៊ី​១០នាក់​នោះ​នឹង​ត្រូវ​ទទួល​ឲ្យ​ចូល​ធ្វើការ​នៅតាម​ក្រុម​ហ៊ុន​វិនិយោគ​ក្រុមហ៊ុន​សំណង់​ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដ្បិត​សំរាប់​និយោជក​ ការ​ដែល​មាន​និយោជិត​បែបនេះ​ធ្វើការ​ឲ្យខ្លួន​ គឺ​ជាការ​ងាយ​ស្រួល​ ក្នុង រឿង​ធ្វើ​កិច្ចចរ​ចរចា​ជាមួយ​ស្ថាប័ន​រដ្ឋ​អំណាច។ ​តាម​ដែល​កាសែត​ឈ្មោះ ​Troud ​របស់​សហជីព​ រុស្ស៊ី​ចុះផ្សាយ​និយោជិត​ប្រភេទ​នេះ នឹង​ទទួល​ប្រាក់ខែ​ជាមធ្យម​គឺ​ពី ​៥ពាន់​ទៅ​ ៧ពាន់​ដុល្លារ​ អាមេរិក​ក្នុង​១ខែ៕
 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ