អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​ដាក់​ទិស​ពង្រឹង​ជំហរ​ខ្លួន នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក

លោក​ប្រធានាធិបតីរុស្ស៊ី Medvedev បាន​ទៅ​ក្រុង Khabarovsk តំបន់​ចុងបូព៌ា​រុស្ស៊ី ដែល​ស្ថិតនៅ​ចម្ងាយ ៦.២០០គ.ម. ខាង កើត​រដ្ឋធានី​ម៉ូស្គូ ដើម្បី​តាមដាន​ដោយ​ផ្ទាល់ភ្នែក អំពី សមយុទ្ធ​ឈ្មោះ “ បូព៌ា​ឆ្នាំ​២០១០ “។ ក្នុង​កិច្ច​ប្រជុំនោះ លោក Medvedev​បាន​ផ្ទុកផ្តាក់ រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​ទៅ​ដល់​ចុងឆ្នាំ​នេះ តាក់តែង​ឲ្យ​បាន​ជា “កម្មវិធី​នៃ​សកម្មភាព” ឆ្ពោះ​ទៅ​ពង្រឹង​ទីតាំង​របស់​រុស្ស៊ី នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

ប្រធានាធិបតី​រុស្ស៊ី​Dmitry Medvedev (ស្តាំ)ដើរ​មើល​ស្បែក​ជើង​ផលិត​ដោយ​ក្រុម​អាជីវករ​នៅ ភាគ​បូព៌ា​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ទី ២កក្កដា ២០១០
ប្រធានាធិបតី​រុស្ស៊ី​Dmitry Medvedev (ស្តាំ)ដើរ​មើល​ស្បែក​ជើង​ផលិត​ដោយ​ក្រុម​អាជីវករ​នៅ ភាគ​បូព៌ា​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ទី ២កក្កដា ២០១០ ©reuters
ផ្សាយពាណិជ្ជកម្ម

02:28

សេចក្តី​រាយការណ៍​របស់​កែវ ឆាយា ពី​ទីក្រុង​ម៉ូស្គូ

កែវ ឆាយា

ជា​បឋម គួរ​និយាយ​ថា ២​ឆ្នាំ​ទៀត រុស្ស៊ី​នឹង​ក្លាយ​ជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​កំពូល​APEC ឆ្នាំ​២០១២​ដែល​រៀបចំ​ឡើង​នៅ​តំបន់​ចុង​បូព៌ា​ប្រទេស។ ក្នុង​ន័យ​នេះ លោក​ Medvedev ចោទ ជា​ភារកិច្ច​គន្លឹះ ៣ សំរាប់​អភិវឌ្ឍ​តំបន់​ចុង​បូព៌ា​រុស្ស៊ី៖
ទី១- គឺ​លើក​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​តំបន់​នេះ និង​ប្រទេស​រុស្ស៊ី​ទាំង​មូល ជាមួយ​គ្រប់​តែ ២១​ប្រទេស​សមាជិក APEC​ឲ្យ​បាន​កាន់​តែខ្ពស់។

ទី២-ប្រើ​សម្បត្តិ​ថាមពល​របស់​រុស្ស៊ី​ដើម្បី​បំពេញ​ដល់​តម្រូវការ​ទីផ្សារ​អាស៊ី-ប៉ាស៊ីហ្វិក ជា​ថ្នូរ​នឹង ការទទួល​បច្ចេកវិទ្យា​ឈាន​មុខ​ហៅថា High Tech សំរាប់​បង្កើន​ថែម​ទៀត​ឃ្លាំង​High Tech របស់​រុស្ស៊ី ដូចជា ផ្នែក​សាងសង់​យន្តហោះ និង​យាន​អវកាស។ បន្ថែម​លើនេះ រុស្ស៊ី​ត្រៀម​ផ្តល់ ត ទៅទៀត នូវ​សេវា​ផ្នែក​អវកាស​សំរាប់​បណ្តា​ប្រទេស​នៃ​តំបន់។

ទី៣- ចាំបាច់​ត្រូវ​តែ​ពង្រឹង​តួនាទី​របស់​រុស្ស៊ី​ក្នុង​អង្គការ​នានា​នៃ​តំបន់ ពោល​គឺ APEC​ផ្ទាល់ អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ ហៅ​ថា OCS សមាគមន៍​រដ្ឋ​អាស៊ី​អាគ្នេយ៍ ASEAN និង​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​លឿន ហៅ​ថា BRIC ដែលរួម​មាន ប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន។

ប្រមុខរដ្ឋ​រុស្ស៊ី​កត់​សំគាល់​ថា ជាទូទៅ ទោះបី​មាន​វិបត្តិ​ក្តី ក៏​រុស្ស៊ី​នៅ​រក្សាទុក​ទីតាំង​ខ្លួន​ដដែល ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ដោយ​មាន​ជា​ឧទាហរណ៍ គឺ​ទ្រនិចលេខ​ដ៏​សំខាន់ ខាង​ទំហំ​ផ្តោះប្តូរ ពាណិជ្ជកម្ម។ ឧទាហរណ៍​ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​ជាមួយ​ចិន និង​ម៉ុងហ្គោលី បាន​កើន​ឡើង ជាង ៥០%ឯណោះ។

ករណី​ASEAN រុស្ស៊ី​យក​ចិត្តទុកដាក់​ពិសេស​ទៅ​លើ​ការពង្រីក​ភាព​ជា​ដៃគូ ជាមួយ​បណ្តា ប្រទេស​អាស៊ី​អាគ្នេយ៍។ ឥឡូវ​កំពុង​ប្រព្រឹត្ត​ទៅយ៉ាង​មមាញឹក ការរៀបចំ សំរាប់ “ជំនួប​កំពូល​អាស៊ាន-រុស្ស៊ី​លើក​ទី ២” ដែល​នឹង​បើក​ធ្វើ នៅក្រុង Hanoi ក្នុង​ខែ​តុលា ខាង​មុខ។
ចំណែក លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ បាន​ជូនជា ដំណឹង​ថា នៅ​ទីបំផុត ក្នុង​ខែ​តុលា​ខាងមុខ​ដែរ ប្រទេស​រុស្ស៊ី​នឹង​ត្រូវ​ទទួល ឲ្យ​ចូល​ជា​ផ្លូវការ​ក្នុង វេទិកា “ Asie-Europe “ ហៅ​កាត់​ថា ASEM ដែល​រុស្ស៊ី​បាន​ដាក់​ពាក្យ​សុំ​ចូល​អស់ ១៣​ឆ្នាំ​ហើយ។

ASEM ជា​អង្គការ​អន្តរជាតិ បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៦ ទៅ​តាម​គំនិត​ផ្តួចផ្តើម​របស់​បារាំង និង សិង្ហបុរី ដែល​បច្ចុប្បន្ន​មាន​ជាង ៤០​ប្រទេស​អាស៊ី​បូព៌ា និង អឺរ៉ុប​ជា​សមាជិក ហើយ​ដែល​ធានា​បាន​ដល់ ២/៣​នៃ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​លោក និង​ជាង​ពាក់កណ្តាល​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ហៅថា GDP លើ​ពិភពលោក​ទាំងមូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ