អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី៖ សកម្មជន​ប្រឆាំង​ឈ្មោះ ​Navalny ​និង​គ្នីគ្នា​ជាង ៣៥០​នាក់ ត្រូវ​បាន​ចាប់ខ្លួន

មេក្រុម​ប្រឆាំងនឹងវិមានក្រេមឡាំង លោក Alexei Navalny ព្រមទាំងបក្សពួក ជាង៣៥០នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍ ទី​៥ឧសភា ក្នុងដំណើរប្រព្រឹត្តទៅនៃ បាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលចាត់ចែងឡើង ដោយឆ្លងកាត់ដែនដីរុស្ស៊ីដ៏ធំល្វឹងល្វើយ ពីតំបន់ចុងបូព៏ា មកកាន់តំបន់ខាងលិចបង្អស់ នៃប្រទេស ខណៈ ដែល នៅសល់ពីរថ្ងៃសោះ ដល់ពេល លោក វ៉្លាឌីមៀរ ពូទីន ទទួលសច្ចាប្រណិធាន ឡើកជា ប្រធានាធិបតី សហព័ន្ធរុស្ស៊ី សម្រាប់អាណត្តិទី៤ ដែលនឹងពន្យារទៅ ៦ឆ្នាំទៀត។

នគរបាល ចាប់​អូស​ក្រុម​បាតុករ នៅ​ក្រុងម៉ូស្គូ ថ្ងៃ​ទី​៥ ឧសភា ២០១៨​
នគរបាល ចាប់​អូស​ក្រុម​បាតុករ នៅ​ក្រុងម៉ូស្គូ ថ្ងៃ​ទី​៥ ឧសភា ២០១៨​ REUTERS/Tatyana Makeyeva
ផ្សាយពាណិជ្ជកម្ម

លោក Navalny មិនបានត្រូវអនុញ្ញាតឲ្យចូលប្រឡូកក្នុងការបោះឆ្នោតប្រធានាធិបតី ថ្ងៃ ១៨ មិនា កន្លងទៅឡើយ ដែលក្នុងការបោះឆ្នោតនេះ លោក ពូទីន ដណ្តើមបានជ៏យជំនះ ដោយសម្លេងគាំទ្រដល់ទៅ ជាង ៧៦% ។ មូលហេតុ មកពី លោក Navalny នៅជាប់ឈ្មោះ ជាទណ្ឌិត ដែលមតិគាត់ផ្ទាល់ គឺ ស្រប នឹង ខ្សែញាក់របស់វិមានក្រេមឡាំងតែម្តង។

គឺទៅតាមសេចក្តីអំពាវនាវរបស់លោក Navalny ដែលបាតុករទាំងពាន់ៗនាក់បានចុះថ្នល់តវ៉ា នៅតាមក្រុង ជាច្រើននៃប្រទេស ក្រោមពាក្យស្លោក “ ប្រទេសរុស្ស៊ីនឹងមានសេរីភាព ! “ “ បរាជ័យ ស្តេចត្សារពូទីន ! “ ប៉ុន្តែ បាតុកម្មទាំងនោះ ប្រព្រឹត្តទៅ ដោយគ្មានសេចក្តីអនុញ្ញាត របស់អាជ្ញាធរទេ។

ស្របនឹងតួលេខផ្តល់ដោយ អង្គការដែលមាន ឯកទេសកម្មខាងតាមដានការចាប់ចង យ៉ាងហោចណាស់ បក្សពួក Navalny ចំនួន ៣៥០ នាក់ ត្រូវបាននាំខ្លួន ទៅបកប៉ូលីស ដែលពីក្នុងនោះ ៥២ នាក់នៅម៉ូស្គូ និង ៩៧ នាក់ នៅក្រុង Tcheliabinsk តំបន់ភ្នំ Oural។ អង្គការនេះ ចង្អុលឲ្យឃើញថា បូលីសបានប្រើ ធម៏ ក្តៅគ្មានប្រណីទេ ពេលឃាត់ខ្លួន លុះទាល់តែសាច់បាតុករខ្លះ ឡើងជាំ និងជាប់ដោយស្នាមរលាត់ទៅផង។

នៅម៉ូស្គូ ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកពួកបាតុករ និងប្រើកម្លាំងបំបែកជួរពួកគេ ព្រមជាមួយនេះ  ការវាយតប់គ្នាបានកើតមានឡើង រវាង បក្សពួកមេប្រឆាំង និង ពួកសកម្មជននៃចលនាដែលគាំទ្រ វិមាន ក្រេមឡាំង។

រូបលោក Navalny ផ្ទាល់ គ្រាន់តែគាត់បានទៅដល់ កន្លែងបាតុកម្មនៅម៉ូស្គូ គឺបានត្រូវប៉ូលីសឃាត់ខ្លួនភ្លាម ភ្លែត ក្រោមសម្រែកមហាជន “ គួរឲ្យអាម៉ាស់ៗ “ ស្រែកជាភាសាអ៊ុយក្រែន រំលឹកអំពីពាក្យស្លោកដ៏ល្បីនេះ បន្លឺឡើង កាលពី ៤ ឆ្នាំមុន ក្នុងបដិវត្តន៍ពណ៏នៅ ក្រុងគៀវ។

នៅក្រុង Saint-Petersbourg ក្រុងទី២នៃប្រទេសរុស្ស៊ី មនុស្សរាប់ពាន់នាក់ បានដើរជាក្បួនយាត្រា តាមមហាវិថីកណ្តាលក្រុង ទាំងនាំគ្នាស្រែកថា  ពូទីន ជាចោរ, ពូទីន ចុះចេញពីតំណែងទៅ “។  

តាមបណ្តាញ Twitter លោក Navalny សរសេរជាអាទ៏  ៖ លោកតាកំសាកពូទីន តែងគិតថាគាត់ ជា ស្តេចត្សារ ប៉ុន្តែ គាត់មិនមែនជាស្តេចត្សារទេ ម៉្លោះហើយ បានជាគាត់ត្រូវចុះមកលើថ្នល់ នៅថ្ងៃ ៥ ឧសភា

ចំណែក លោក វ៉្លាឌីមៀរ ពូទីន កំពុងតែត្រៀមខ្លួន ទទួលពាក្យសម្បថ នៅថ្ងៃចន្ទ៧ឧសភា ដើម្បីក្លាយជា ប្រមុខរដ្ឋរុស្ស៊ី អាណត្តិទី៤ រហូតដល់ឆ្នាំ ២០២៤ ដែលទៅទល់ពេលនោះ គាត់នឹងកាន់អំណាចបាន ២៤ ឆ្នាំ ដោយចាញ់តែ ស្តាលីន ម្នាក់គត់ ដែលបានដឹកនាំប្រទេសជិត ៣០ ឆ្នាំ ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ