អានតួអត្ថបទ
បារំាង

លោកហូឡង់៖អនាគត​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ត្រូវតែ​មាន​លក្ខណៈ​បង្ខិត​បង្ខំ​តាម​ផ្លូវ​ច្បាប់

ជាង ២សប្តាហ៍​មុន​នឹង​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​បើក​ធ្វើ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង មាន​ការ​លើក​ឡើង​ខុសៗ​គ្នា​ទាក់ទង​នឹង​អនាគត​កិច្ចព្រមព្រៀង​ដែល​នឹង​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ក្រោយ​សន្និសីទ។ សម្រាប់​សហរដ្ឋអាមេរិក លោក​ប្រមុខ​ការទូត​ចន ឃ៊ែរី​បាន​អះអាង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត Financial Times នា​ថ្ងៃ​ព្រហស្បតិ៍ ទី១២ វិច្ឆិកា​ថា អនាគត​កិច្ចព្រមព្រៀង​ក្នុង​ក្រុង​ប៉ារីស​ដែល​កំណត់​ពី​កម្មវត្ថុ​កាត់​បន្ថយ​កំដៅ​ក្នុង​ភពផែនដី​នឹង​គ្មាន​លក្ខណៈ​បង្ខិតបង្ខំ​តាម​ផ្លូវ​ច្បាប់​ទេ និង​ថា ករណី​នេះ​ក៏​ធ្លាប់​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​ក្រុង​ក្យូតូ​ឆ្នំា ១៩៩៧ ដែរ។ បារំាង​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយ​មិន​សប្បាយចិត្ត​នឹង​សម្តី​របស់​លោក​ឃ៊ែរី​ទេ។

លោកប្រធានាធិបតីបារំាងហ្រ្វង់ស័រ ហូឡង់
លោកប្រធានាធិបតីបារំាងហ្រ្វង់ស័រ ហូឡង់ AFP/POOL/AFP
ផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​បារាំង​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​សម្តី​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​មុន​គេ គឺ​លោក​ប្រមុខ​ការទូត​បារំាង​ឡូរ៉ង់ ហ្វាប៊ីយូស។ លោក​ហ្វាប៊ីយូស​ដែល​បាន​ចាត់​ទុក​ការ​លើកឡើង​របស់​លោក​ឃ៊ែរី​ថា គួរ​ឲ្យ​សោកស្តាយ​ខ្លំាង​ណាស់។ លោក​ប្រមុខ​ការទូត​បារំាង​បាន​បន្ថែម​ថា អ្វី​ដែល​គេ​អាច​បន្ត​ជជែក​គ្នា​បាន គឺ​ប្រភេទ​នៃ​អនាគត​នៃ​សេចក្តី​សម្រេច តើ​ជា​កិច្ចព្រមព្រៀងអន្តរជាតិ ឬ​មួយ​ជា​សន្ធិសញ្ញាអន្តរជាតិ។ សម្រាប់​លោក​ហ្វាប៊ីយូស ទោះ​បី​ជា​កិច្ចព្រមព្រៀង ឬ​សន្ធិសញ្ញា គឺ​ត្រូវ​តែ​មាន​ការ​អនុវត្តន៍​ជាក់ស្តែង​តាម​ផ្លូវច្បាប់ ពោល​មិនមែន​ជា​កិច្ចព្រមព្រៀង​ខ្យល់ ឬ​សន្ធិសញ្ញា​ខ្យល់​នោះ​ទេ។

ប្រតិកម្ម​ក៏​មាន​ដែរ​ពី​​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់។ ថ្លែង​ពី​ប្រទេស​ម៉ាល់​ដែល​លោក​កំពុង​ចូលរួម​ក្នុង​ជំនួបកំពូល​អឺរ៉ុប-អាហ្រ្វិក​ស្តីពី​ជនភៀសខ្លួន លោក​ហូឡង់​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖
 

01:13

ប្រសាសន៍​របស់​លោកហូឡង់​ប្រែសម្រួល​ដោយ គួច គន្ធារ៉ា

គួច គន្ធារ៉ា

« ប្រសិន​បើ​កិច្ចព្រមព្រៀង​មិន​មាន​លក្ខណៈ​បង្ខិតបង្ខំ​តាម​ផ្លូវច្បាប់​ទេ គឺ​ដូច​ជា​គ្មាន​កិច្ចព្រមព្រៀង​អ៊ីចឹង​ដែរ។ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា គេ​ពិត​ជា​មិន​អាច​ផ្ទៀងផ្ទាត់​មើល ឬ​មួយ​ក៏​ត្រួតពិនិត្យ​លើ​កិច្ចសន្យា​ទំាង​អស់​ដែល​នឹង​អនុម័ត​នៅ​ពេល​ខាង​មុខ។
 
ខ្ញុំ​យល់​ណាស់​ថា សហរដ្ឋអាមេរិក​កំពុង​ជួប​ប្រទះ​នូវ​ការ​ប្រទាញប្រទង់​ជាមួយ​សភា​របស់​ខ្លួន ហើយ​នេះ ជា​រឿង​មួយ​ធម្មតា​ទេ ហើយ​ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​លំបាក​ខ្លំាង​ណាស់។ ក៏​ប៉ុន្តែ បើ​មាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​នៅ​ថ្ងៃ​ខាង​មុខ កិច្ចព្រមព្រៀង​នោះ​នឹង​ត្រូវ​តែ​មាន​លក្ខណៈ​បង្ខិតបង្ខំ ហើយ​រាល់​ពាក្យ​សន្យា​ទំាង​ឡាយ​ដែល​បាន​អនុម័ត​នឹង​ត្រូវ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ។
 
សហរដ្ឋអាមេរិក​ខ្លួន​ឯង​បាន​យល់​ព្រម​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​កំដៅ​ក្នុង​ភពផែនដី។ គឺ​អាមេរិក​ខ្លួន​ឯង​នេះ​ហើយ​ដែល​បាន​បង្ហាញ​ពី​ឆន្ទៈ និង​ការ​សន្យា​ខ្លួន ព្រម​ទំាង​ចង់​ឲ្យ​មាន​ការ​តាមដាន​ផ្ទៀងផ្ទាត់​ជា​ប្រចំា​នៃ​ដំណើរ​ការ​អនុវត្តន៍​កិច្ចសន្យា​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​ដោយ​មិន​ឲ្យ​សីតុណ្ហភាព​ក្នុង​បរិយាកាស​កើន​លើស​ពី ២អង្សារ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ