អានតួអត្ថបទ
កម្ពុជា-រុស្ស៊ី

សេដ្ឋី​រុស្ស៊ី​ដែល​ធ្វើ​បត្យាប័ន​ពី​កម្ពុជា​បាន​ទៅ​ដល់​រុស្ស៊ី​​ហើយ​ត្រូវ​អាជ្ញាធរ​ចាប់ឃុំខ្លួន

គ្រាន់​តែ​ចេញ​ពី​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines ដែល​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន Domodiedovo ក្រុង​ម៉ូស្គូ​នៅ​ម៉ោង​១៩ ថ្ងៃ១៧ ឧសភា​ភ្លាម ពាណិជ្ជករ​រុស្ស៊ី​ស៊ែរហ្គៃ ប៉ូឡូនស្គី ស្វែង​រក​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​រុស្ស៊ី​ជិត​២ឆ្នាំ​មក​ហើយ​ត្រូវ​បាន​ដឹក​តាម​ឡាន​ទ្រុង​របស់​ប៉ូលិស​ទៅ​ឃុំ​ទុក​ក្នុង​មន្ទីរ​ស៊ើបអង្កេត​នៃ​ពន្ធនាគារ​រដ្ឋធានី​រុស្ស៊ី។

ពាណិជ្ជកររុស្ស៊ី Polonski
ពាណិជ្ជកររុស្ស៊ី Polonski REUTERS
ផ្សាយពាណិជ្ជកម្ម

តាម​សម្តី​អ្នកនាំពាក្យ​ផ្លូវការ​នៃ​ក្រសួង​មហាផ្ទៃ​រុស្ស៊ី លោកស្រី Elena Alexeieva ធុរជន​រុស្ស៊ី​ស៊ែរហ្គៃ ប៉ូឡូនស្គី​ត្រូវ​បាន​ធ្វើ​បត្យាប័ន​ពី​កម្ពុជា​មក​រុស្ស៊ី គឺ​ដើម្បី​ឲ្យ​គាត់​ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​រុស្ស៊ី​តែ​ម្តង។ ចំណែក​អ្នកនាំពាក្យ​នៃ​តុលាការ​ក្រុង​ម៉ូស្គូ​លោកស្រី Anna Fadeyeva បាន​ឲ្យ​ដឹង​ថា​រូប​ប៉ូឡូនស្គី​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​រយៈពេល​២ខែ​សិន គឺ​តាំង​ពី​គាត់​មិន​ទាន់​មក​ដល់​រុស្ស៊ី​ម៉្លេះ។ ថ្ងៃ១៨ ឧសភា​នេះ ស្ថាប័ន​ស៊ើបអង្កេត​រុស្ស៊ី SKR បើក​ការស៊ើបអង្កេត​គ្រប់​ជ្រុងជ្រោយ​លើ​សំណុំរឿង​លោក​ប៉ូឡូនស្គី ដែល​ជាប់​ក្នុង​ក្តី​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទ​ឆបោក កឹប​យក​ធនធាន​ក្នុង​ទឹកប្រាក់​ប្រមាណ ១៥០លានដុល្លារ អង្គាស​បាន​ពី​ប្រជាពលរដ្ឋ​រុស្ស៊ី​រងគ្រោះ​ជាង ៨០នាក់​ដើម្បី​ឲ្យ​ក្រុមហ៊ុន​គាត់ Mirax Group សង់​ឡើង​ជា​អគារ​លំនៅ​ដ៏​ស្កឹមស្កៃ​ក្នុង​សង្កាត់​មួយ​នៃ​ក្រុងម៉ូស្គូ​សម្រាប់​ពួក​គេ ប៉ុន្តែ​ដោយ​មក​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨ អគារ​នេះ​ស្ថិត​នៅ​អេ សង់​មិន​ទាន់​ហើយ​ឯណា។

 
មេធាវី​គាត់ លោក Alexandre Karabanov បាន​ថ្លែង​ព្រឹក​មិញ​ទៅ​ពួក​អ្នកកាសែត​ថា កូនក្តី​គាត់​ធុរជន​ប៉ូឡូនស្គី ប្រកែក​មិន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ស្ថាប័ន​ស៊ើបអង្កេត​រុស្ស៊ី SKR ដើម្បី​ឲ្យ​គាត់​ជាប់​ក្នុង​ការ​ឃុំឃាំង​តែ​១ខែ​ប៉ុណ្ណោះ រួច​បន្ទាប់​មក គឺ​ក្នុង​លក្ខណៈ​មាន​សេរីភាព​ទៅ​ហើយ គាត់​ត្រូវ​ខិតខំ​រក​លទ្ធភាព​សង់​អគារ​លំនៅ​នោះ​ឲ្យ​ហើយ​ជាក់ស្តែង​មែន រួច​មិន​គ្រាន់​តែ​និយាយ​ដោយ​សម្តី​ប្រហោង​ក្នុង​ប៉ុណ្ណោះ​ទេ តែ​គឺ​ត្រូវ​សង​ការ​បង់ខាត​ឲ្យ​បាន​ទាំងស្រុងទៅ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដើម្បី​ឲ្យ​សំណុំរឿង​គាត់​ឆ្លង​ចេញ​ពី​ក្រមព្រហ្មទណ្ឌ​ទៅ​ក្រមរដ្ឋប្បវេណី​វិញ គ្រាន់​នឹង​រក្សា​ទុក​កន្លែង​របស់​គាត់​ក្នុង​មជ្ឈដ្ឋាន​ធុរកិច្ច និង​កេរ្តិ៍ឈ្មោះ​គាត់​ជា​សហគ្រិន​សុចរិត។

ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ដែល​កូន​ក្តី​ខ្ញុំ​មិន​យល់ព្រម​តាម​សំណើ​របស់ SKR ដូច្នេះ​អ្វីៗ គឺ​ត្រូវ​ចាប់​ផ្តើម​សា​ឡើង​វិញ​ពី​ដើមទី​តែ​ម្តង។ កាសែត​ក្រុង​ម៉ូស្គូ Kommersant លេខ​ថ្ងៃ១៨ ឧសភា​នេះ​បង្ហើប​ឲ្យ​ដឹង​ថា រូប​ប៉ូឡូនស្គី​ក៏​អាច​ត្រូវ​ជាប់​ចោទ​តាម​បទ​លាង​លុយ​បាន​មក​តាម​ផ្លូវ​ឧក្រិដ្ឋ ដោយ​យោង​លើ​អចលនទ្រព្យ​ច្រើន​សន្ធឹក​ដែល​គាត់​បាន​ទិញ​ក្នុង​ប្រទេស​កម្ពុជា។ ជា​សរុប គាត់​អាច​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដល់ ១០ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ