អានតួអត្ថបទ
រុស្ស៊ី

ម៉ូស្គូទើប​ប្រកាសឈ្មោះ​អ្នកអវកាស៧នាក់​សំរាប់ហោះ​ទៅផ្កាយអង្គារ

ក្នុង​ចំណោម​៧នាក់​នេះ​៤នាក់​ជាជាតិ​រុស្ស៊ី​៣នាក់​ជាបរទេស។​ ការ​ពិសោធន៍​អន្តរជាតិ​ដ៏ធំធេង​នេះ​ខាង​សមជើង​ធ្វើត្រាប់​ការ​ហោះហើរ​មែនទែន ​ ទៅកាន់​ភពMars​នោះ ​នឹង​ចាប់ផ្ដើម​នៅថ្ងៃទី​៣​មិថុនា​ខាងមុខ។​ ដោយហេតុថា​ ដើម្បី​ហោះទៅ​ដល់​ភពនោះ ​និង​ហោះ​ត្រឡប់​មក​ផែនដី​វិញ​ គឺត្រូវ​ចំណាយ​ពេល​អស់ជាង​៥០០ថ្ងៃ​ឯណោះ ​បានជា​កម្មវិធី​​នោះ​មាន​ឈ្មោះថា​Mars - 500 ​។

អ្នកអវកាស​រុស្ស៊ី​​រៀបចំ​ខ្លួន​ទៅកាន់​ភព​អង្គារ
អ្នកអវកាស​រុស្ស៊ី​​រៀបចំ​ខ្លួន​ទៅកាន់​ភព​អង្គារ © Reuters
ផ្សាយពាណិជ្ជកម្ម

02:32

សេចក្តីរាយការណ៍​របស់​ កែវ​ ឆាយា

កែវ ឆាយា

ជា​បឋម​កន្លែង​សំរាប់​ដើរ​តួ​ជា​យាន​អវកាស​ធ្វើ​ត្រាប់​ហោះ​ទៅ​នោះ​គឺ​​បង្ហា​ hangar នៃ​​វិជ្ជា​ឋាន​​ខាង​​បញ្ហា​​វេជ្ជ-ជីវសា​ស្ត្រ​​នៅ​​អម​​បណ្ឌិត​​សភា​​វិទ្យាសាស្ត្រ​​រុស្ស៊ី​ដែល​ស្ថិត​នៅ​ជាយក្រុងម៉ូស្គូ។​ រីឯ​ អ្នក​​អវកាស​​៧​នាក់​​ដែល​​ត្រូវ​បាន​​ស្រាល់​​ជ្រើស​​ជា​​បេក្ខជន​​សំរាប់​ហោះ​ទៅ​​ផ្កាយ​​Mars​ ក្នុង​​ឋានៈ​​ជា​ Marsonaute​ គឺ ជាតិ​​រុស្ស៊ី ​​៤​នាក់​​ក្នុង​នោះ ​​២​នាក់​​​ជា​​គ្រូពេទ្យ​ ២​នាក់​​ជា​​វិស្វករ​ ​ចំណែក​​បរទេស​​៣​នាក់​គឺជាតិ​បារាំង​ម្នាក់​ ជាតិ​អ៊ីតាលី​ម្នាក់​ ជាតិ​ចិន​ម្នាក់។​ ក្នុងយាន​អវកាស​ធ្វើត្រាប់​នោះ ​មាន​បំពាក់​ទៅហើយ​ដោយ​កន្លែង​សំរាប់​អនាគត​Marsonaute​ធ្វើការ​កន្លែង​ដែល​គេម្នាក់ៗ​ត្រូវ​សំរាក​​រួច​នៅ​ពេល​ទំនេរ​ គេអាច​ហាត់ប្រាណ​ក្នុង​សាល​កីឡា។

 មុននឹង​ជាប់​ជា​បេក្ខជន​ គេម្នាក់ៗ​សុទ្ធតែ​បាន​ត្រូវ​គណៈកម្មការ​ពេទ្យ​ ឲ្យ​តម្លៃ​ដល់​អការៈ​សុខភាព​ គេថា​ល្អ​ឥតខ្ចោះ​ អាច​ធន់ទ្រាំ​បាន​នឹង​ការពិសោធន៍​យ៉ាង​យូរ​ដល់​ទៅ​ជិត​១ឆ្នាំ​កន្លះ​ ក្នុង​លក្ខណៈ​ដែលគេ​ត្រូវ​ខ្ទប់​នៅដាច់​ស្រឡះ​ពី​ពិភព​ក្រៅតែ​ម្តង។​ ដ្បិត​ គ្រាន់តែ​សំរាប់​ហោះទៅ​ដល់​ផ្កាយ Mars​ ដើម្បី​ឃើញ​តើ​នៅ​ទី​នោះ ​មាន​ជីវិត​ឫទេ​ គឺ​ទាមទារ​ពេល​អស់​២៥០​ថ្ងៃ ​បន្ទាប់​មក​ត្រូវ​ស្នាក់​នៅ​ធ្វើការ​ស្រាវជ្រាវ​លើផ្ទៃ​ដីភព​នោះ ​ប្រមាណ​១ខែ​ឯណោះ ​លុះ​នៅ​ទី​បំផុត​ទើប​ហោះ ត្រ​ឡប់​មក​ផែនដី​វិញ​ដោយ​ត្រូវ​ចំណាយ​ពេល​អស់​២៤០​ថ្ងៃ​ទៀត​គិត​ជា​សរុប​គឺ​ដល់​៥២០ថ្ងៃ​។

សំរាប់​ជាការ​ប្រៀបធៀប​ដើម្បី​ហោះទៅ​ឋាន​ព្រះច័ន្ទ​ដែលជា​ផ្កាយ​រណប​ធម្មជាតិ​របស់​ផែនដី​យើង​​ និង​ដែល​ស្ថិត​នៅចម្ងាយ​តែ​ជិត​៤សែន គ.ម​.ពី​ផែនដី​ គឺ​ស៊ីពេល​អស់តែ​៧៦ម៉ោង​ ឫជាង​៣ថ្ងៃ​៣យប់​ប៉ុណ្ណោះ។​ រីឯ​ ភពMars​ ត្រាច់ចរ​គឺនៅ​តាម​តារា​វិថី​ចម្ងាយ​ដល់​២២៨​លានគ.ម.​ពី​ព្រះ​អាទិត្យ ​ឆ្ងាយជាង​តារា​វិថី​របស់​ផែនដី​យើង​ដែល​ស្ថិត​នៅ​ចម្ងាយ​តែ​១៥០​លានគ.ម​ពី​ព្រះ​អាទិត្យ​ ដូច្នេះ​ភពMars​ ត្រាច់​ចរ​តាម​តារា​វិថី​ឃ្លាត​ឆ្ងាយ​ពីតារា​វិថី​របស់​ផែនដី​ដល់​ទៅ​៧៨លាន​គ.ម​.ឯណោះ។

មកពី​មូលហេតុ​នេះ ​បានជា​ទូរសញ្ញា​បញ្ជូន​ពី​ផ្ទៃភព​Mars​ទំរាំ​មក​ដល់​ផែនដី​យើង​គឺស៊ី​ពេល​ដល់​ទៅ​២០នាទី។​ ដើម្បី​ធ្វើត្រាប់​តាម​ភាព​យឺតយ៉ាវ​នៃការ​ទទួល​ទូរសញ្ញា​នេះ ​ក្នុង​មន្ទីរ​ពិសោធន៍​មាន​បង្កើត​ជាលក្ខណៈ​សមស្រប​ដែរ​ ក៏​ដូចជា​ទំរង់​ផ្ទៃដី​ភពMars ​ដែល​មាន​ថ្ម​រដិប​រដុប​ និង​សំបូរ​ដោយ​ខ្សាច់។​ គ្រឿង​ហូប​ចុក​សំរាប់​ពួក​អ្នក​អវកាស​ទាំងនោះ​ គឺសុទ្ធ​តែ​មាន​ថេរ​វេលា​ទុកបាន​យូរ​មិនខូច​គុណភាព​ឡើយ។​ មានទាំង​កន្លែង​សំរាប់​គេដាំ​ដំណាំ​ស្វ័យ​ឧបត្ថម្ភ​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ