អានតួអត្ថបទ
អឺរ៉ុប-អេបូឡា

អឺរ៉ុបចង់​ពង្រឹង​ការ​ត្រួត​ពិនិត្យ​អ្នក​​ដំណើរ​មកពី​ប្រទេស​មាន​អេបូឡា

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អឺរ៉ុប​​បាន​កោះ​ហៅ​ប្រទេស​ជា​សមាជិក​ទាំង​អស់​ឱ្យ​ចូល​ប្រជុំ​បច្ចេកទេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ដើម្បី​ពិភាក្សា​​រក​វិធី​ពង្រឹង​សុវត្ថិភាពផ្នែក​សុខភាព​ ថ្នាក់​អឺរ៉ុប ចំពោះ​​​អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​​មាន​រោគអេបូឡា។ ក្នុង​ពេល​ជា​មួយ​គ្នា​នៅប្រទេស​បារាំង ប្រធានាធិបតី​និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក៏​កំពុង​ជួប​ប្រជុំ​គ្នា ដោយ​គ្រោង​នឹង​សម្រេច​ធ្វើ​ដូច​សហរដ្ឋ​អាមេរិក និង​អង់គ្លេស ពង្រឹង​ការ​ត្រួត​ពិនិត្យ​នៅ​អាកាសយានដ្ឋាន​។

អង់គ្លេស​បាន​ចាត់​វិធានការ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​​នៅ​តាម​ចំណត​រថភ្លើង​ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​អេបូឡា
អង់គ្លេស​បាន​ចាត់​វិធានការ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​​នៅ​តាម​ចំណត​រថភ្លើង​ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​អេបូឡា © Reuters
ផ្សាយពាណិជ្ជកម្ម

បារាំង​​កំពុង​ពិចារណា​ បញ្ជូន​​ភ្នាក់ងារ​ និង​សម្ភារៈ​បរិក្ខា​ រចនា​សម្ព័ន្ធ​ព្យាបាល​ និង​ថែទាំ​សុខភាព​បន្ថែម​ទៀត​ទៅ​កាន់​អាហ្វ្រិក​ខាង​លិច ជា​ពិសេស​ប្រទេស​ហ្គីណេ ដើម្បី​ប្រយុទ្ធ​ទប់​ទល់​នឹង​ជំងឺ​អេបូឡា ! ការ​​ត្រួត​ពិនិត្យសុខភាព​អ្នក​ដំណើរ​ដែល​​ហោះ​ចេញ​ផ្ទាល់​ពី​ហ្គីណេ​មក​បារាំង ទំនង​ជា​នឹង​អាច​ត្រូវ​ពង្រឹង ប្រសិន​បើ​ស្ថានការណ៍​ឈាន​ដល់​ដំណាក់កាល​ចាត់​វិធានការ។​​ នេះ​ជា​សេចក្តី​ប្រកាស​របស់​លោកស្រីរដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បារាំង​ក្រោយ​ពេល​ជួប​ពិគ្រោះ​ជាមួយ​ប្រធានាធិបតី​រួច។

 

តាំង​ពី​មាន​ករណី​ឆ្លង​មេរោគ​អេបូឡា(ក្រៅទ្វីប​អាហ្វ្រិក) នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​មក សហភាព​អឺរ៉ុប​​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ខ្លាច​ជំងឺ​កំណាច​មួយ​នេះ​រាត​ត្បាត​ក្នុង​​ទ្វីប។ អង់គ្លេស​បាន​អនុវត្ត​មុន​គេ ដូច​សហរដ្ឋ​អាមេរិក និង​កាណាដា ពង្រឹង​ការ​ត្រួត​ពិនិត្យ​សុខភាព​អ្នក​ដំណើរ​នៅ​តាម​អាកាសយានដ្ឋាន ចំណត​រថភ្លើង​សំខាន់ៗ​ តាំង​ពី​ថ្ងៃព្រហស្បតិ៍​ទី​ ៩ តុលាមក។

​ការ​តាមដាន​មើល​អ្នក​ដំណើរ​អាហ្វ្រិក​មក​អឺរ៉ុប បានក្លាយ​ជា​ប្រធានបទ​នៃ​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​របស់​គណៈកម្មការ​សន្តិសុខ​សុខាភិបាល​​រួច​ហើយ​ ​ ប៉ុន្តែ​បន្ថែមលើនេះ​ទៀត​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលអឺរ៉ុប​​បាន​កោះ​ហៅ​ប្រទេស​ជា​សមាជិក​ទាំង​អស់​ឱ្យ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ខាង​ស្អែក​នេះ ដើម្បី​រិះរក​មធ្យោបាយ​ទប់​ស្កាត់ ឬ​និយាយ​បែប​ផ្សេង​គឺ​​ចាត់​វិធានការ​ឱ្យ​ស៊ី​ចង្វាក់​គ្នា​ ក្នុង​កំរិត​អឺរ៉ុប។ ជា​ជំនួប​ប្រជុំ​បច្ចេកទេស ដើម្បី​ផ្តោះ​ប្តូរ​ទស្សនៈ​គ្នា​ ចំពោះ​ចំណាត់​ការ​របស់​ប្រទេស​នីមួយៗ​ជា​សមាជិកសហភាព។
សូម​បញ្ជាក់​ថា​នៅ​ក្នុង​ចំណោម​ប្រទេស​២៧​ជា​សមាជិក​អឺរ៉ុប មាន​មិន​ដល់​ពាក់​កណ្តាល​ទេ ដែល​មាន​ភ្ជាប់​ការ​ហោះ​ហើរ​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​នៅ​អាហ្វ្រិក​ខាង​លិច​ដែល​រង​គ្រោះ​​អេបូឡា​ខ្លាំង។

ដំណើរការ​ធ្វើ​តេស្ត​ស្វែង​រក​មេរោគ​អេបូឡា​លើ​អ្នក​ដំណើរ​មក​ពី តំបន់​គ្រោះថ្នាក់ មិន​ទាន់​ត្រូវ​បាន​អង្គការ​សុខភាព​លោក​ណែ​នាំ​ឱ្យ​ធ្វើ​នៅ​ឡើយ​ទេ គឺ​មាន​តែ​ការ​អនុវត្តន៍​ជាក់​ស្តែង ចោះ​ដោយ​ត្រួសៗ​វាស់​សីតុណ្ហភាព​អ្នក​ដំណើរ​មុន​ពេល​ឡើង​យន្តហោះ​​ខ្លះៗ​តែ​ប៉ុណ្ណោះ។ អេបូឡា​ បាន​សម្លាប់​ជីវិតមនុស្ស​ឡើង​អស់​ជាង​បួ​ន​ពាន់​នាក់ ភាគ​ច្រើន​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច ដូច​ជា​ហ្គីណេ សេរ៉ាឡេអូន នីហ្សេរីយ៉ា និង​ លីបេរីយ៉ា និង​មាន​ករណី​ឆ្លង​ក្រៅអាហ្វ្រិក​ពីរ​នាក់ ម្នាក់​​នៅ​អេស្ប៉ាញ និង​ម្នាក់​ទៀត​​នៅសហរដ្ឋ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ