អានតួអត្ថបទ
អ៊ុយក្រែន

ខួប ២៤ឆ្នាំ នៃ​ការ​ផ្ទុះ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​នៅ Tchernobyl

ថ្ងៃទី ២៦ មេសា​នេះ នៅ​ពេញ​ទូទាំង​ប្រទេស​អ៊ុយក្រែន ទង់ជាតិ​ត្រូវ​គេ​បង្ហូត​ត្រឹម​ពាក់​កណ្តាល​ដងទង់ ដើម្បី​រំលឹក​វិញ្ញាណក្ខ័ន្ធ​ជន​រងគ្រោះ​ដោយ​ការ​ផ្ទុះ​ម៉ាស៊ីន​ប្រតិករ​មួយ ​របស់​ស្ថានីយ​អគ្គិសនី​បរមាណូ នៅ​ជាយ​ទីក្រុង Tchernobyl កាល​ពី​ថ្ងៃទី ២៦ មេសា ឆ្នាំ១៩៨៦។ ចំណែក​លោក​ប្រធានាធិបតី Yanoukovitch ផ្ទាល់ បាន​អញ្ជើញ​ទៅ​កាន់​កន្លែង​សោកនាដកម្ម​នោះ​តែ​ម្តង ចូល​រួម​ក្នុង​មិទ្ទិញ​កាន់​ទុក្ខ។ 

ខួប ២៤ឆ្នាំ នៃ​ការ​ផ្ទុះ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​នៅ Tchernobyl
ខួប ២៤ឆ្នាំ នៃ​ការ​ផ្ទុះ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​នៅ Tchernobyl ©Reuters
ផ្សាយពាណិជ្ជកម្ម

02:56

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ ប្រទេស​រស្ស៊ី

កែវ ឆាយា

កាល​ពី ២៤ឆ្នាំមុនក្នុងយប់ពីថ្ងៃទី២៥ឆ្លង​ចូល​ថ្ងៃទី ២៦មេសាឆ្នាំ១៩៨៦​វេលា​ម៉ោង១និង២៣នាទីរំលង​អធ្រាត្រទៅ​ហើយពីក្នុងចំណោមម៉ាស៊ីន​ប្រតិករ​Reacteur nucleaire ៤ ដែល​នីមួយៗ​មាន​កម្លាំង​ភ្លើង ១.០០០ Megawatt នៃ​ស្ថានីយ​អគ្គិសនី​បរមាណូ​នៅ​ជាយ​ក្រុង Tchernobyl ប្រទេស​អ៊ុយក្រែន​ស្រាប់តែមានReacteur មួយ​បាន​ផ្ទុះ​ឡើង​ផ្ទួន​គ្នា​ជា​ពីរ​លើក ច្រាន​គម្រប​វា​ទម្ងន់​ដល់ ៣.០០០តោន ខ្ទាត​ទៅ​កំពស់​រាប់​សិប​ម៉ែត្រ​ឯណោះ។ ផ្ទុះ​នេះ គឺ​បណ្តាល​មក​ពី​ប្រព័ន្ធ​បូម​ទឹក​របស់​វា​សំរាប់​ធ្វើ​ឲ្យ​ត្រជាក់ ឡើង​ក្តៅ​ហួស​កំរិត។ ធាតុ​ធ្យូង graphite នៃ​ប្លុក​នោះ ឆេះ​ទ្រលោម​ពេញ​ក្នុង​ផ្ទៃ​មេឃ បង្កើត​​​ជា​ភ្នក់​អគ្គិភ័យ​ដ៏​សែន​គ្រោះថ្នាក់ សឹង ៣០​កន្លែង​នៅ​នឹង​ប្លុក​ជិត​ខាង។ ពី​ក្នុង​ចំណោម​​អ្នក​លត់​ភ្លើង ២៤០នាក់​ដំបូង ដែល​ខំ​ប្រយុទ្ធ​អស់ ៤​ម៉ោង​ទំរាំ​បង្ក្រាប​វា​បាន​ដូច​ចិត្ត មាន ៣១នាក់ បាន​ពលីជីវិត​ខ្លួន​មុន​គេ។

 
កំទេច​វិទ្យុ​សកម្ម​ភាយ​ចេញ​ពី​ធាតុ Uranium ១៨៦ តោន​ក្នុង​ប្លុក​ផ្ទុះ​ខូច​នោះ ដែល​ហើរ​ទៅ​លាយ​ជា​មួយ​ពពក​ស្រទាប់​ខ្ពស់ៗ ក៏​រសាត់​ទៅ​ធ្លាក់​នៅ​តាម​ដែនដីអ៊ុយក្រែនក្នុងផ្ទៃក្រឡា៥ម៉ឺនគ.ម.បណ្តាល​ឲ្យ​អ្នក​ស្រុក​ជាង ៣លាន​នាក់​រង​គ្រោះ ប្រែ​តំបន់​ក្នុង​រង្វង់ ៣០ គ.ម.នៅ​ជុំ​វិញ​កន្លែង​ផ្ទុះ រស់​នៅ​លែង​កើត។ តំបន់​ចំនួន​១៩​នៃ​ប្រទេស​រុស្ស៊ី​មាន​ផ្ទៃ​ក្រឡា ៦​ម៉ឺន​គម.រស់​នៅ ដោយ​បណ្តាជន ២លាន ៦សែន​នាក់​ក៏​រង​គ្រោះ​ដែរ។ រង​គ្រោះ​ទាំង​ដែន​ដី ៤ម៉ឺន​ ៦សែន គ.ម.របស់ Bielorussie នៅ​ជិត​ខាង។ ពី​ក្នុង​ចំណោម​មនុស្ស ៦ សែន​នាក់​ដែល​បាន​អន្តគមន៍​ដោយ​ផ្ទាល់​ដើម្បី​ជំនះ​លើ​ផលវិបាក​នៃ​មហន្តរាយ​នោះ ហើយ​ដែល​សរីរាង្គ​កាយ​គេ ផ្ចាញ់​ដោយ​ធាតុ​វិទ្យុ​សកម្ម គិត​ក្នុង​២៤ឆ្នាំ​កន្លង​ទៅ បាន​ក្ស័យ​ជីវិត​ទៅ​អស់​ជាង ២ម៉ឺន នាក់​ទៅ​ហើយ។

តាម​ការ​សន្និដ្ឋាន​របស់​ពួក​អ្នកប្រាជ្ញ ការ​ផ្ទុះ​នៅ Tchernobyl បាន​ផ្ចាញ់​ធាតុ​វិទ្យុ សកម្ម​ដល់​ទៅ ៩០ ដង​ខ្លាំង​ជាង​ផ្ចាញ់​ដោយ​ការ​ផ្ទុះ​នៃ​គ្រាប់បែក​បរមាណូ​ដែល​អាមេរិក​បាន​ទម្លាក់​ទៅ​លើ​ក្រុង​ជប៉ុន Hiroshima កាល​ពី ៦៥​ឆ្នាំ​មុន។ គួរ​និយាយ​ថា ប្លុក​ទាំង​៤ នៃ​ស្ថានីយ​អគ្គិសនី​បរមាណូ​នៅ​ជាយ​ក្រុងTchernobyl ធ្លាប់​ផ្តល់​ភ្លើង​អគ្គិសនី​បាន៤.០០០ Megawatt ពី​ក្នុង​កម្លាំង​ភ្លើង​សរុប​នៅ​អ៊ុយក្រែនបរិមាណ៧៥.៣០០ Megawatt បាន​ត្រូវ​បិទ​ឈប់​ឲ្យ​ដើរ​តាំង​ពី​ចុង​ឆ្នាំ២០០០​ម៉្លេះ។ បច្ចុប្បន្ន រដ្ឋាភិបាល​គ្រោង​សង់​ឡើង​ជា​គម្រប​យក្ស​ម្យ៉ាង កំពស់ ១០៥​ម៉ែត្រ ទទឹង ១៥០ម៉ែត្រ និង​បណ្តោយ ២៦០ម៉ែត្រ គ្រប​ពី​លើ​ផ្នូរ​ដែល​កប់​ប្លុក​ផ្ទុះ​ទី៤​នោះ ការពារ​ទល់​នឹង​ការ​ភាយ​ចេញ​នៃ​ធាតុ​វិទ្យុសកម្ម ហើយ​ដែល​សំរាប់​គោលដៅ​នេះ លោក​ប្រធានាធិបតីអាមេរិក Barack Obama បាន​ប្រកាស​ក្នុង​ជំនួប​កំពូល​ស្តី​អំពី​សន្តិសុខ​នុយក្លេអ៊ែរ នៅ​ក្រុង​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ ១២ មេសា​ថា អាមេរិក​នឹង​ផ្តល់​ដល់​អ៊ុយក្រែននូវទឹកប្រាក់២៥០លានដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ