អានតួអត្ថបទ
បារំាង រុស្ស៊ី

នាយករដ្ឋមន្រ្តី​រុស្ស៊ី​មក​បារំាង​ដើម្បីពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​

លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​បាន​ ចាប់​ផ្តើម​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ទី១០​មិថុនា​ដោយ​ពិធី​ជប់លៀង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​បារាំង​François Fillons។​ ពិធី​ជប់លៀង​និង​ជំនួប​​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​នីកូឡា​សាកូហ្ស៊ី​ នៅ​ថ្ងៃសុក្រ​នេះ​ក៏​មាន​នៅ​ក្នុង​កម្មវិធី​នៃ​ទស្សនកិច្ច​នេះ​ផងដែរ។​ លោក​Vladimir Poutine ​មាន​បំណង​ពង្រីក​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ យោធា​ ការទូត​និង​វប្បធម៌​បារាំង-រុស្ស៊ី។

លោកនាយក​រដ្ឋមន្ត្រី​​រុស្ស៊ី​Poutine​នៅថ្ងៃ​ព្រហស្បតិ៍ទី១០​មិថុនានៅ​​ពិធីជប់លៀង​​ជាមួយ​​លោកនាយករដ្ឋមន្ត្រី​បារាំង​​François Fillons​​
លោកនាយក​រដ្ឋមន្ត្រី​​រុស្ស៊ី​Poutine​នៅថ្ងៃ​ព្រហស្បតិ៍ទី១០​មិថុនានៅ​​ពិធីជប់លៀង​​ជាមួយ​​លោកនាយករដ្ឋមន្ត្រី​បារាំង​​François Fillons​​ © RFI
ផ្សាយពាណិជ្ជកម្ម

01:36

សេចក្តីរាយការណ៍របស់​ សៀក​ សារិន

គម្រោង​ការ​របស់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​ទិញ​នាវា​ដឹក​ឧទ្ថម្ភាគចក្រ​ដ៏​ទំនើប​របស់​បារាំង​គឺ​ជា​សំណុំរឿង​ចរចា​មួយ​ដ៏​សំខាន់។​ គម្រោង​ការ​រុស្ស៊ី​នេះ​បាន​បង្ក​ឲ្យ​កើត​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ហ្សកហ្ស៊ី​និង​នៅ​ប្រទេស​នៃ​តំបន់​បាលតឺ៍។​ ហើយ​ជាង​នេះ​ទៅ​ទៀត​ ប្រទេស​រុស្ស៊ី​តម្រូវ​ឲ្យ​មាន​ការ​សាង​ផ្ទេរ​បច្ចេកទេស​ភ្ជាប់​នឹង​កិច្ច​សន្យា។

លោក​ប្រធានាធិបតី​ហ្សកហ្ស៊ី​Mikheïl Saakachvili បាន​អញ្ជើញ​មក​ទីក្រុង​ប៉ារីស​ពីរថ្ងៃ​មុន​ការ​អញ្ជើញ​មក​ដល់​របស់​លោក​Poutine ។​ លោក​ប្រធានាធិបតី​ហ្សកហ្ស៊ី​ដែល​មាន​អធិករណ៍​ជាមួយ​ទីក្រុង​ម៉ូស្គូ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ បញ្ហា​ទាំងនេះ​គឺ​ជា​បញ្ហា​ឧបតោភាគី​រវាង​ប្រទេស​បារាំង​និង​ប្រទេស​រុស្ស៊ី។​ ក៏​ប៉ុន្តែ​លោក​ Mikheïl Saakachvili​ហាក់​ដូច​ជា​មាន​ការ​លំបាក​នឹង​លាក់បាំង​ក្តីបារម្ភ​របស់​ខ្លួន។​ហើយ​លោក​ប្រធានា​​ធិបតី​ហ្សកហ្ស៊ី​ក៏​ពុំ​រួញរា​ឡើយ​នឹង​ប្រកាស​ឲ្យ​ដឹងថា​ នៅ​ករណី​ចាំបាច់​ប្រទេស​ហ្សកហ្ស៊ី​អាច​នឹង​ទិញ​សព្វាវុធ​របស់​បារាំង។

ចំណែកឯ​សំណុំរឿង​នុយក្លេអ៊ែរ​អៀរ៉ង់​ក៏​ជា​សំណុំរឿង​មួយ​ដ៏​សំខាន់​ដែល​អ្នក​ដឹកនាំ​រុស្ស៊ី​ត្រូវ​ពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ​បារាំង។​ គួរកត់​សម្គាល់​ថា​ ប្រទេស​រុស្ស៊ី​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​យ៉ាង​សកម្ម​ជាមួយ​ប្រទេស​អៀរ៉ង់។​ ក៏​ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ទីក្រុង​ម៉ូស្គូ​បាន​ចូល​រួម​ជាមួយ​ប្រទេស​លោក​ខាងលិច​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់។

ក្រោយ​ពី​បាន​រួម​ចំណែក​ក្នុង​ការ​ជួយ​ស្រោច​ស្រង់​រូបិយប័ណ្ណ​អឺរ៉ុប​ លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ Vladimir Poutine​កំពុង​ខិតខំ​កែ​លំអ​មុខ​មាត់​និង​កេរ្តិ៍​ឈ្មោះ​ពុំ​​សូវ​​ល្អ​​របស់​​ខ្លួន​​ដែល​​ល្បី​​ថា​​ជា​​មនុស្ស​​ខ្លាំង​​ ដោយ​បាន​​ថ្លែង​​ឲ្យ​​ដឹង​ថា​​ នៅ​​ប្រទេស​​រុស្ស៊ី​​ទំនើប​​ថ្មី​​គ្មាន​​ទេ​​លទ្ធភាព​​ក្នុង​​ការ​​បញ្ចុះ​បញ្ចូល​​ឲ្យ​​គេ​​គោរព​​ខ្លួន​​ជា​​បុរស​​ខ្លាំង​​ដូច​​ព្រះ​​អាទិ​ទេព៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ