អានតួអត្ថបទ
បារាំង

តើ​លោក​សាកូហ្ស៊ី​អាច​នៅមាន​ឱកាស​ឈ្នះ​លោក​ហូឡង់​នៅ​ជុំ​ទី២​ដែរ​ឬ​ទេ?

នៅក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង ជុំទីមួយ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ដែល​ជា​ប្រធានាធិបតី​ផុតអាណត្តិ ត្រូវ​ចាញ់​លោក​ហ្វ្រង់ស័រ ហូឡង់ (François Hollande) បេក្ខជន​មក​ពី​គណបក្ស​សង្គមនិយម ដែល​ជា​បក្ស​ប្រឆាំង។ បេក្ខជន​ទាំងពីរ​នឹង​ត្រូវ​ប្រកួតគ្នា​ នៅ​ជុំទី២ ទៀត នៅថ្ងៃ​ទី៦ ឧសភា។ ក៏ប៉ុន្តែ ឱកាស​ជាប់ឆ្នោត​របស់​លោក​សាកូហ្ស៊ី​ទំនង​ជា​មានតិច។

លោក​ហូឡង់ (ឆ្វេង) និង​លោក​សាកូហ្ស៊ី នឹង​ត្រូវ​ប្រកួតគ្នា នៅ​ក្នុង​ការ​បោះឆ្នោត​ជុំទី២ ថ្ងៃទី៦ ឧសភា ២០១២
លោក​ហូឡង់ (ឆ្វេង) និង​លោក​សាកូហ្ស៊ី នឹង​ត្រូវ​ប្រកួតគ្នា នៅ​ក្នុង​ការ​បោះឆ្នោត​ជុំទី២ ថ្ងៃទី៦ ឧសភា ២០១២
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ផ្លូវការ​បង្ហាញ​ថា លោក​ហូឡង់ ទទួល​បាន​សំឡេង​គាំទ្រ ២៨,៦៣% នាំមុខ​លោក​សាកូហ្ស៊ី ២៧,១៨%។ នៅលំដាប់ទី៣ គឺ​គណបក្ស​​ស្តាំនិយម​ជ្រុល (Front National) ដែល​ទទួលបាន​សំឡេង ១៧,៩% ហើយ​ទី៤ គឺ​គណបក្ស​ឆ្វេងនិយម​ជ្រុល (Front de Gauche) ដែល​ទទួលបាន​សំឡេង ១១,១១% (សូមចុច​ត្រង់នេះ ដើម្បី​មើល​លទ្ធផល​លម្អិត)។

ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោក​លើកទី២​មក នេះ គឺ​ជា​លើក​ដំបូង​បង្អស់ ដែល​ប្រធានាធិបតី​ផុតអាណត្តិ​​ទទួល​បាន​សំឡេង​គាំទ្រ​តិចជាង​បេក្ខជន​បក្ស​ប្រឆាំង។ វាក៏ជា​រឿង​ដ៏កម្រ​មួយ​ដែរ ដែល​បេក្ខជន​មក​ពី​គណបក្ស​សង្គមនិយម (ឆ្វេង) ទទួល​បាន​សំឡេង​គាំទ្រ​រហូតដល់​ទៅ​ជាង ២៨,៦៣% នៅជុំទីមួយ។ នៅឆ្នាំ​១៩៨១ លោក​ហ្វ្រង់ស័រ មីតេរ៉ង់ ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ទទួល​បាន​សំឡេង​មិនដល់ ២៦% ផង នៅ​ជុំទីមួយ។

បើ​មើលទៅលើ​ការ​បោះឆ្នោត​ប្រធានាធិបតី​កន្លងមក គេ​ឃើញ​ថា បេក្ខជន ដែល​នាំមុខគេ នៅ​ជុំទី១ មិនប្រាកដ​ថា​អាច​ជាប់ឆ្នោត​​ជា​ប្រធានាធិបតី​នោះទេ។ ពេលខ្លះ គឺ​បេក្ខជន​លេខ២ នៅ​ជុំទី១ ដែល​ជាប់ឆ្នោត នៅ​ជុំទី២ ដូចជា លោក Valéry Giscard d’Estaing នៅ​ឆ្នាំ​១៩៧៤ និង​លោក Jacques Chirac នៅ​ឆ្នាំ​១៩៩៥។

គន្លឹះ​នៃជ័យជំនះ នៅ​ជុំទី២ គឺ​ការ​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នកបោះឆ្នោត​ឲ្យ​បេក្ខជន ដែល​ត្រូវ​ជម្រុះ នៅ​ជុំទី១។ កាល​ពី​យប់ម្សិលមិញ ក្រោយ​ពី​ដឹង​លទ្ធផល​ជុំទី១ បេក្ខជន​មក​ពី​គណបក្ស ដែល​មាន​និន្នាការ​នយោបាយ​ឆ្វេង​និយម បាន​នាំគ្នា​ប្រកាស​គាំទ្រ​លោក​ហូឡង់​ភ្លាមៗ។ បើ​គេ​បូក​សំឡេង​​គាំទ្រ​លោក​ហូឡង់ ជាមួយ​សំឡេង​គាំទ្រ​បេក្ខជន​ឆ្វេង​និយម​ផ្សេងទៀត គឺ​មាន​ជាង ៤៤%។ ចំណែក​ខាង​ស្តាំនិយមវិញ សំឡេង​គាំទ្រ​លោក​សាកូហ្ស៊ី បូក​ជាមួយ​គណបក្ស​ស្តាំនិយមផ្សេងទៀត អាច​មាន​រហូតដល់​ទៅ​ជាង ៤៦%។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ នៅមិនទាន់​មាន​បេក្ខជន​ស្តាំនិយម​ណាម្នាក់ ប្រកាស​គាំទ្រ​លោក​សាកូហ្ស៊ី​​នៅឡើយទេ។

ការ​ស្ទាបស្ទង់មតិ​មួយ កាល​ពី​យប់ថ្ងៃ​អាទិត្យ​ម្សិលមិញ បង្ហាញ​ថា គិតមកត្រឹមពេលនេះ អ្នក​គាំទ្រ​បេក្ខជន​ឆ្វេង​និយម​ភាគច្រើន​នឹង​នាំគ្នា​បោះឆ្នោត​ឲ្យ​លោក​ ហូឡង់ នៅថ្ងៃ​ទី ៦ឧសភា។ ផ្ទុយ​ទៅវិញ អ្នក​គាំទ្រ​បេក្ខជន​ស្តាំនិយមជ្រុល មិន​តែ​ប្រមាណ ៤៨% ប៉ុណ្ណោះ ដែល​នឹង​បោះឆ្នោត​ឲ្យ​លោក​សាកូហ្ស៊ី នៅ​ជុំទី២។ ៣១%​ នឹង​បោះឆ្នោត​ឲ្យ​លោក​ហូឡង់។ ២១%​ ផ្សេងទៀត អនុប្បវាទ។ ចំណែក​សំឡេងគាំទ្រ​បេក្ខជន​កណ្តាល​និយមវិញ ដែល​មាន ៩,១៣% នឹង​ត្រូវ​បែងចែក​ប្រហាក់​ប្រហែល​គ្នា​ទៅលោក​ហូឡង់ និង​លោក​សាកូហ្ស៊ី។ ដោយ​មើល​ទៅ​តាម​ការ​គណនា ក្នុង​ស្ទាបស្ទង់មតិ​​​នេះ​ គេ​ឃើញ​ថា នៅ​ជុំទី២ លោក​ហូឡង់​​អាច​​យក​ឈ្នះ​លោក​សាកូហ្ស៊ី ដោយសំឡេង ៥៤% ទល់នឹង ៤៦%។

ដើម្បី​ប្រជែង​យក​ឈ្នះ​លោក​ហូឡង់ នៅថ្ងៃទី៦​ឧសភា​នេះ លោក​សាកូហ្ស៊ី​ចាំបាច់​ត្រូវ​ស្វះស្វែង​ទាក់ទាញ​ការ​គាំទ្រ​ពី​ក្រុមស្តាំនិយមជ្រុលផង និង​ពី​កណ្តាល​និយម​ផង ដែល​ជា​រឿងមួយ​ស្មុគស្មាញ ពីព្រោះ​ថា ក្រុមទាំងពីរនេះ មិនត្រឹមតែ​មាន​គោលនយោបាយ​ខុសគ្នា​ប៉ុណ្ណោះទេ គឺ​មិនចូលចិត្ត​គ្នា​តែម្តង ជាពិសេស ពួក​អ្នក​កណ្តាល​និយម​ស្អប់​ពួក​អ្នក​ស្តាំនិយម​ជ្រុល។ ដូច្នេះ បើសិន​ជា​លោក​សាកូហ្ស៊ី​ធ្វើ​តម្រូវចិត្ត​ក្រុមមួយ គាត់​អាច​នឹង​បាត់​បង់ការគាំទ្រ​ពី​ក្រុម​មួយ​ទៀត។

ដូច្នេះ បើទោះបីជា​លោក​សាកូហ្ស៊ី​នៅមាន​ឱកាស​ជាប់ឆ្នោត នៅ​ថ្ងៃ​ទី៦​ឧសភា​ខាងមុខ ក៏ប៉ុន្តែ ឱកាស​នេះ​ហាក់ដូចជា​មាន​តិចតួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ