អានតួអត្ថបទ
កម្ពុជា

បទឧទ្ទេស​នាម​នៅ​ក្នុង​រដ្ឋសភា​របស់​នាយករដ្ឋមន្ត្រី​ពី​បញ្ហា​ព្រំដែន​ត្រូវបាន​បោះពុម្ពជា​សៀវភៅ​និង​ចំលង​ជា​ខ្សែ​អាត់

នៅ​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បទឧទ្ទេសនាម​របស់​លោក​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅក្នុង​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា រយៈពេល​ជាង ៥ ម៉ោង នឹង​ត្រូវ​បោះពុម្ព ជា​សៀវភៅ ព្រមទាំង​ចងក្រង ជា​ខ្សែអាត់ ដើម្បី​ទុកជា​ឯកសារ​។​សម្រង់​ឯកសារ​​នោះ នឹង​ត្រូវ​ចែកចាយ ដើម្បី​ទុក​ផ្សព្វផ្សាយ នៅពេល​បាន​ការលើក​ឡើង​ករណី​ព្រំដែន​ដ៏​ចម្រូងចម្រាស់​រវាង​កម្ពុ​ជា និង​វៀតណាម​។​

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ពេល​ឆ្លើយ​បំភ្លឺ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម នៅ​ក្នុង​រដ្ឋ​សភា
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ពេល​ឆ្លើយ​បំភ្លឺ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម នៅ​ក្នុង​រដ្ឋ​សភា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅពេលនេះ សៀវភៅ​ក៏ត្រូវ​ចេញផ្សាយ ហើយ​ខ្សែអាត់ ជា ឌី​វី​ឌី ឬ​កាសែត ថេប ក៏​ត្រូវបាន​រៀបចំ​រួច​ហើយ អំពី​បទ​អន្តរាគមន៍​ជាង ៥ ម៉ោង របស់លោក នៅក្នុង​រដ្ឋសភា ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ការ​ចងក្រង​ដូច្នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា សម្រាប់​ផ្សព្វផ្សាយ នៅពេល​មាន​ការលើកឡើង​ករណី​ព្រំដែន​ដ៏រ​ស៊ើប​នោះ​។​

​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាសថា រដ្ឋាភិបាល​បាន​បោះពុម្ព ចេញ​ជា​សៀវភៅ ទាំង​ភាសា​ខ្មែរ និង​ទាំង​ភាសា​អង់គ្លេស​នូវ​អត្ថបទ​ឧទ្ទេស​នាម​នោះ ដើម្បី​យក​ទៅ​ធ្វើ​ជា​មូលដ្ឋាន​។​
​កាលពី​ថ្ងៃ​៩​សីហា សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ពេលវេលា​ជាង ៥ ម៉ោង ដើម្បី​ពន្យល់​បំភ្លឺ​ដល់​រដ្ឋសភា អំពី​បញ្ហា​ព្រំដែន​ដ៏​ចម្រូងចម្រាស​រវាង​កម្ពុ​ជា និង​វៀតណាម​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើកឡើង​ថា អ្វី​ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​បច្ចុប្បន្ន គឺ​ផ្អែក​ទៅ​លើ​ផ្លូវ​ច្បាប់ និង​អ្វី​ដែល​បន្សល់ទុក​ពី​សម័យ​សង្គមរាស្ត្រនិយម​របស់​សម្តេចឪ នរោត្តម សីហនុ ប៉ុណ្ណោះ​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ធានា ចំពោះមុខ​រដ្ឋសភា និង​ចំពោះ​ប្រជាជន​កម្ពុជា​ថា កម្ពុជា​មិន​មាន​បាត់បង់​ទឹកដី ទាំង​ដែន​គោក ឬ​ដែន​សមុទ្រ ដោយសារ​ការបោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​ដ៏​ចម្រូងចម្រាស់​នោះ​ទេ​។
​ទោះបីជា​យ៉ាងនេះក្តី ក្នុង​កិច្ចប្រជុំ​រដ្ឋសភា កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បានលើកឡើង​ពី​ភាពចាំបាច់ ដែល​ត្រូវ​ធ្វើ​ការដោះដូរ​ដី​ភូមិ តាម​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដោយសារ​តែ​ផ្អែក​ទៅលើ​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា និង​វៀតណាម​។​
​ផែនការ​ដោះដូរ​ភូមិ​នោះ ហើយ​ដែល​នាំ​ឲ្យ​សកម្មជន​ព្រំដែន និង​គណបក្ស​ប្រឆាំង នៅតែ​មាន​មន្ទិលសង្ស័យ ពី​ការខាតបង់​ទឹកដី​កម្ពុជា ទៅ​ប្រទេស​វៀតណាម ត្បិត​អី​លោកនាយក​រដ្ឋមន្ត្រី បាន​បកស្រាយ​ថា ការបោះបង្គោល​ព្រំដែន​គោក ដែល​គ្រោង​នឹង​បញ្ចប់​នៅ​បំណាច់​ឆ្នាំ​២០១២ គឺ​វៀតណាម បាន​បោះ​ចូល​ទឹកដី​កម្ពុជា ហើយ​កម្ពុជា​បាន​បោះ​ចូល​វៀតណាម ដោយ​ទូទាត់​ទៅ វៀតណាម​ត្រូវ​សង​មក​កម្ពុជា​នូវ​ផ្ទៃដី​ជាង ១.០០០ ហិកតា​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ