អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​ប្រារព្ធ​ខួប​ទី៦៥​ នៃ​ទិវា​ជ័យជំនះ ៩​ឧសភា

នៅ​ថ្ងៃ​អាទិត្យ ទី៩​ ឧសភា ២០១០​នេះ រុស្ស៊ី​បាន​ប្រារព្ធ​ខួប​ ទី៦៥ នៃ​ជ័យជំនះ​លើ​របប​ហ៊ីត្លែរ​​អាឡឺម៉ង់ កាល​ពី​សង្រ្គាម​លោកលើកទី២។ ដើម្បី​អបអរ​ទិវាជ័យជំនះនេះ រុស្ស៊ី​បាន​រៀបចំ​ការដើរ​ក្បួន​ព្យុហយាត្រា​យោធា​​ដ៏ធំ​មួយ ដោយ​មាន​ទាំង​ទាហាន​មកពីប្រទេស​សមាជិក​អូតង់​ចូលរួមផង។

ទាហាន​រុស្ស៊ី​ក្នុង​ការ​ដើរ​ព្យុហយាត្រា​ថ្ងៃ​ជ័យជំនះ ៩ ឧសភា ២០១០
ទាហាន​រុស្ស៊ី​ក្នុង​ការ​ដើរ​ព្យុហយាត្រា​ថ្ងៃ​ជ័យជំនះ ៩ ឧសភា ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

07:18

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីម៉ូស្គូ

បុណ្យនេះ ជា​បុណ្យ​ធំបំផុត​របស់​ប្រទេស​រុស្ស៊ី ដ្បិតវា​ជា​ជ័យជំនះ​ដណ្តើម​បាន កាលពី ៦៥ឆ្នាំ​មុន ក្នុង​សង្គ្រាម​លោក​លើកទី ២​។ វា​ជា​ជ័យជំនះ​ ដែល​ជួយ​រក្សា​ជាតិ រុស្ស៊ី​ឲ្យ​នៅ​មាន​អត្តសញ្ញាណ​ខ្លួន។ ជ័យជំនះ​នេះ​សំរេច​បាន ដោយសារ​ការ​ចង “សម្ព័ន្ធភាព​គ្នា​ប្រយុទ្ធ​ទល់​នឹង​ហ៊ីត្លែរ“។ សម្ព័ន្ធភាព​នេះ​ដឹកនាំ ម្ខាង ដោយ​រុស្ស៊ី (កាលណោះ​ជា​សូវៀត) និង ម្ខាងទៀត ដោយ​មហាប្រទេស​បស្ចិមលោក រួមមាន អាមេរិក អង់គ្លេស និងបារាំង។

 
ខុសពី​បណ្តា​ប្រទេស​​បស្ចិមលោក ដែល​យក​ថ្ងៃ ៨ ឧសភា​ ជា​ទិវា​ជ័យជំនះ រុស្ស៊ី កំណត់​យក​ថ្ងៃ​៩ឧសភា​វិញ។ នៅ​ឆ្នាំ​នេះ ជា​លើកទី១ ដែល​រុស្ស៊ី​បាន​អញ្ជើញ​ប្រមុខរដ្ឋ​បរទេស​មួយចំនួន ធំ ឲ្យ​មក​ចូលរួម​ ក្នុង​ពិធី​បុណ្យ​ជ័យជំនះ​នេះ។ វា​ក៏​ជា​លើកទីមួយ​ដែរ ដែល​កងយោធា​នៃ​បណ្តា​ប្រទេស​អូតង់ បាន​មក​ចូល​រួម​​ក្នុង​ព្យុហយាត្រា​កងទ័ព​រុស្ស៊ី។
 

សង្គ្រាម​នោះ ត្រូវ​រុស្ស៊ី​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ថា “ មហា​សង្គ្រាម​ការពារ​មាតុភូមិ​របស់​សហភាព​សូវៀត “ ពីព្រោះ​វា​ជា​សង្គ្រាម​ស្លាប់​រស់​សំរាប់​ជាតិ​រុស្ស៊ី ដែល​កាលណោះ ជា​សសរ​ទ្រូង​នៃ​សហភាព​សូវៀត​ដោយ​មក​ពី​មនោគមវិជ្ជា​កុម្មុយនិស្ត​មហា​ប្រទេស​នេះ បាន​ត្រូវ Hitler ដាក់​ទិស​កំទេច​ឲ្យ​រលប់​បាត់​ពី​ផែនដី​តែ​ម្តង តាមរយៈ​ការ​បញ្ជូន​កម្លាំង​ទ័ព​ខ្លួន​ដល់​ទៅ ៣ភាគ៤​ឯណោះ ឲ្យ​ទៅ​ប្រយុទ្ធ​ទល់​នឹង​សហភាព​សូវៀត។ ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បុណ្យ​ថ្ងៃ​នេះ លោក​ប្រធានាធិបតី Medvedev ដោយ​សំដែង​អំណរគុណ ទៅ​កាន់​បណ្តា​យុទ្ធជន​ជើង​ចាស់​រុស្ស៊ី ដែល​សព្វ​ថ្ងៃ​នៅ​រស់​រាន​នៅ​ឡើយ​ក្នុង​ចំនួន​ប្រមាណ ២សែន​នាក់ ទោះ​បី​គេ​ម្នាក់ៗ​សុទ្ធ​តែ​មាន​ចំណាស់​វ័យ​លើស​ពី ៨០ឆ្នាំ​ទៅ​ហើយ​ក្តី។

លោក​ប្រធានាធិបតី Medvedev បាន​សង្កត់​ធ្ងន់​ថា ពិត​ជា​អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​បញ្ចៀស​ប្រជាជាតិ​រុស្ស៊ី​មិន​ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ជា​ទាសា ទាសី។ “ មហា​សង្គ្រាម​ការពារ​មាតុភូមិ​របស់​សហភាព​សូវៀត “ បាន​ពន្យារ​ទៅ​អស់ ១៤១៨​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី ២២ មិថុនា ឆ្នាំ​១៩៤១ ពេល​ដែល​ទ័ព​ហ្វាស៊ីស្ត​អាល្លឺម៉ង់​បាន​ឈ្លានពាន​ឆ្លង​ចូល​ព្រំដែន​សហភាព​សូវៀត រហូត​ដល់​ថ្ងៃ​ដែល​មេទ័ព​បស់ Hitler បាន​ចុះ​ហត្ថលេខា​សុំ​ចុះ​ចាញ់។

សម្ព័ន្ធ​នេះ​ប្រសូត​មក​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​សហប្រជាជាតិ នា​ថ្ងៃទី១ មករា ឆ្នាំ១៩៤២ ដែល​ចុះ​ហត្ថលេខា​ដោយ ២៦​ប្រទេស គឺ​ដើម្បី​ត​ទល់​នឹង​សម្ព័ន្ធ​ត្រី​ភាគី អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​ដែល​មាន​មហិច្ឆិតា​ក្តោបក្តាប់​យក​ពិភពលោក​ទាំង​មូល​តែ​ម្តង។ ក្នុង “ សម្ព័ន្ធ​ប្រឆាំង​ហ្វាស៊ីស្ត និង​យោធា​និយម “ ដែល​នាំ​មុខ​ដោយ​សហភាព​សូវៀត អង់គ្លេស សហរដ្ឋអាមេរិក បារាំង លុះ​ទៅ​ទល់​ពេល​ចប់​សង្គ្រាម​ គឺ​មាន​ដល់​ទៅ​ជិត ៥០​ប្រទេស​ឯណោះ ក្នុង​នោះ​មាន​ជាអាទិ៍ ប្រទេស​ប៉ូឡូញ ចិន Yougoslavie tchecoslovaquie។

នៅ​ដើម​ឡើយ គឺ​ប្រទេស​អង់គ្លេស​ដែល​បាន​ចូល​ខ្លួន​មុន​គេ​ទៅ​ក្នុង​សង្គ្រាម នៅ​ថ្ងៃទី ៣ កញ្ញា ឆ្នាំ ១៩៣៩ បាន​ន័យ​ថា ២ថ្ងៃ​បន្ទាប់​ពី​អាល្លឺម៉ង់​បាន​វាយលុក​ទៅ​លើ​ប្រទេស​ប៉ូឡូញ ហេតុ​ដែល​បាន​បណ្តាល​ឲ្យ​ផ្ទុះ​ឡើង​ជា​សង្គ្រាម​លោក​លើក​ទី២​តែ​ម្តង។ ថ្ងៃទី ២២ មិថុនា ឆ្នាំ ១៩៤០ ប្រទេស​បារាំង​បាន​ធ្លាក់​ក្រោម​ការ​កាន់​កាប់​របស់​អាល្លឺម៉ង់​អស់​៣ភាគ៥។ ភ្លើង​សង្គ្រាម​នេះ​បាន​ឆាប​ឆេះ​ដល់​រុស្ស៊ី គឺ​នៅ​ថ្ងៃទី ២២ មិថុនា ឆ្នាំ ១៩៤១។ សហរដ្ឋអាមេរិក​បាន​ប្រកាស​ចូល​ខ្លួន​ទៅ​ក្នុង​សង្គ្រាម នា​ថ្ងៃទី ៧ ធ្នូ ឆ្នាំ១៩៤១ ពេល​ដែល​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​អាល្លឺម៉ង់​នៅ​អាស៊ី បាន​វាយប្រហារ​បំផ្លាញ​កង​នាវា​អាមេរិកាំង​នៅ​មូលដ្ឋាន Pearl Harbor កោះ Hawaii​ របស់​អាមេរិក។

ខកខាន​មិន​បាន​មក​ចូល​រួម​ដោយ​ផ្ទាល់ ក្នុង​ពិធី​បុណ្យ​ជ័យជំនះ​នៅ​ម៉ូស្គូ​ថ្ងៃ​នេះ គឺ​លោក​ប្រធានាធិបតី​អាមេរិក Barack Obama ដែល​ជាប់​សូត្រ​សិក្ខាបទ​ក្នុង​សកលវិទ្យាល័យ​មួយ​នែ​ប្រទេស​ខ្លួន ដ្បិត​គាត់​បាន​សន្យា​ជា​មួយ​និស្សិត​តាំង​ពី​យូរ​មក​ហើយ។ មិន​អាច​មាន​វត្តមាន​ដែរ គឺ​លោក​ប្រមុខរដ្ឋ​បារាំង Nicolas Sarkozy លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Silvio Berlusconi ដែល​សុទ្ធ​តែ​ជាប់​រវល់​ដោះស្រាយ​ជា​បន្ទាន់ វិបត្តិ​នៅ​តំបន់​ចាយ​លុយ​អឺរ៉ូ ព្រម​ទាំង​លោក នាយក​រដ្ឋមន្ត្រី​អង់គ្លេស Gordon Brown ដែល​កំពុង​វិល​ក្បុង​នឹង​ការ​ចាញ់​ឆ្នោត។

ប៉ុន្តែ​សំខាន់ គឺ​មាន​ការ​ចូល​រួម​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel ដែល​ថ្លែង​ថា សង្គ្រាម​នោះ​បាន​ជួយ​ឲ្យ​ដក​យក​មេរៀន​នៃ​ប្រវត្តិសាស្ត្រ​ដែល​តម្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា ចេះ​រួម​រស់​ក្នុង​សុខ​សន្តិភាព និង​មិត្តភាព​ជាមួយ​គ្នា។ ចំណែក​មេដឹក​នាំ​ចិន លោក Hu Jintao បាន​ហៅ​សង្គ្រាម​ធ្វើ​ដោយ​ប្រជាជន​សូវៀត​នោះ ថា​ជា “ សង្គ្រាម​ស្នេហាជាតិ “។ ជា​មួយ​គ្នា​នេះ នៅ​មាន​វត្តមាន​ពី​ប្រមុខរដ្ឋ​ជាង​២០​ប្រទេស​ទៀត ក្នុង​នោះ​មាន ប្រទេស​ប៉ូឡូញ Serbie វៀតណាម អ៊ីស្រាអែល Tcheque Slovaquie Estonie Croatie និង​បណ្តា​រដ្ឋ​ឯករាជ្យ​នៃ​អតីត​សហភាព​សូវៀត។ល។ និង។ល។

ទី​ប្រជុំ​បុណ្យ គឺ​ទី​លាន​ក្រហម​មុខ​វិមាន​ក្រឹម​ឡាំង ក្រុង​ម៉ូស្គូ។ បុណ្យ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ម៉ោង ១០ ព្រឹក។ បន្ទាប់​ពី​ការ​យាត្រា​ត្រួត​ពល ដោយ​រដ្ឋមន្ត្រី​ការពារជាតិ និង​សុន្ទរកថា​ថ្លែង​ដោយ​លោក​ប្រធានាធិបតី Medvedev ក្នុង​ឋានៈ​ជា​អគ្គមេបញ្ជាការ​ជាន់ខ្ពស់​បំផុត​របស់​ប្រទេស​មក ក៏​មាន​ការ​ដង្ហែរ​ចូល​ទីលាន គឺ​ទង់​ជ័យជំនះ​ដែល​កាល​ពី ៦៥ឆ្នាំ​មុន បាន​ត្រូវ​ទាហាន​រុស្ស៊ី​ដោត​លើ​អាគារ​រដ្ឋសភា​នៃ​ក្រុង Berlin ដែល​ជា​រដ្ឋធានី​នៃ​ប្រទេស​ចាញ់​សង្គ្រាម។ ក្បួន​ព្យុហយាត្រា​ផ្ទាល់ បើក​ដោយ​ការ​បោះជំហាន​ស្រុះៗ​គ្នា​នៃ​យោធា​រុស្ស៊ី​ចំនួន ១ម៉ឺន ៥រយ​នាក់។ បន្ទាប់​មក​ជា​លើក​ទី១ មាន​ការ​ចូល​រួម​ដង្ហែរ​ក្បួន​យាត្រា​ពី​កង​យោធា​ចំនួន ១៤​ប្រទេស សរុប ១ពាន់​នាក់ និង​ដែល​ជា​មធ្យម មួយ​ក្រុមៗ​មាន​គ្នា ៧០ នាក់។ កង​យោធា​ដែល​គួរ​ឲ្យ​ទាក់​ភ្នែក​ជាង​គេ គឺ​ក្បួន​យោធា​អង់គ្លេស បារាំង អាមេរិកាំង ប៉ូឡូញ ដែល​សុទ្ធ​តែ​ជា​ប្រទេស​សមាជិក​បក្ស​សម្ព័ន្ធ​អូតង់។

បន្តមក គឺ​ការ​យាត្រា​នាំ​ឲ្យ​លាន់​សូរ​សឹង​រង្គើ​ដី នៃ​យាន​យន្ត​ចំបាំង​ប្លែកៗ​ដល់​ទៅ ១៦១ គ្រឿង ឯណោះ ពី​ក្នុង​នោះ​មាន​ទាំង​កាំជ្រួច​មីស៊ីល​ទំនើប​បំផុត​ធុន Topol សម្រាប់​បាញ់​ឆ្លង​ទ្វីប​ទៅ​ចម្ងាយ ១០.០០០គ.ម.។ ជា​បញ្ចប់ គឺ​ការ​ហោះ​បញ្ចេញ​រាង​នៃ​អាកាសយាន​គ្រប់​ធុន​ចំនួន​ដល់​ទៅ ១២៧ គ្រឿង​ឯណោះ ហោះ​ចែក​ជា ២០ក្រុម ពី​ក្នុង​នោះ យន្តហោះ​ចំបាំង​គ្រប់​ធុន គឺ​៨៧​គ្រឿង និង ឧទ្ធម្ភាគចក្រ​ធុន​ធំៗ ប្លែកៗ ចំនួន ៤០គ្រឿង ហោះ​នៅ​កំពស់​តែ ៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ