អានតួអត្ថបទ
រុស្ស៊ី

ម៉ូស្គូ​មិនចង់​ឃើញ​ស​ង្គ្រាម​ផ្ទុះ​ឡើង​ឡើយ​រវាង​កូរ៉េ​ទាំងពីរ​

លោក​ប្រធានា​ធិបតី​រុស្ស៊ី​ Dmitri Medvedev ​ពេល​សន្ទនា​តាម​ទូរសព្ទ​ជា​មួយ​លោក​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង​ Lee Myung-bak​បាន​អំពាវ​នាវ​ឲ្យ​គូ​ភាគី​បដិបក្ស​កូរ៉េ​ចេះ​ទប់​ខ្លួន​ហើយ​កុំ​បណ្តោយ​​ឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​​កូរ៉េ​​កាន់​​តែ​​​តាន​​តឹង​​ទៀត​​ឡើយ។​​ ដំណឹង​​នេះ​​ទើប​​ប្រ​កាស​​ដោយ​​វិមាន​​ក្រេមឡាំង។

លោក​ប្រធានា​ធិបតី​រុស្ស៊ី​ Medvedev.
លោក​ប្រធានា​ធិបតី​រុស្ស៊ី​ Medvedev. © Reuters
ផ្សាយពាណិជ្ជកម្ម

02:25

សេចក្តីរាយការណ៍​របស់​ កែវ​ ឆាយា

កែវ ឆាយា

គឺម្សិលមិញដែលលោក​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង​ Lee Myung-bak បាន​ទូរសព្ទ​មក​ប្រមុខរដ្ឋ​រុស្ស៊ី​លាត​ត្រដាង​អំពី​ស្ថាន​ការណ៍​ដែល​​កំពុង​វិវឌ្ឍ​ទៅ​ ក្រោយពី​មាន​ប្រកាស​ជា​ផ្លូវការ​លទ្ធផល​​នៃ​ការ​ស៊ើប​អង្កេត​អំពី​ឧប្បត្តិហេតុ​ដែល​បាន​កើត​ឡើង​ជាមួយ​នាវា​ចំបាំង​កូរ៉េ​ខាងត្បូង​ពេល​ថ្មីៗ។​ លោក​ប្រធានា​ធិបតី​រុស្ស៊ី​ Medvedev ពី​ចំណែក​ខ្លួន​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ពត៌មាន​​ក្បោះ​ក្បាយ​ស្តី​អំពី​សោកនាដកម្ម​សមភាគី​កូរ៉េ​ខាង​ត្បូង​ឲ្យ​ពាំនាំ​នូវ​ការរួម​មរណទុក្ខ​ទៅ​កាន់​គ្រួសារ​យោធា​ដែល​បាន​ស្លាប់​​ទៅ។​ រដ្ឋ​បុរស​ទាំងពីរ​សំដែង​ការសោក​ស្តាយ​ដោយ​ឃើញ​ថា​ គំរោង​រួម​អន្តរកូរ៉េ​ដ៏​សំខាន់ៗ​ ក្នុង​វិស័យ​ពាណិជ្ជកម្ម-សេដ្ឋ​កិច្ច​ ​ដែល​បាន​ត្រូវ​តាក់​តែង​ឡើង​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ម៉្លេះ ​ដោយ​មាន​ការ​ចូល ​រួម​របស់​រុស្ស៊ី​ផង​ នៅតែ​មិន​ទាន់​លេច​ចេញ​ជា​ផ្លែ​ផ្កា​នៅ​ឡើយ​ ចំណែក​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ជា​ទូទៅ​បែរ​ទៅ​​ជា​ធ្លាក់​ចុះ​ដល់​កំរិត​នៃ​ភាព​ប្រឈម​មុខ​ដាក់​គ្នា​តែ​ម្តង។​ ជា​បញ្ចប់​សេចក្តី​ លោក​ Medvedev​ និង​លោក​ Lee Myung-bak ​បាន​បញ្ជាក់​ពី​ភាព​ត្រៀម​ខ្លួន​បន្ត​ធ្វើការ​ពិគ្រោះ​ផ្លាស់​ប្តូរ​យោបល់​គ្នា​ជុំវិញ​រាល់​តែ​បញ្ហា​ដែល​កើត​ឡើង​នៅ​តំបន់។​ គួរ​និយាយ​ថា ​ឥរិយាបថ​អព្យាក្រឹត​ប្រកាន់​យក​ដោយ​ទីក្រុង​ម៉ូស្គូ​ចំពោះ​ទំនាស់​រវាង​កូរ៉េ​ទាំងពីរ​ក៏​បាន​ត្រូវ​រំលេច​ឲ្យ​ឃើញ​ដោយ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​រុស្ស៊ី​ដែល​ថា​ម៉ូស្គូ​មិនមាន​ក្នុង​ដៃ​ខ្លួន​​ទេ នូវ​ភស្តុ​តាង​ច្បាស់​ក្រឡែត​ស្តី​អំពី​មូលហេតុ​ដែល​នាំឲ្យ​នាវា​ចំបាំង​កូរ៉េខាង​ខាង​ត្បូង​លិច​ទៅ​នោះ។​ រុស្ស៊ី​ជា​ភាគី​មួយ​ក្នុង​ចំណោម​ ៦ភាគី ​គឺ​ទន្ទឹម​នឹង​ស.រ.អា​. ចិន​ ជប៉ុន​ កូរ៉េ​ទាំងពីរ​ដែល​តែង​ បាន​ចូល​រួម​ក្នុង កិច្ច​ចរចា​ស្វែងរក​ដំណោះ​ស្រាយ​ឲ្យ​កម្មវិធី​នុយ​ក្លេអ៊ែររ​កូរ៉េ​ខាង​ជើង។​ រុស្ស៊ី​មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​កូរ៉េ​ខាងជើង​ផង ​កូរ៉រ​ខាងត្បូង​ផង។​ ជាមួយ​កូរ៉េ​ខាងជើង​កុម្មុយនិស្ត​ គឺ​តាំង​ពី​សម័យ​សូវៀត​មក​ក្នុង​ឆ្នាំ១៩១៨​ មួយ​ឆ្នាំ​ក្រោយ​​​ពី​នៅ​រុស្ស៊ី​មាន​ប្រព្រឹត្ត​ទៅ​បដិវត្តន៍​សង្គម​និយម​​ផ្តួល​របប​ស្តេច Tsar។ ​រីឯ ​ជាមួយ​កូរ៉េ​ខាងត្បូង​មូលធន​និយម គឹ​ទើប​ក្នុង​ឆ្នាំ១៩៩០​ សម័យ​នយោបាយ​ផ្នត់​គំនិត​ថ្មីរ​បស់​មេដឹក​នាំ​សូវៀត​លោក ​Gorbatchev​ ដែល​បាន​ធ្វើ​កំណែ​ទំរង់​លុះ​ទាល់​តែ​សហភាព​សូវៀតរលាយទៅក្នុងឆ្នាំ១៩៩១៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ