អានតួអត្ថបទ
អ៊ុយក្រែន

រដ្ឋសភា​អ៊ុយក្រែន​នីតិកាល​ថ្មី ថ្ងៃនេះ បាន​រួម​ប្រជុំ​ពេញ​អង្គ​ជា​លើក​ដំបូង

រដ្ឋសភានេះ ត្រូវបានបង្កើតឡើង ស្រប​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​មុន​អាណត្តិ ដែល​បាន​ប្រព្រឹត្ត​ទៅ​មួយ​ខែ​មុន គឺ​ថ្ងៃ​២៦​តុលា។ អាសនៈ​ភាគ​ច្រើន​លើសលុប ក្នុង​រដ្ឋសភា​នេះ គឺ​ដណ្តើម​បាន​ដោយ​គណបក្ស​ទាំងឡាយ ក្រោម​ការដឹកនាំ​នៃ​អ្នក​បស្ចិមលោកនិយម ដែល បាន​ធ្វើ បដិវត្តន៍​មាន​ពណ៌ ក្រោម​ឈ្មោះ​ថា “ម៉ៃដាន” ជាឈ្មោះ​ទី​លាន​ឯករាជ្យ​កណ្តាល ក្រុង​គៀវ ពន្យារ​ទៅ​អស់​៣​ខែ​ទម្រាំ​ផ្តួល​របប​ដឹកនាំ មាន​ទំនោរ​មក​ខាង​រុស្ស៊ី កាល​ពី​ថ្ងៃ​២២ កុម្ភៈ។

សភា​អ៊ុយក្រែន​​បើក​សម័យ​ប្រជុំ​នីតិកាល​ថ្មី​ ថ្ងៃទី ២៧ វិច្ឆិកា ២០១៤
សភា​អ៊ុយក្រែន​​បើក​សម័យ​ប្រជុំ​នីតិកាល​ថ្មី​ ថ្ងៃទី ២៧ វិច្ឆិកា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

ដោយចាប់ផ្តើមសម័យប្រជុំពេញអង្គនេះ តំណាងរាស្ត្រ​ទាំង​៤២៣​នាក់ បាន​ច្រៀង​ចម្រៀង​បួងសួង សុំ​សន្តិភាព​សម្រាប់​ទឹកដី​អ៊ុយក្រែន និង​បាន​ទទួល​សច្ចាប្រណិធាន។ ចំណុច​មួយ​គួរ​ឲ្យ​កត់សម្គាល់ គឺ​ថា ពី​ក្នុង​៤២៣​នាក់​នោះ អវត្តមាន​គឺ​តែ​ម្នាក់​គត់ លោកស្រី Nadezhda Savchenko អតីត​អ្នក​បើក​ឧទ្ធម្ភាគចក្រ​យោធា ដែល​កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង នៅ​រុស្ស៊ី ក្រោម​បទ​ចោទ​ប្រកាន់​ថា គាត់​បាន​បាញ់​សម្លាប់​អ្នក​កាសែត​រុស្ស៊ី​ដោយ​ចេតនា ហើយ ដែល​ត្រូវ គណបក្ស​លោកស្រី អតីត​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន Julia Timochenko ប្រកាស​ថា ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​អ៊ុយក្រែន តាម​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​គាត់ និង​ថែម​ទាំង​ជាប់​ជា​តំណាងរាស្ត្រ​អ៊ុយក្រែន ប្រចាំ​នៅ​សភា​អឺរ៉ុប​ទៅ​ផង ដើម្បី​ផ្តល់​ដល់​រូប​ស្ត្រី​នេះ នូវ​អភ័យឯកសិទ្ធិ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្តី ក៏​តំណាងរាស្ត្រ​រូប​នេះ នៅ​បន្ត​ជាប់​ក្នុង ពន្ធនាគារ​រុស្ស៊ី​ដដែល។  

 
ថ្ងៃព្រហស្បតិ៍​នេះ ត្រូវ​ប្រកាស​អំពី សម្ព័ន្ធ​ភាគ​ច្រើន នៃ​ពួក​អ្នកតំណាងរាស្ត្រ ដែល​ផ្សំ​ឡើង​ពី ៥​គណបក្ស សុទ្ធ​តែ​បស្ចិម​លោក​និយម ដែល​ក្នុង​ការបោះឆ្នោត​សភា​មួយ​ខែ​មុន បាន​ទទួល សម្លេង​គាំទ្រ លើស​ពី​៥% ហើយ​ដណ្តើម​បាន​អាសនៈ​ប្រចាំ​នៅ​រដ្ឋសភា។ ដើរ​តួ​ជា​ស្នូល​នៃ​សម្ព័ន្ធ​នោះ គឺ​គណបក្ស​លោក​ប្រធានាធិបតី ប៉ូរូឆេនកូ ដែល​ទទួល​បាន​អាសនៈ​ចំនួន​ដល់ ១៣២ និង​គណបក្ស​លោក​នាយក​រដ្ឋមន្ត្រី យ៉ាតសេញុក ដែល​បាន​៨២​អាសនៈ។ 

គណបក្សមួយទៀត ដែល​ចាត់ទុក​ខ្លួន​ឯង​ជា បក្សប្រឆាំង ក្នុង​ការបោះឆ្នោត​កន្លង​ទៅ ក៏​ចេះ​ដណ្តើម​បាន​អាសនៈ​ចំនួន​ដល់ ៦៤ ប៉ុន្តែ​ត្រូវ​ពួក​បាតុករ ដែល​ផ្តុំ​គ្នា​នៅ​ពី​មុខ​អគារ​រដ្ឋសភា ស្រែក​ហួច​ចំអក​ឲ្យ ទាំង​ត្មះ​តិះដៀល​គេ ថា​ចង់​បម្រើ​ឲ្យ​ផលប្រយោជន៍​រុស្ស៊ី​ឬ?​

សម័យប្រជុំ​ពេញ​អង្គ​ថ្ងៃ​នេះ បន្ទាប់​ពី​ដក​ឃ្លា​ទៅ​សម្រាក​មួយ​រយៈ​សិន នឹង​ចាប់​ផ្តើម​ធ្វើការ បោះឆ្នោត​ជ្រើសរើស​រូប​ប្រធាន​ថ្មី​នៃ​រដ្ឋសភា។

ជាការកត់សម្គាល់ តាំងពី​អ៊ុយក្រែន​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៩១​មក រដ្ឋសភា​លើកនេះ ជា រដ្ឋសភា​នីតិកាល​ទី​៨ ដែល​មាន​អាណត្តិ​រយៈពេល​៥ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ