អានតួអត្ថបទ
បារំាង

ប្រជាជន​ចិន​រស់​ក្នុង​ទីក្រុង​ប៉ារីស​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​អសន្តិសុខ

កាល​ពី​ថ្ងៃ​អាទិត្យ ទី២០ មិថុនា ម្សិលមិញ មាន​ប្រជាជន​ចិន​រាប់ពាន់នាក់​បាន​នំា​គ្នា​ធ្វើ​បាតុកម្ម​អហឹង្សា​នៅ​​ សង្កាត់ Belleville ក្នុង​ទីក្រុង​ប៉ារីស​ទី ២០ ដើម្បី​សម្តែង​កំហឹង​របស់​ខ្លួន​ប្រឆំាង​នឹង​អំពើ​ហិង្សា​ដែល​ពួក​គេ​បាន​ទទួល​រង​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ក្មេង​ស្ទាវ​ក្នុង​សង្កាត់ Belleville។ ក្បួន​បាតុកម្ម​​បាន​បញ្ចប់​ដោយ​អំពើ​ហិង្សា និង​ភាព​ប្រទូសរ៉ាយ​​គ្នា​រវាង​ក្រុម​យុវជន​ជា​បាតុករ​ប្រមាណ​ជា ៥០​នាក់ និង​ក្រុម​យុវជន​ដែល​មិន​មែន​ជា​បាតុករ។ ភាព​ប្រទូសរ៉ាយ ដែល​នំា​ឲ្យ​មាន​អន្តរាគមន៍​របស់​ក្រុម​ប៉ូលីស​រហូត​ដល់​ទៅ ២​ដង។

ប្រជាជន​ចិន​រស់​ក្នុង​ទីក្រុង​ប៉ារីស​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​អសន្តិសុខ
ប្រជាជន​ចិន​រស់​ក្នុង​ទីក្រុង​ប៉ារីស​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​អសន្តិសុខ ©Reuters
ផ្សាយពាណិជ្ជកម្ម

02:37

សេចក្តី​រាយការណ៍​របស់​គួច គន្ធារ៉ា

គួច គន្ធារ៉ា

គឺ​ជា​ក្បួន​បាតុកម្ម​ដ៏​ធំ​មួយ​ក្រោម​ការ​អំពាវនាវ​របស់​សហគមន៍​ចិន​មិន​ធ្លាប់​មាន​ទេ នៅ​ក្នុង​ប្រទេស​បារំាង។ បើ​យោង​តាម​តួលេខ​ផ្តល់​ដោយ​ប៉ូលីស មាន​បាតុករ​ប្រមាណ​ជា ៨៥០០នាក់​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន បាន​នំា​គ្នា​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​ចន្លោះ​ផ្លូវ Belleville និង​ទីលាន Colonel-Fabien កាល​ពី​ម្សិលមិញ នៅ​សង្កាត់ Belleville ក្នុង​ទីក្រុង​ប៉ារីស​ទី ២០ ដែល​នា​រយៈពេល ១០​ឆ្នំា​ចុង​ក្រោយ​នេះ បាន​ក្លាយ​ជា​សង្កាត់​ថ្មី​មួយ​ទៀត​សម្បូរ​ដោយ​ជន​អន្តោប្រវេសន៍​អាស៊ី​រស់​នៅ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​សឹង​តែ​រៀង​រាល់​ថ្ងៃ មិន​ថា​យប់ ឬ​ថ្ងៃ​ទេ អំពើហិង្សា​ដោយ​ការ​លួច​ឆក់ និង​វាយប្រហារ​លើ​ពួក​គេ​បាន​កើត​មាន​ជា​ប្រចំា​ពី​សំណាក់​ក្រុម​ស្ទាវ​នៃ​ជន​អន្តោប្រវេសន៍​របស់​ជាតិ​សាសន៍​ផ្សេង​ទៀត​នៅ​ក្នុង​សង្កាត់​នោះ។ ហេតុផល​ជា​ទូទៅ គឺ​កើត​ឡើង​ដោយ​សារ​តែ​ភាព​ច្រណែន​និន្ទា​លើ​ជន​អន្តោប្រវេសន៍​អាស៊ី​ដែល​មាន​កំរិត​ជីវភាព​គ្រាន់​បើ​ជាង​គេ។

 
នៅ​វេលា​ម៉ោង ៤ និង​៣០​នាទី​​រសៀល មាន​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា និង​ភាព​ប្រទូសរ៉ាយ​​គ្នា​រវាង​ក្រុម​យុវជន​ជា​បាតុករ​ប្រមាណ​ជា ៥០​នាក់ និង​ក្រុម​យុវជន​ដែល​មិន​មែន​ជា​បាតុករ។ តែ​មាន​ប្រភព​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា អំពើ​ហិង្សា និង​ភាព​ប្រទូសរ៉ាយ​​គ្នា​បាន​កើត​មាន​ឡើង ក្រោយ​ពី​មាន​អំពើ​ឆក់​ក្របូប​របស់​បាតុករ​ស្រ្តី​ម្នាក់។ ជា​ព្រឹត្តិការណ៍​ដែល​បាន​ជម្រុញ​ឲ្យ​ប៉ូលីស​ចេញ​ធ្វើ​អន្តរាគមន៍​ចំនួន​ពីរ​លើក​បន្តបន្ទាប់​គ្នា។ លោក ហ៊ុង តានអ្នក​នំា​ពាក្យ​នៃ​ក្រុម​រៀប​ចំ​ក្បួន​បាតុកម្ម​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ដែល​សមាគមន៍​ចិន​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ពេល​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បារំាង​គិត​គូរ​បន្ថែម​ទៀត​អំពី​សន្តិសុខ​របស់​ពួក​គេ។ អ្វី​ដែល​ជា​ការ​អំពាវនាវ​របស់​លោក ហ៊ុង តាន គឺ​សុំ​ឲ្យ​មាន​ការ​បញ្ឈប់​អំពើ​ហិង្សា​តប​នឹង​អំពើ​ហឹង្សា​រវាង​ជន​អន្តោប្រវេសន៍​នៃ​គ្រប់​ជាតិ​សាសន៍​នៅ​ក្នុង​សង្កាត់ Belleville។

យោង​តាម​លោក ហ៊ុង តាន អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ ដែល​អំពើ​ឆក់ និង​ការ​គំរាម​កំហែង​លើ​​ជន​អន្តោប្រវេសន៍​អាស៊ី ពិសេស​ជនជាតិ​ចិន បាន​កើត​មាន​សឹង​តែ​រាល់​ថ្ងៃ​ពី​សំណាក់​ក្រុម​ក្មេង​ស្ទាវ​ដែល​រស់​ក្នុង​សង្កាត់ Belleville នោះ​ដែរ។ ជាក់ស្តែង គឺ​ការ​ចូល​ទៅ​សំឡុត​យក​ត្រង់ៗ មាស ពេជ្រ និង​លុយ​ពី​ភ្ញៀវ​ដែល​កំពុង​ស៊ីការ​នៅ​ក្នុង​ភោជនីយដ្ឋាន។

សូម​ជម្រាប​ជូន​ថា​នៅ​ក្នុង​ប្រទេស​បារំាង ពិសេស​ក្នុង​ទីក្រុង​ប៉ារីស​សង្កាត់​ទី​១៣ និង​សង្កាត់​ទី ២០​នៅ Belleville ជា​សង្កាត់​ពីរ​ដែល​សម្បូរ​ដោយ​ជន​អន្តោប្រវេសន៍​អាស៊ី​រស់​នៅ មាន​ខ្មែរ ចិន វៀតណាម ថៃ និង​ជនជាតិ​ឡាវ។ ជា​ទូទៅ ជន​អន្តោប្រវេសន៍​អាស៊ី​ដែល​រស់​នៅ​ទី​នោះ ច្រើន​បង្ហាញ​ឲ្យ​គេ​ឯង​ដឹង​អំពី​ទ្រព្យសម្បត្តិ​របស់​ខ្លួន តាមរយៈ​ការ​ពាក់​មាស ពេជ្រ​ស្រោច​ខ្លួន​នៅ​ពេល​មាន​ពិធី​នីមួយៗ និង​តាម​រយៈ​ការ​ប្រើ​ឡាន​ម៉ាក​ល្អៗ​ជា​ដើម។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ