អានតួអត្ថបទ
បារាំង

ម្តាយ​សិស្ស​ចាក់សម្លាប់​គ្រូស្រី​ នៅ​ចំពោះមុខ​​សិស្សសាលា​ច្រើននាក់​នៅ​បារាំង​

នៅ​​​ក្រុង​អាល់ប៊ី Albi ភាគនិរតី​ប្រទេស​បារាំង ​ព្រឹក​ថ្ងៃ​សុក្រ​​ទី ៤​កក្កដា ស្ត្រី​គ្រូបង្រៀន​អាយុ​៣៤ឆ្នាំ​ម្នាក់​ ត្រូវបាន​​​ស្ត្រីជា​ម្តាយ​សិស្ស​សាលាម្នាក់ ​យក​កាំបិត​ចាក់​រហូត​ស្លាប់ ​នៅ​​ពីមុខ​ក្មេងៗ​សិស្ស​សាលា​​ជាច្រើន​រូប ក្នុង​សាលា​មត្តេយ្យ​និង​បឋមសិក្សា​​ ​​មួយកន្លែង។ ​​ស្ត្រី​ឃាតករ​ត្រូវបាន​​​​ចាប់ខ្លួន​ភ្លាមៗ​តែម្តង ក្រោយអំពើ​ឃាតកម្ម។ ​ក្រុមអ្នកស៊ើបអង្កេត​នឹង​​ស៊ើប​រក​មូលហេតុ​​​នៃ​ឃាតកម្ម​នេះ។ ​

អំពើ​ហិង្សា​ប្រឆាំងគ្រូបង្រៀន​ និង​នាយក​សាលា មាន​ការកើនឡើង​ច្រើន​នៅ​បារាំង។
អំពើ​ហិង្សា​ប្រឆាំងគ្រូបង្រៀន​ និង​នាយក​សាលា មាន​ការកើនឡើង​ច្រើន​នៅ​បារាំង។ REUTERS/Jean-Paul Pelissier
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំង​​ លោក​ហ្វ្រង់ស៊័រ ហូឡង់ បាន​ថ្កោលទោស​​ឃាតកម្ម​នេះ ថា​ជា​​​សោកនាដកម្ម​​​ដ៏​អប្រិយ។ ឃាតកម្ម​សម្លាប់​ស្ត្រីគ្រូបង្រៀន ​នេះ​​កើតឡើង​នៅសាលា​បឋមសិក្សា​មួយកន្លែង ក្នុង​​ក្រុង​អាល់ប៊ី ​ភាគនិរតី ប្រទេស​បារាំង កើត​​​ចំថ្ងៃចុងក្រោយ​នៃ​​ឆ្នាំសិក្សា ​ឆ្នាំ​២០១៣-២០១៤ នៅបារាំង។ អ្វីដែល​គួរ​អោយរន្ធត់​ថែមទៀត​នោះ គឺ​ការ​ចាក់​សម្លាប់​​គ្រូបង្រៀន នៅព្រឹកថ្ងៃសុក្រ​នេះ ​ធ្វើឡើង​នៅចំពោះ​មុខ​សិស្សសាលាជាច្រើន​រូប​តែម្តង។ អាជ្ញាធរ​បារាំង​បានយកចិត្ត​ទុកដាក់​ ជួយផ្លូវចិត្ត​​​​​​​ដល់​​សិស្សសាលា​តូចៗ និង​បុគ្គលិក​បំរើការ​សាលា​ ដែល​បាន​ឃើញ​ហេតុការណ៍​​ឃាតកម្ម​ផ្ទាល់​ភ្នែក។

រដ្ឋមន្ត្រី​អប់រំ​បារាំង លោក ​បឺន័រ អាម៉ុង បានចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ផ្ទាល់។ យោងតាម​រដ្ឋមន្ត្រីអប់រំបារាំង​​ ស្ត្រីឃាតករ​​អាយុ​៤៧ឆ្នាំ​ដែល​ចាក់សម្លាប់​គ្រូបង្រៀន​នោះ ប្រហែល​ជា​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ ​ក្រោយ​ហេតុការណ៍​​នេះ​ ក្រសួង​អប់រំបារាំង​បាន​គូសបញ្ជាក់​ពី​​ភាពចាំបាច់​នៃ​ការប្រយុទ្ធ​ប្រឆាំង​អំពើ​​ហិង្សា​​នៅ​​សាលារៀន ភាព​ចាំបាច់​នៃ​ការ​ការពារ​សាលារៀន គ្រូ​បង្រៀន និង​​​​​សិស្សា​នុសិស្ស​គ្រប់រូប។ ​កន្លងមកនេះ ការសិក្សា​ស្រាវជ្រាវ​ផ្សេងៗ បាន​បង្ហាញ​ថា​ ​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ឳពុក​ម្តាយសិស្ស​​ ប្រឆាំង​គ្រូបង្រៀន​ និង​​នាយក​សាលា​ មាន​ការ​កើនឡើង​​​ច្រើន។

យោងតាម​ការ​ស៊ើបអង្កេត​មួយចុះផ្សាយ​ឆ្នាំ​២០១២ អ្នកបំរើការងារ​សាលា​ជិត​៣៦​ភាគរយ​ ​បានប្រាប់ថា ធ្លាប់​​រង​ការជេរប្រមាថ ជាង​១៧ភាគរយ ប្រាប់ថា​រងការគំរាមកំហែង ហើយ​១៤ភាគរយ​ រង​ការ​​ធ្វើទុក្ខ​បុកម្នេញ​ផ្លូវចិត្ត និង​៣,៦ភាគរយ​ទៀត រង​ការ​វាយដំរាងកាយ។ ការស្រាវជ្រាវ​មួយផ្សេងទៀត បាន​ផ្តល់​តួលេខ​ថា ​​​នាយកសាលា​មេតេយ្យ ​និង​សាលា​បឋម​សិក្សា​​បារាំង​ជិត​៥០ភាគរយ បាន​រង​ការវាយ ប្រហារ​​​ដោយ​​ពាក្យ​សំដី និងរាងកាយ ​​​ក្នុង​ឆ្នាំ​សិក្សា​២០១២-២០១៣​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ