អានតួអត្ថបទ
សហភាពអឹរ៉ុប-សហរដ្ឋអាមេរិក

លោកអូបាម៉ា ​និង​ថ្នាក់ដឹកនាំ​អឺរ៉ុប​សន្យា​បន្ត​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ដរាបណា​អ៊ុយក្រែន​មិន​ទាន់​មាន​សន្តិភាព

ជំនួប​កំពូល​ជា​លើក​ចុងក្រោយ ​ជា​ការ​លាគ្នា ​រវាង​លោក​អូបាម៉ា​ និង​ថ្នាក់​ដឹកនាំ​កំពូល​អឺរ៉ុប​ ​នៅ​ទីក្រុង​ប៊ែក​ឡាំង ​ បាន​បិទ​បញ្ចប់​ទៅ ​នៅ​រសៀល​ថ្ងៃ​ទី​១៨​ វិច្ឆិកា។ ថ្នាក់​ដឹកនាំ​ទាំង​អស់​ ​បាន​សន្យា​ថា​នឹង​ចាប់ដៃ​គ្នា ​ដើម្បី​បន្ត​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ ដរាបណា​កិច្ច​ព្រមព្រៀង​សន្តិភាព​ពេញ​លេញ​មួយ ​សម្រាប់​អ៊ុយក្រែន​ ​នៅ​មិន​ទាន់​បាន​អនុវត្ត​ទេ​នោះ។ ដូចគ្នា​ដែរ​ថា្នក់ដឹក​នាំ​ទាំង​អស់​ បាន​សន្យា​ថា​នឹង​បន្ត​ការងារ​នៅ​ក្នុង​អង្គការ​អូតង់ ​បើ​ទោះបី​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី ​ធ្លាប់​បាន​ឃោសនា​ថា ​នឹង​សើ​រើ​តួនាទី​របស់​អាមេរិក​ក្នុង​អង្គការ​នេះ​ក៏ដោយ។

ជំនូួបពិសេស​ រវាងលោកអូបាម៉ា និង​ថ្នាក់ដឹកនាំ​ប្រទេសធំៗ​ទាំង​​៥​នៅ​​អឺរ៉ុប​ នៅ​​ក្រុង​​ប៊ែកឡាំង​ ថ្ងៃ​ទី​​១៨ ​វិច្ឆិកា​​ ២០១៦
ជំនូួបពិសេស​ រវាងលោកអូបាម៉ា និង​ថ្នាក់ដឹកនាំ​ប្រទេសធំៗ​ទាំង​​៥​នៅ​​អឺរ៉ុប​ នៅ​​ក្រុង​​ប៊ែកឡាំង​ ថ្ងៃ​ទី​​១៨ ​វិច្ឆិកា​​ ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​ពិសេស​​ជា​លើក​ចុងក្រោយ​សម្រាប់​លោក​អូបាម៉ា ​នេះ ​ មាន​វត្តមាន​ថ្នាក់​ដឹកនាំ​អឺរ៉ុប​ដូចជា​ លោក​ហ្វ្រង់ស័រ ហូឡង់ ​ប្រធានាធិបតី​បារាំង ​ លោកស្រី​អង់ហ្គេឡា ​មែគែល ​អធិការបតី​អាល្លឺម៉ង់ ​លោក​ម៉ាតេអូ រេនហ្ស៊ី ​នាយករដ្ឋមន្ត្រី​អ៊ីតាលី ​និង​លោកស្រី​តេរ៉េសា ម៉េ ​នាយករដ្ឋមន្ត្រី​អង់គ្លេស។

 
សារ​ផ្តែរផ្តាំ​មាន​ជា​ច្រើន ​ដែល​លោក​អូបាម៉ា ​បាន​សំណូមពរ​ឲ្យ​ថ្នាក់​ដឹកនាំ​អឺរ៉ុប​ ជួយ​ពួតដៃ​គ្នា ​ ដើម្បី​ថែរក្សា​សន្តិភាព ​និង​តំលៃ​ប្រជាធិបតេយ្យ​នៃ​សកលលោក។ ក្នុង​ចំណោម​បញ្ហា​ធំៗ ​គឺ​មាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ​ដែល​លោក​អូបាម៉ា ​មាន​ការ​ព្រួយ​បារម្ភ។ ថ្នាក់​ដឹកនាំ​អឺរ៉ុប​ ព្រមទាំង​លោក​អូបាម៉ា ​បាន​សន្យា​នឹង​គ្នា​ថា ​បើ​ទោះ​បី​អាមេរិក​ផ្លាស់ប្តូរ​ប្រធានាធិបតី​ថ្មី​ ​តែ​អឺរ៉ុប​នឹង​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ ​ក្នុង​ការ​រក្សា​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី ​ដរាបណា ​រុស្ស៊ី​មិន​ព្រម​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព ​ជាមួយ​អ៊ុយក្រែន​ទេ​នោះ។

ចំណុច​សំខាន់​មួយ​ទៀត ​ គឺ​ទាក់ទិន​ទៅ​នឹង​តួនាទី​របស់​អង្គការ​អូតង់។ ប្រទេស​អឺរ៉ុប​បាន​សន្យា​ថា ​នឹង​បន្ត​ចំណង​សហប្រតិបត្តិការ ​និង​ការ​សាមគ្គីគ្នា ​ដើម្បី​រក្សា​សន្តិសុខ​តំបន់ ​ ហើយ​ត្រៀម​ខ្លួន​ជានិច្ច​ ដើម្បី​ទប់ទល់​ជាមួយ​នឹង​ការ​គំរាមកំហែង​របស់​រុស្ស៊ី។ លោក​អូបាម៉ា ​បាន​រំលឹក​អំពី​តួនាទី​របស់​អង្គការ​អូតង់​ និង​តួនាទី​របស់​អាមេរិក​ ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​បាន​ជួយ​រក្សា​ការពារ​សន្តិសុខ​និង​សុវត្ថិភាព​ទាំង​សងខាង​មហា​សមុទ្រ​អាត្លង់ទិក។

សូម​បញ្ជាក់​ថា ​ ក្រោយ​ពេល​ដែល​លោក​ដូណាល់ត្រាំ ​បាន​ជាប់ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​ របស់​អាមេរិក​ ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជាខ្លាំង ​ដោយ​គេ​ខ្លាច​បន្ទាត់​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក ​ នឹង​ប្រែប្រួស​ខុស​គ្នា​មេឃ​នឹង​ដី ​ ​ពី​អ្វី​ដែល​លោក​អូបាម៉ា ​បាន​អនុវត្ត​កន្លង​មក។

ក្នុង​ពេល​ឃោសនា ​លោក​ដូណាល់ត្រាំ ​បាន​អំពាវ​នាវ​ថា ​សហរដ្ឋ​អាមេរិក​ គួរតែ​ខិត​ទៅ​ចូល​ឲ្យ​ជិត​នឹង​រុស្ស៊ី។ លោកក៏​បាន​អំពាវនាវ​ទៀត​ថា ​ បើ​លោក​ឈ្នះ​ឆ្នោត ​ លោក​នឹង​រុះរើ​ដំណើរការ​របស់​អង្គការ​អូតង់ ​ព្រោះ​លោក​មិន​ចង់​ឲ្យ​អាមេរិក​តែម្នាក់​ឯង ​ជាអ្នក​ទទួល​បន្ទុក​ផ្តល់​លុយកាក់ ​និង​ការពារ​សន្តិសុខ​ដល់​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​ទេ។ បើ​ចាំបាញ់ ​លោក​ដូណាល់ត្រាំ ថា​នឹង​ដក​ខ្លួន​ចេញ​ពី​អូតង់​ទៀត។

ក្រៅ​ពីការ​ព្រួយ​បារម្ភ​ ពី​ចរន្ត​ការទូត​របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី ​ ប្រទេស​នៅ​អឺរ៉ុប​ក៏​មាន​ការ​បារម្ភ​ផងដែរ​ពី ​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​អាមេរិក ​ ក្នុង​អាណត្តិ​របស់​លោក​ដូណាល់ត្រាំ។ បើសិន​ជា​ដូច​ការ​ប្រកាស​ឃោសនា ​របស់​លោក​ដូណាល់ត្រាំ ​អាមេរិក ​និង​ក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បិទខ្ទប់ ​ តាម​រយៈ​ការ​ដាក់​ជញ្ជាំង​រាំងខ្ទប់​ ​ការដោះដូរ​ពាណិជ្ជកម្ម​សេរី ​ ជាមួយ​ប្រទេស​ផ្សេងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ