អានតួអត្ថបទ
ក្រិក

វិបត្តិ​ក្រិក​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន និង​ប្រាក់​អឺរ៉ូ​ធ្លាក់ស្រុត​ចុះ

វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក​ បាន​បណ្តាល​ឲ្យ​កើត​មាន​បាតុកម្ម​ថ្មីៗ​ជា​ច្រើន ប្រឆាំង​នឹង​វិធានការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល កាល​ពី​ម្សិលមិញ នៅ​ប្រទេស​ក្រិក។ ទីផ្សារ​ភាគហ៊ុន​នៅ​អឺរ៉ុប និង​នៅ​ទូទាំង​ពិភពលោក​បាន​ស្គាល់​ការធ្លាក់​ដាំដូង។ ប្រាក់​អឺរ៉ូ​វិញ​ក៏​បាន​ធ្លាក់​ស្រុត​ចុះ​ដល់​កម្រិត​មួយសែនទាប​សម្រាប់​ រយៈពេល​មួយឆ្នាំ​ចុងក្រោយនេះ។

ប្រាក់​អឺរ៉ូ​ធ្លាក់​ចុះ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ក្រិក
ប្រាក់​អឺរ៉ូ​ធ្លាក់​ចុះ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ក្រិក ©Reuters
ផ្សាយពាណិជ្ជកម្ម

05:11

បទ​វិភាគ​របស់​សៀក សារិន

បន្ថែម​ពី​លើ​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ប្រទេស​ក្រិក​កំពុង​តែ​ត្រូវ​ធ្វើការ​ប្រឈម​តទល់​ ស្រាប់តែ​មាន​ទីភ្នាក់ងារ​Standard and Poor’s(SP)​បាន​ថ្លែង​ឲ្យ​ដឹង​ថា ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេសក្រិក​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ការប្រមាណ​ទុក​ ដែល​ទាំងនេះ​នឹង​ធ្វើឲ្យ​ប្រទេស​ក្រិក​មាន​ការលំបាក​កាន់តែ​ខ្លាំងឡើង​ក្នុង​ការស្វែង​រក​ប្រាក់​កម្ចី​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រាក់​បំណុល និង​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ខ្លួន។ កត្តា​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន និង​ប្រាក់​អឺរ៉ូ​ធ្លាក់ស្រុត​ចុះ​ខ្លាំង​បែប​នេះ។

ក្រោយ​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដ៏​ខ្មៅ​ងងឹត​ដែល​បណ្តាល​មក​ពី​ទីផ្សារ​ភាគហ៊ុន នៅ​ប្រទេស​សំខាន់ៗ និង​ទីផ្សារ​អឺរ៉ុប​ដែល​បាន​ឃើញ​តម្លៃ​ភាគហ៊ុន នៅ​ទីក្រុង​ប៉ារីស​ធ្លាក់​ដួល​ដាំដូង​ចុះ​អស់​-៣,៨២%​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​Francfort នៃ​ប្រទេស​អាល្លឺម៉ង់​ធ្លាក់​ស្រុត​អស់​-២,៧៣% ហើយ​និង​ទីក្រុង​Londres ស្រុត​អស់​-២,៦១%។ នៅ​ថ្ងៃពុធ​នេះ​ ទីផ្សារ​ភាគហ៊ុន​នៅ​ប្រទេស​សំខាន់ៗ និង​ទីផ្សារ​អឺរ៉ុប​ នៅ​តែ​បន្ត​ធ្លាក់​ស្រុត​ចុះ​ដ៏​គួរ​ឲ្យ​បារម្ភ។

ទីផ្សារ​ភាគហ៊ុន​នៃ​ប្រទេស​ព័រទុយហ្កាល នៅ​ម៉ោង​៨​ម៉ោង​សាកល នៃ​ថ្ងៃ​ពុធនេះ​បាន​ដាំដូង​បាត់បង់​អស់​-៥,៧១%​បន្ថែម​ទៀត។ ទីផ្សារ​ភាគហ៊ុន​នៃ​ប្រទេស​អេស្ប៉ាញ​បាន​បាត់បង់​អស់-៣,៥%។ រីឯ​ទីក្រុង​Paris ទីក្រុង​Francfort និង​ទីក្រុង​Londres​ក៏​បាន​ស្គាល់ការ​ធ្លាក់​ស្រុត​ចុះ​ពុំ​តិចឡើយ​នៅ​ថ្ងៃពុធនេះ។​ ទាំងនេះ​ ក៏​ពីព្រោះតែ​គេ​បារម្ភ​ខ្លាច​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក​ធ្លាក់​ចុះ​ដុនដាប​ខ្លាំងពេក​ ហើយ​ទីក្រុង​Athènes​លែង​មាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​សង​ប្រាក់​បំណុល​គេ​ឲ្យ​បាន​ទាន់​ពេល​ដូច​កាល​កំណត់។

ដើម្បី​ជួយ​ស្ដារ​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ហើយនិង​សហភាព​អឺរ៉ុប​បាន​សម្រេច​ចាត់​វិធានការ​យ៉ាង​រួសរាន់។ កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​ជួយ​ប្រទេស​ក្រិក​នឹង​ត្រូវ​សម្រេច នៅ​ថ្ងៃទី​២​ឧសភា​ខាង​មុខ​នេះ។ ចំណែកឯ​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​Angela Merkel ​ក៏​បាន​យល់ព្រម​ជួយ​ការពារ​ប្រទេស​ក្រិក ក្រោយពី​មាន​ការរួញរា។ ទាំងនេះ​ហើយ​ដែល​បាន​បណ្តាល​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​បារម្ភ​ខ្លាច​ក្រែង​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ហើយនិង​សហភាព​អឺរ៉ុប​មក​ជួយ​ដោះទុក្ខ​ប្រទេស​ក្រិក​ពុំទាន់​ពេល​វេលា។ ដោយ​ហេតុថា​ នៅ​ថ្ងៃទី១៩​ឧសភា​ដ៏​ខ្លី​ខាងមុខនេះ​ ទីក្រុង​Athènes ​ត្រូវ​ចាំបាច់​សង​ប្រាក់​បំណុល​គេ​ឲ្យ​បាន​ទាន់​ពេល ដូច​កាល​កំណត់​ទុក​ដែល​មាន​ដល់ទៅ ៩​ពាន់​លាន​អឺរ៉ូ។

ទីផ្សារ​ហិរញ្ញវត្ថុ​បារម្ភ​ខ្លាចក្រែង​វិបត្តិ​នៃ​ប្រទេស​ក្រិក​ឆ្លង​រីក​រាលដាល​ដល់​ប្រទេស​ព័រទុយហ្កាល និង​ប្រទេស​អេស្ប៉ាញ។ ប្រទេស​ព័រទុយហ្កាល និង​ប្រទេស​អេស្ប៉ាញ​ដែល​កំពុង​មាន​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្លាក់​ចុះ​ដុនដាប​ពុំ​ចាញ់​ប្រទេស​ក្រិក​ប៉ុន្មាន​ឡើយ ក៏​កំពុង​ឋិត​នៅ​ក្រោម​ការគំរាម​របស់​ទីផ្សារ​ហិរញ្ញ​វត្ថុ។ បច្ចុប្បន្ន​នេះ ប្រទេស​អេស្ប៉ាញ​មាន​អ្នកឥត​ការងារ​ធ្វើ​ដល់​ទៅ​ជាង​២០%​នៃ​ចំនួន​ប្រជាជន​សកម្ម។ ហើយ​បរិមាណ​នៃ​ប្រាក់​បំណុល​នៃ​ប្រទេស​ទាំងពីរ​នេះ​ក៏​មាន​ចំនួន​យ៉ាង​ច្រើន​មហិមា បើ​ប្រៀបប្រដូច​ទៅនឹង​ប្រទេស​ឯទៀតៗ​នៃ​សហភាព​អឺរ៉ុប។

ប្រសិន​ជា​គេ​ពុំ​ចាត់​វិធានការ​ជួយ​ប្រទេស​ក្រិក​ឲ្យ​បាន​ទាន់​ពេល​ទេ ប្រទេស​ក្រិក​អាច​នឹង​ឈាន​ទៅ​រក​ភាពធនក្ស័យ។ បើ​ប្រទេស​ក្រិក​ស្គាល់​ភាព​ធនក្ស័យ ប្រទេស​ព័រទុយហ្កាល ប្រទេស​អ៊ីតាលី និង​ប្រទេស​អេស្ប៉ាញ​ដែល​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​សែន​ដុនដាប ច្បាស់​ជា​នឹង​ត្រូវ​ឋិត នៅ​ក្រោម​ការគំរាម​របស់​ទីផ្សារ ហើយ​នៅ​ទី​បំផុត វិបត្តិ​ហិរញ្ញវត្ថុ​នឹង​រីក​រាលដាល​ដល់​ទូទាំង​អឺរ៉ុប បន្ទាប់​មក​ទៀត​ដល់​ទូទាំង​ពិភពលោក។

ហេតុដូច្នេះ​ហើយ​បាន​ជា​ប្រមុខ​ដឹកនាំ​នៃ​សហភាព​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​មាន​ជំនួប​កំពូល​មួយ នៅ​ថ្ងៃទី​១០​ឧសភា​ដើម្បី​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ឲ្យ​ប្រទេស​ក្រិក​ឲ្យ​បាន​ទាន់​ពេល​វេលា និង​ដើម្បី​ផ្តល់​ការទុកចិត្ត​ឲ្យ​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ កុំ​ឲ្យ​បារម្ភ​ជ្រួលច្របល់​ខ្លាំងពេក។ ក៏​ប៉ុន្តែ​ ទង្វើ​ទាំងនេះ​ពុំ​បាន​មក​ជួយ​ទប់ស្កាត់​ការភ័យ​បារម្ភ​របស់​ទីផ្សារ​ហិរញ្ញវត្ថុ​ឡើយ។ ជាក់ស្ដែង នៅ​ថ្ងៃ​ពុធ​នេះ គេ​នៅតែ​ឃើញ​មាន​ការស្រុត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ នៅ​អឺរ៉ុប អាមេរិក​ និង​នៅ​អាស៊ី។ ហើយ​ប្រាក់​អឺរ៉ូ​វិញ​ នៅ​ថ្ងៃ​ពុធ​នេះ​គេ​ឃើញ​ធ្លាក់​ស្រុត​ចុះ​មក​នៅ​ត្រឹម​១,៣១​ដុល្លារ សម្រាប់​១​អឺរ៉ូ​ដែល​ជា​កម្រិត​សែន​ទាប​ពុំ​ដែល​កើតមាន​សម្រាប់​រយៈពេល​មួយឆ្នាំ​ចុង​ក្រោយ​នេះ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ