អានតួអត្ថបទ
បារំាង-អ៊ីរ៉ង់

ហេតុអ្វី​បាន​ជា​បារំាង​ទទួល​រង​ការ​វាយប្រហារ​ពី​អ៊ីរ៉ង់​ខ្លំាង​​ម៉្លេះ?

នៅ​ថ្ងៃ​ពុធ ទី២៩ កក្កដា លោក​រដ្ឋមន្រ្តី​ការបរទេស​បារំាង Laurent Fabius នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​បារំាង​នៅ​អ៊ីរ៉ង់​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១៤ កក្កដា​កន្លង​ទៅ​រវាង​សហគមន៍​អន្តរជាតិ និង​ភាគី​អ៊ីរ៉ង់។ តែ​នា​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ទៅ​ដល់​របស់​លោក​ប្រមុខ​ការទូត​បារំាង​នៅ​អ៊ីរ៉ង់ ក្រុម​អ្នក​អភិរក្ស​និយម រួម​ទំាង​មធ្យោបាយ​ឃោសនា​មហាជន​អ៊ីរ៉ង់​មួយ​ចំនួន​បាន​នាំ​គ្នា​វាយប្រហារ​ខ្លាំងៗ​លើ​រូប​​លោក Fabius។  នៅ​ថ្ងៃ​អង្គារ ទី២៨ កក្កដា​នេះ លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​ព្រមាន​ទុក​ជា​មុន​រួច​ជា​ស្រេច​ថា ឥរិយាបថ​របស់​អ៊ីរ៉ង់​ចំពោះ​លោក Fabius គឺ​ជា​តេស្ត​ដ៏​សំខាន់​សម្រាប់​ទំនាក់ទំនង​អ៊ីរ៉ង់ និង​បារាំង។

លោក​​ប្រធានាធិបតី​បារំាង François Hollande និង​លោក​រដ្ឋមន្រ្តី​ការបរទេស Laurent Fabius
លោក​​ប្រធានាធិបតី​បារំាង François Hollande និង​លោក​រដ្ឋមន្រ្តី​ការបរទេស Laurent Fabius REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

បើ​និយាយ​ជា​លក្ខណៈ​ទូទៅ គឺ​ប្រទេស​បារំាង​តែ​ម្តង​ដែល​កំពុង​ទទួល​រង​ការ​វាយប្រហារ​យ៉ាង​ចាស់​ដៃ​ពី​ប្រទេស​អ៊ីរ៉ង់ ពិសេស​ពី​ក្រុមអ្នក​អភិរក្សនិយម​អ៊ីរ៉ង់។ ចូរ​កុំ​ភ្លេច​ថា ប្រជាជន​អ៊ីរ៉ង់​មិន​មែន​ទើប​ស្គាល់​លោក Laurent Fabius ដោយ​សារ​តែ​លោក​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស​បារំាង​សព្វថ្ងៃ​ទេ តែ​ធ្លាប់​ស្គាល់​តំាង​ពី​លោក​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​បារំាង​ចន្លោះ​ខែ​កក្កដា ឆ្នំា ១៩៨៤ និង​ខែ​មីនា ឆ្នំា ១៩៨៦ ក្រោម​លោក​ប្រធានាធិបតី François Mitterrand។ មាន​រឿងរ៉ាវ​សំខាន់​ចំនួន​ពីរ​ដែល​ប្រជាជន​អ៊ីរ៉ង់​មិន​អាច​បំភ្លេច​ឈ្មោះ​លោក Laurent Fabius បាន គឺ​រឿង​អតីតកាល​ក្នុង​នាម​លោក​ជា​នាយករដ្ឋមន្រ្តី និង​រឿង​បច្ចុប្បន្ន​​ក្នុង​នាម​លោក​ជា​រដ្ឋមន្រ្តី​ការបរទេស។

រឿង​បច្ចុប្បន្ន គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ជំហរ​របស់​បារំាង​ទាក់ទង​នឹង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ជា​ការ​ពិត ជិត ២សប្តាហ៍​កន្លង​មក​ហើយ​ដែល​សហគមន៍​អន្តរជាតិ និង​ភាគី​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​មួយ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ចម្រូងចម្រាស តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្នុង​ចំណោម​ភាគី​ចរចា ៥ បូក​១ ដែល​មាន​អាមេរិក អង់គ្លេស រុស្ស៊ី ចិន និង​អាល្លឺម៉ង់ បារំាង​ជា​ប្រទេស​ដែល​មាន​ជំហរ​តឹងតែង​ជាង​គេ​ចំពោះ​អ៊ីរ៉ង់ ពោល​មិន​ចេះ​តែ​ផ្តល់​សម្បទាន​ងាយៗ​ឲ្យ​អ៊ីរ៉ង់​ទេ។ ធ្ងន់ធ្ងរ​ជាង​នេះ អ៊ីរ៉ង់​បាន​ចោទ​លោក Laurent Fabius ពី​បទ​គំាទ្រ​ជំហរ​របស់​ប្រទេស​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សត្រូវ​ស៊ូពូជ​របស់​អ៊ីរ៉ង់​ពាក់ព័ន្ធ​នឹង​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

ចំណែក​រឿង​អតីតកាល​ដែល​មិន​អាច​រំងាប់​កំហឹង​របស់​ប្រជាជន​អ៊ីរ៉ង់ គឺ​ទាក់ទង​នឹង​រឿង​ឈាម​មាន​ផ្ទុក​មេរោគ​អេដស៍ ឬ​មេរោគ​ថ្លើម​ដែល​ក្រុមហ៊ុន​បារំាង​មួយ​បាន​លក់​ទៅ​បរទេស ពិសេស​ទៅ​អ៊ីរ៉ង់ ដោយ​បាន​ចម្លង និង​សម្លាប់​ប្រជាជន​អ៊ីរ៉ង់​ជា​ច្រើន​នាក់។ រឿងអាស្រូវ​នេះ​បាន​ផ្ទុះ​ឡើង​ក្នុង​ចន្លោះ​ឆ្នំា ១៩៨៣ និង ១៩៨៥ ពោល​ចំ​ពេល​ដែល​លោក Laurent Fabius ធ្វើ​ជា​នាយករដ្ឋមន្រ្តី​បារំាង។ តែ​លោក​ត្រូវ​បាន​តុលាការ​បារំាង​កាត់ទោស​ឲ្យ​រួច​ខ្លួន​ក្នុង​ឆ្នំា ១៩៩៩។

លោក​ហូឡង់៖ទស្សនកិច្ច​របស់​លោក Fabius នៅ​អ៊ីរ៉ង់​ជា​តេស្ត​​សម្រាប់​ទំនាក់ទំនង​បារំាង-អ៊ីរ៉ង់

តំាង​ពី​មាន​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មក មាន​ថ្នាក់ដឹកនំា​លោកខាងលិច​ជា​ច្រើន​បាន​បន្ត​កន្ទុយ​គ្នា​ទៅ​ដណ្តើម​ទីផ្សារ​នៅ​អ៊ីរ៉ង់។ ចំពោះ​បារំាង តើ​គេ​និយាយ​បាន​ទេ​ថា ជា​រឿង​ពិបាក ព្រោះ​កំហុស​ធ្ងន់ធ្ងរ​ជាង​គេ និង​ដែល​បារំាង​ពិបាក​លុបលាង​ខ្លួន​នោះ គឺ​ជំហរ​របស់​ទីក្រុង​ប៉ារីស​នៅ​ក្នុង​កិច្ចចរចា​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នា​រយៈពេល​ជាង ១០ឆ្នំា​កន្លង​ទៅ ពិសេស​ជំហរ​របស់​បារំាង​ដែល​ទៅ​គំាទ្រ​ប្រទេស​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សត្រូវ​ស៊ូពូជ​របស់​អ៊ីរ៉ង់។ សូម្បី​តែ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លេច​របស់​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ក៏​មាន​ជំហរ​មិន​តឹងតែង​ខ្លំាង​ជ្រុល​ដូច​បារំាង​ដែរ។ ដូច្នេះ​បើ​អ៊ីរ៉ង់​មាន​អកប្បកិរិយា​មិន​រាក់ទាក់ ឬ​មួយ​ក៏​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​បារំាង​ពេល​នេះ គឺ​ជា​រឿង​មួយ​ធម្មតា។

គួរ​ជម្រាប​ជូន​ថា តំាង​ពី​មាន​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មក មាន​ថ្នាក់ដឹកនំា​លោកខាងលិច​ជា​ច្រើន​បាន​បន្ត​កន្ទុយ​គ្នា​ទៅ​អ៊ីរ៉ង់​ដើម្បី​ចែចូវ​ស្វែង​រក​ទីផ្សារ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​៨០លាននាក់ និង​ដែល​កំពុង​មាន​សក្តានុពល​សេដ្ឋកិច្ច​ធំធេង​មិន​អាច​មើល​រំលង​បាន​ឡើយ។ សម្រាប់​ប្រទេស​បារំាង​វិញ គេ​ត្រូវ​រក​ចំា​មើល​ថា តើ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត Laurent Fabius នឹង​ត្រូវ​អ៊ីរ៉ង់​ទទួល​យ៉ាង​ម៉េច។

នៅ​ថ្ងៃ​អង្គារ ទី២៨ កក្កដា​នេះ លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​ព្រមាន​ទុក​ជា​មុន​រួច​ជា​ស្រេច​ថា ឥរិយាបថ​របស់​អ៊ីរ៉ង់​ចំពោះ​លោក Fabius គឺ​ជា​តេស្ត​ដ៏​សំខាន់​មួយ​សម្រាប់​ទំនាក់ទំនង​អ៊ីរ៉ង់ និង​បារាំង។ គួរ​ជម្រាប​ជូន​ថា នៅ​ពេល​អ៊ីរ៉ង់​ជាប់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​បារំាង និង​អ៊ីរ៉ង់​មាន​ទឹកប្រាក់​តែ ៥០០អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​ឆ្នំា ២០១៣ ពោល​តិច​ជាង​ដល់​ទៅ ៨ដង​បើ​ធៀប​នឹង​ឆ្នំា ២០០៤។ ដូច្នេះ​វា​ជា​ពេល​វេលា​មួយ​ដែល​បារំាង​ត្រូវ​រៀបចំ​ឥរិយាបទ​ថ្មី​ដើម្បី​អាច​ដណ្តើម​ទីផ្សារ​នៅ​អ៊ីរ៉ង់​ដែល​ជា​សក្តានុពល​សេដ្ឋកិច្ច​ធំ​ណាស់​សម្រាប់​ក្រុមហ៊ុន​បារំាង ពិសេស​ក្រុមហ៊ុន​ផលិត​រថយន្ត និង​ក្រុមហ៊ុនប្រេង​ឥន្ធនៈ ដូច​យ៉ាង Total ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ