អានតួអត្ថបទ
រុស្ស៊ី

លោក​ប្រធានាធិបតី Medvedev ផ្តល់​អនុសាសន៍​ដល់​ពួក​អ្នក​ការទូត​រុស្ស៊ី

អនុសាសន៍​នេះ ទើប​មាន​បន្លឺ​ឡើង នា​សម័យ​ប្រជុំ ថ្ងៃ​១២​និង​១៣​កក្កដា​នៅ រដ្ឋធានី​ម៉ូស្គូ ក្នុង​ក្រសួង​ការបរទេស​រុស្ស៊ី ដែល​ចូលរួម​ដោយ​គ្រប់​តែ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​នៅ​បរទេស ហើយ​ដែល​ឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​បាវចនា​ថា ៖ “ ការពារ​ផលប្រយោជន៍​ជាតិ និង​ជំរុញ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដល់​ទំនើបកម្ម​ប្រទេស​រុស្ស៊ី”។

លោក​ប្រធានាធិបតិ​រុស្ស៊ី មេវេឌេហ្វ និង​រដ្ឋមន្ត្រី​ការបរទេស ធ្វើ​​គារវកិច្ច​ទទួល​ឯកអគ្គរដ្ឋទូត​រុស្ស៊ី
លោក​ប្រធានាធិបតិ​រុស្ស៊ី មេវេឌេហ្វ និង​រដ្ឋមន្ត្រី​ការបរទេស ធ្វើ​​គារវកិច្ច​ទទួល​ឯកអគ្គរដ្ឋទូត​រុស្ស៊ី © Reuters
ផ្សាយពាណិជ្ជកម្ម

02:46

សេចក្តី​រាយការណ៍​របស់ កែវ​ ឆាយា

ជា​បឋម​គួរ​និយាយ​ថា សហព័ន្ធ​រុស្ស៊ី បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ការទូត ជាមួយ​នឹង​១៩១​ប្រទេស ដែល​ពី​ក្នុង​នោះ មាន​ស្ថានទូត​ផ្ទាល់​តែម្តង​ប្រចាំ​នៅ​តាម​១៤៤​ប្រទេស។ ជាមួយ​កម្ពុជា រុស្ស៊ី​បាន​តាំង​ទំនាក់ទំនង​ការទូត គឺ​តាំង​ពី​ខែ​ឧសភា​ឆ្នាំ ១៩៥៦​មក។ ប៉ុន្តែ នៅ​ក្នុង​លោក គឺ​តែ​ជាមួយ​៤​ប្រទេស​ប៉ុណ្ណោះ ដែល​រុស្ស៊ី​គ្មាន​ទំនាក់ទំនង​ការទូត​ទេ បែប​យ៉ាង​ជាមួយ​ប្រទេស​Georgie ជាដើម។

រីឯ​សម័យ​ប្រជុំ​នៃ​ពួក​មេ​ការទូត​រុស្ស៊ី​ដែល​មក​ជួប​ជុំ​គ្នា​នៅ​ម៉ូស្គូ​លើក​នេះ គឺ​ជា​លើក​ទី​៥​ហើយ។ ក្នុង​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី វា​ប្រព្រឹត្ត​ទៅ​ពីរ​ឆ្នាំ​ម្តង គិត​ពី​ឆ្នាំ​២០០២​មក។ សំរាប់​លោក Medvedev ដែល​បាន​ឡើង​ជា​ប្រធានាធិបតី​រុស្ស៊ី តាំង​ពី​ឆ្នាំ​២០០៨​មក លើក​នេះ ជា​លើក​ទី​២ ដែល​គាត់​បាន​អញ្ជើញ​ទៅ​ថ្លែង​អនុសាសន៍​ណែនាំ តើ​មុខ​ព្រួញ​បែប​ណា​ដែល​គេ​ត្រូវ​ប្រកាន់​យក ក្នុង​បេសកកម្ម​ការទូត​របស់​គេ តំណាង​ឲ្យ​ប្រទេស​រុស្ស៊ី។

អ្វី​ដែល​គេ​អាច​កត់​សំគាល់ បើ​២​ឆ្នាំ​មុន​លោក Medvedev បាន​ថ្លែង​ថា ប្រទេស​រុស្ស៊ី​មាន​ជំហរ​រឹង​មាំ​ទៅ​ហើយ​ក្នុង​លោក នោះ​ក្នុង​សន្ទរកថា​លើក​នេះ គាត់​សង្កត់​ធ្ងន់​ថា ត្រូវ​ចេះ​ប្រើ​ឧបករណ៍​នៃ​នយោបាយ​ក្រៅ​ប្រទេស សំរាប់​បំរើ​ដល់​ជោគជ័យ​នៃ​នយោបាយ​សេដ្ឋកិច្ច​ផ្ទៃ​ក្នុង​ប្រទេស។ លោក Medvedev បាន​ចោទ​ជា​ភារកិច្ច​៣​នៅ​ពី​មុខ​ពួក​អ្នក​ការទូត​រុស្ស៊ី គឺ​ថា ៖ ទី១- ធ្វើ​ទំនើបកម្ម​ដល់​សេដ្ឋកិច្ច និង​ផលិតកម្ម ក្នុង​ប្រទេស។ ទី២- ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​រុស្ស៊ី និង​កសាង​ឲ្យ​បាន​ជា​សង្គម​ស៊ីវិល​ក្នុង​ប្រទេស។ ទី៣- ប្រយុទ្ធ​នឹង​អង្គការ​ឧក្រិដ្ឋ​អន្តរជាតិ បែប​យ៉ាង​ខាង​ភេរវកម្ម និង​ចរាចរណ៍​គ្រឿង​ញៀន​ ដែល​ជា​បញ្ហា​រួម​របស់​សហគមន៍​ពិភពលោក​លើ​ឆាក​អន្តរជាតិ។

នៅ​លើ​ផ្លូវ​ធ្វើ​ទំនើបកម្ម​ប្រទេស​រុស្ស៊ី លោក Medvedev ទូន្មាន​ពួក​អ្នក​ការទូត​រុស្ស៊ី ឲ្យ​ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប និង​ស.រ.អា។ ហើយ​ក្នុង​ករណី សហភាព​អឺរ៉ុប ជាបឋម​គឺ​ជាមួយ​ប្រទេស​អាល្លឺម៉ង់ បារាំង អ៊ីតាលី ដែល​សុទ្ធ​តែ​ដក់​ជាប់​ដោយ​សក្តានុពល​បច្ចេកវិជ្ជា​ឈាន​មុខ​កំរិត​ខ្ពស់​ សំរាប់​ជួយ​បាន​យ៉ាង​ច្រើន​មែន​ទែន​ដល់​ការ​អភិវឌ្ឍន៍​បច្ចេកវិជ្ជា​បែប​នេះ​នៅ​រុស្ស៊ី លុះ​ទាល់​តែ​នៅ​ទី​បំផុត ជួយ​ឲ្យ​ផលិតផល​បច្ចេកវិជ្ជា​របស់​រុស្ស៊ី ទទួល​ច្រក​ចេញ​ទៅ​លើ​ទីផ្សារ​តំបន់​ក៍​ដូច​ជា​ទីផ្សារ​ពិភពលោក។

ចំណែក​បណ្តា​ប្រទេស​នៃ​អតីត​សហភាព​សូវៀត ដែល​តែង​ត្រូវ​បាន​ចាត់ទុក ជា​ដៃ​គូ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី លើក​នេះ​បាន​ត្រូវ​លោក Medvedev​រំលឹក គឺ​ក្រោយ​ពី​មហាប្រទេស​ចិន ជប៉ុន បណ្តា​ប្រទេស​អាស៊ី​-​ប៉ាស៊ិហ្វិក APEC បណ្តា​រដ្ឋ​អាស៊ី​អាគ្នេយ៍ ASEAN​ ទេ​តើ។ លោក Medvedev ព្រមាន​ថា​អ្នក​ការទូត​ណា ដែល​ចេះ​បំពេញ​អនុសាសន៍​គាត់​ឲ្យ​ចេញ​ជា​ផ្លែផ្កា​ គឺ​នឹង​ទទួល​រង្វាន់ ហើយ​នរណា​ដែល​រាយមាយ​ចំពោះ​ការ​ផ្ទុក​ផ្តាក់​របស់​គាត់​គឺ​អាច​បាត់បង់​រហូត​ដល់​មុខ​តំណែង​ខ្លួន​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ