អានតួអត្ថបទ
បញ្ហាចូលនិវត្តន៍

ផលវិបាក​នៃការរុញ​អាយុ​ចូលនិវត្តន៍​ឲ្យលើស​ពី៦០ឆ្នាំ​

បច្ចុប្បន្ន​នេះ​គេ​អាច​ដឹង​បាន​ខ្លះ​ពី​ ផលវិបាក​នៃ​ការ​រុញ​អាយុ​ចូល​និវត្តន៍​ជា​ផ្លូវការ​ឲ្យ​លើសពី​៦០ឆ្នាំ។​ ក៏​ប៉ុន្តែ​គេ​ពុំ​ទាន់​អាច​ដឹង​បាន​នៅ​ឡើយ​ថា​ តើ​មាន​ផលវិបាក​អ្វី​ខ្លះ​ទៀត​ដែល​អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​ឬ​អវិជ្ជមាន​ ទៅលើ​វិស័យ​ការងារ។​ ​​រដ្ឋាភិបាល​គួរតែ​ជ្រើស​យក​វិធានការ​ដែល​​អាច​​អនុញ្ញាត​​ឲ្យ​​ប្រជាជន​​បារាំង​​មាន​​សេរីភាព​​នឹង​​ជ្រើស​​រើស​​យក​​ផ្លូវ​​ដែល​​សម​​ស្រប​​នឹង​​ករណី​របស់​ខ្លួន​ម្នាក់ៗ​ទើប​ប្រសើរ។​

បាតុកម្ម​ប្រឆាំងនឹង​កំណែ​ទម្រង់​ប្រព័ន្ធ​ចូលនិត្តន៍
បាតុកម្ម​ប្រឆាំងនឹង​កំណែ​ទម្រង់​ប្រព័ន្ធ​ចូលនិត្តន៍ ©AFP
ផ្សាយពាណិជ្ជកម្ម

03:46

បទវិភាគរបស់​ សៀក​ សារិន

នៅ​ក្នុង​បញ្ហា​ចូល​និវត្តន៍​ដ៏​ស្មុគ្រ​ស្មាញ​នេះ​ សំណួរ​មួយ​បាន​លេច​ឡើង​ចោទ​សួរ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ការ​រុញ​អាយុ​ចូល​និវត្តន៍​ជា​ផ្លូវ​ការ​ឲ្យ​លើសពី​៦០ឆ្នាំ​ មាន​ផល​ប្រយោជន៍​ជាង​ការ​អូស​បន្លាយ​រយៈ​កាល​សម្រាប់​បង់​ភាគទាន​ទៅក្នុង​ហិប​ប្រាក់​សោធន​និវត្តន៍?

 
នៅ​ឆ្នាំ២០០៣​កំណែ​ទម្រង់​ទៅលើ​ប្រព័ន្ធ​ចូល​និវត្តន៍​ដែល​ដឹកនាំ​ដោយ​លោក​François Fillons​ដែល​កាលណោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ បាន​ឲ្យ​អាទិភាព​ទៅលើ​ការ​អូស​បន្លាយ​រយៈកាល​សម្រាប់​​បង់​ភាគទាន​ទៅក្នុង​ហិប​ប្រាក់​សោធន​និវត្តន៍​ ដោយ​បាន​សម្រេច​ថា​​ចាប់​ពី​ឆ្នាំ២០០៣​ទៅ​ទល់​ឆ្នាំ២០២០​ រយៈកាល​សម្រាប់​បង់​ភាគទាន​នឹង​ត្រូវ​តម្លើង​ពី​៤០ឆ្នាំ​ទៅ​ដល់​៤១ឆ្នាំ​កន្លះ។​ ហើយ​ប្រាំពីរ​ឆ្នាំ​ក្រោយមក​រដ្ឋាភិបាល​របស់​លោក​François Fillons​ចង់​ចាត់​វិធានការ​រុញ​អាយុ​ចូល​និវត្តន៍​ជា​ផ្លូវការ​ឲ្យ​លើសពី​៦០ឆ្នាំ។​ ពត៌មាន​នេះ​បាន​ត្រូវ​ថ្លែង​បញ្ជាក់​ដោយ​លោក​Eric Woerth រដ្ឋមន្ត្រី​ក្រសួង​ការងារ។​ ក៏​ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ថា​ តើ​រដ្ឋាភិបាល​បារាំង​គ្រោង​រុញ​អាយុ​ចូល​និវត្តន៍​ជា​ផ្លូវការ​ឲ្យ​ដល់​៦២ឆ្នាំ​ ឬ​៦៣ឆ្នាំ​ឬមួយ​ដល់​៦៥ឆ្នាំ​ឡើយ។

បញ្ហា​នេះ​ជាបញ្ហា​មួយ​ដ៏​សែន​រសើប​និង​ដ៏​លំបាក​ ដោយ​ហេតុ​ថា​វិធានការ​នេះ​នឹង​តម្រូវ​ឲ្យ​អ្នក​ធ្វើការ​បារាំង​ដែល​បាន​បង់​ភាគទាន​គ្រប់​រយៈកាល​៤០ឆ្នាំ​ឲ្យ​ទៅ​ហិប​ប្រាក់​សោធន​និវត្តន៍​ក៏​ដោយ​ ក៏​ប្រជាជន​បារាំង​រូបនេះ​ត្រូវ​បន្ត​ធ្វើ​ការ​រហូត​ដល់​កម្រិត​អាយុ​ចូល​និវត្តន៍​ជា​ផ្លូវការ​ដែល​នឹង​កំណត់​ដោយ​រដ្ឋាភិបាល​ ពោលគឺ​៦២​ឬ​៦៣​ឬ​៦៥ឆ្នាំ។​ វិធានការ​នេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋ​បារាំង​សន្សំ​សំចៃ​បាន​ប្រាក់​ពុំ​តិច​​ឡើយ។

ដូច្នេះ​ តើ​វិធានការ​ថ្មី​នេះ​នឹង​អាច​ជួយ​កាត់​បន្ថយ​ចំនួន​អ្នក​ឥត​ការងារ​ធ្វើ​ដែល​មាន​វ័យ​ចាស់​ដែរ​ឬទេ?

មុន​នឹង​ឆ្លើយ​តប​នឹង​សំណួរ​នេះ​ យើង​គួរ​ងាក​ទៅ​មើល​តួលេខ​នៃ​អ្នក​ឥត​ការងារ​ធ្វើ​ដែល​មាន​វ័យ​ចាស់​សិន។​ នៅ​ប្រទេស​បារាំង​បច្ចុប្បន្ន​នេះ​ អ្នក​ឥត​ការងារ​ធ្វើ​ដែល​មាន​អាយុ​ពី​៥៥ឆ្នាំ​ទៅ​៦៤ឆ្នាំ​ មាន​ដល់​ទៅ​​​៣៨,៤%​ដែល​គ្មាន​ការងារធ្វើ។​ បន្ថែម​ពី​លើនេះ​ សហគ្រាស​តែង​បណ្តេញ​ឲ្យ​ឈប់​មុន​គេ​អ្នក​ធ្វើការ​ដែល​មាន​វ័យ​ចាស់។​ ដូច្នេះ​ការ​រុញ​​អាយុ​ចូល​និវត្តន៍​ជា​ផ្លូវការ​ឲ្យ​លើស​ពី​៦០ឆ្នាំ​ ពិតជា​វិធានការ​ពុំ​អាច​​ជួយ​កាត់​បន្ថយ​ចំនួន​អ្នក​ឥត​ការងារ​ធ្វើ​ដែល​មាន​វ័យ​ចាស់​បាន​ឡើយ។

ពាក់ព័ន្ធ​នឹង​អ្នក​ឥត​ការងារ​ធ្វើ​ដែល​មាន​វ័យ​ក្មេង​វិញ​ តើ​វិធានការ​រុញ​អាយុ​ចូល​និវត្តន៍​ជា​ផ្លូវការ​ឲ្យ​លើសពី​៦០ឆ្នាំ​អាច​នឹង​ចោទ​ចេញ​ជា​បញ្ហា​​ដល់​អ្នក​ឥត​ការ​ងារ​ធ្វើ​ក្មេងៗ​ទាំង​នោះ​ដែរ​ឬទេ?

វា​ជា​ការ​ងាយ​យល់ដឹង​ណាស់ថា​ បើ​អ្នក​មាន​វ័យ​ចាស់ៗ​ទាំងនោះ​នៅ​​តែ​បន្ត​ធ្វើការ​បន្ថែម​ទៀត​រហូត​ដល់​អាយុ​៦២​ឬ​៦៣​ឬ​៦៥​ឆ្នាំ​ នោះ​អ្នក​ឥត​ការ​ងារ​ធ្វើ​ដែល​មាន​វ័យ​ក្មេង​ច្បាស់ជា​និង​កាន់​តែ​មាន​ការ​លំបាក​នឹង​រក​បាន​ការងារ​ធ្វើ។

ដូច្នេះ​ រដ្ឋាភិបាល​គួរតែ​ជ្រើស​យក​វិធានការ​ដែល​អាច​អនុញ្ញាត​ឲ្យ​ប្រជាជន​បារាំង​មាន​សេរីភាព​នឹង​ជ្រើស​រើស​យក​ផ្លូវ​ដែល​សម​ស្រប​នឹង​ករណី​របស់​ខ្លួន​ម្នាក់ៗ​ទើប​ប្រសើរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ