អានតួអត្ថបទ
កម្ពុជា

នៅមិនទាន់​មាន​អ្នក​​ណា​​អាច​​​​ពន្យល់បាន​អំពី​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ខុសគ្នា

ចុង​ក្រោយ​នេះ គណ​បក្ស​ប្រឆាំង​បានប្រកាសថា ខ្លួន​ទទួលបាន​កៅអី​ដល់​ទៅ​៦៣ ខុសពី​គណបក្ស​​កាន់​អំណាច​ដែល​បាន​ប្រកាស​ថា បក្ស​ប្រឆាំង​បាន​តែ ៥៥ កៅអី។ ចំណែក​អង្គការ​សង្កេតការណ៍​បោះឆ្នោត​ខុមហ្វ្រែល​ បាន​​រក​ឃើញ​ថា​ គណបក្ស​ប្រជាជន​ទទួល​បាន៦៧កៅអី​ ទល់នឹង ៥៦ របស់​បក្សប្រឆាំង។ តើ​ហេតុអ្វី​បានជា​សំឡេងឆ្នោត​ដែល​ទទួល​បានមកពី​ការិយា​ល័យ​បោះឆ្នោត​ដូច​គ្នា មាន​ភាពខុសគ្នា​បែបនេះ?

ស្ត្រី​និង​បុរស​កំពុង​រក​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះ​ឆ្នោត
ស្ត្រី​និង​បុរស​កំពុង​រក​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះ​ឆ្នោត © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អះអាងថា ខ្លួន​ទទួលបាន ៦៣​កៅអី​ក្នុង​សភា​នោះ កំពុងតែ​តវ៉ា​ពី​លទ្ធផល​នៃ​ការបោះឆ្នោត។ គណបក្ស​នេះ​អះអាងថា បាន​សំអាង​លើ​ទិន្នន័យ​ពី​ភ្នាក់ងារ​គណបក្ស​​ដែល​ខ្លួន​បាន​ពង្រាយ​គ្រប់ការ ​រិ​យា​ល័យ​បោះឆ្នោត​ នៅ​ទូទាំងប្រទេស។

ប៉ុន្តែ អង្គការ​អង្កេត​កាណ៍​​​​បោះឆ្នោត ខុមហ្វ្រែល ដែល​បានធ្វើការ​យ៉ាង​យកចិត្តទុកដាក់​លើ​ការបោះឆ្នោត​បានបង្ហាញ​តួលេខ​នៃ​ លទ្ធផល​បោះឆ្នោត​ ផ្ទុយ​ពី​ការអះអាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ នោះ​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៦៧​កៅអី ទល់នឹង ៥៦ កៅអី​របស់​បក្សប្រឆាំង។ លទ្ធផល​នេះ​ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​ជាមួយ​ លទ្ធផល​ដែល​ប្រកាស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ 

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គ​ការខុមហ្វ្រែល បាន​អះអាងថា លទ្ធផល​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃទី២៩ ខែកក្កដា​នោះ គឺ​ជា​លទ្ធផល​នៃ​ការ​បូកសរុប​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​កំរិត​ជឿជាក់​មាន​រហូតដល់៩៩ភាគរយ។ ទោះជា​យ៉ាងណា លោក​អះអាងថា នេះ​គ្រាន់តែ​​ជា​​លទ្ធផល​​មិន​ផ្លូវ​ការ​តែប៉ុណ្ណោះ  ហើយ​រាល់​ការកត់ត្រា​សម្រាប់​ការ​គណនា​ទាំងនោះ​អាចមាន​ចន្លោះប្រហោង។

ដើម្បី​ដោះស្រាយ​មន្ទិលសង្ស័យ​ស្តីពី​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច​ប្រកាសផ្សេងៗគ្នា​នោះ នាយក​ប្រតិបត្តិ​អង្គការ​ ខុមហ្វ្រែល បាន​ពន្យល់ថា មានតែ​ការផ្ទៀងផ្ទាត់​រវាង​ទម្រង់ ១១០២ ដែល​កត់ត្រា​ដោយ​គ.ជ.ប និង​ទម្រង់កត់ត្រា​១១០៤​ របស់​គណបក្សនយោបាយ​ ដែល​បាន​កត់ត្រា​ពី​ការិ​យា​ល័យ​បោះឆ្នោត ដើម្បី​ស្វែងរក​ការពិត។

ប៉ុន្តែ លោក ទេព នីថា  អគ្គលេខា​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ឆ្លើយតប​ថា កិច្ចការ​ចំពោះមុខ​របស់ គ.ជ.ប គឺ​ការត្រួតពិនិត្យ​លទ្ធផល​បោះឆ្នោត និង​ដោះស្រាយ​ពាក្យ​បណ្តឹង​​ទាក់ទង​នឹងការ​​បោះឆ្នោត​​ជាមុនសិន ដើម្បី​បើកផ្លូវ​ឱ្យ​គ.ជ.ប អាចឈាន​ទៅដល់​ការប្រកាស​លទ្ធផល​ជាប​ណ្ណោះ​អាសន្ន​ នៅ​ថ្ងៃទី ១០ សីហា។ ចំណែកឯ​​ការ​​ផ្ទៀង​ផ្ទាត់​​​លទ្ធផល​​តាម​សំណើ​របស់​សង្គម​ស៊ីវិល​ នោះ​នៅ​មិនទាន់​ចាំបាច់​ធ្វើ​ពេលនេះ​ទេ។

លោក ហង្ស​ ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​អង្គ​ការ​​អង្កេត​ការណ៍​បោះឆ្នោត​ ហៅ​កាត់​ថា និកហ្វិក បាន​សំណូមពរ​ថា ការប្រកាស​លទ្ធផល​ឈ្នះ​រៀងខ្លួន​​របស់​គណបក្ស​នយោបាយនីមួយៗ គួរ​ធ្វើឡើង​ដោយ ​ផ្អែកលើ​លក្ខណៈ​បច្ចេកទេសពិតៗ និង​មិនមែនជា​តួលេខ​នយោបាយ​ដែល​ធ្វើឱ្យ​សង្គម​ចលាចល​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ