អានតួអត្ថបទ
ស៊ីរី

ដំណើរការ​កំទេច​អាវុធគីមី​ស៊ីរី​ ជួប​ភាព​យឺតយ៉ាវ​​

នៅថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ អង្គការ​​ទទួលបន្ទុក​ហាមឃាត់​អាវុធគីមី ហៅកាត់ថា OIAC បាន​ប្រកាស​ថា ដំណើរការ​​កំទេច​អាវុធគីមី​ស៊ីរី ​ជួបភាព​យឺតយ៉ាវ។ មូលហេតុ​គឺ​ដោយសារ​​តែ​ បញ្ហា​សន្តិសុខ និងបញ្ហា​​​ឧតុនិយម។

ក្រុម​ជំនាញ​អង្គការ​សហប្រជាជាតិ ស៊ើបអង្កេត​ការប្រើប្រាស់​អាវុធគីមី​នៅស៊ីរី កាលពី​ខែ​សីហា
ក្រុម​ជំនាញ​អង្គការ​សហប្រជាជាតិ ស៊ើបអង្កេត​ការប្រើប្រាស់​អាវុធគីមី​នៅស៊ីរី កាលពី​ខែ​សីហា REUTERS/Mohamed Abdullah
ផ្សាយពាណិជ្ជកម្ម

យោងតាម​គំរោង​អង្គការទទួលបន្ទុក​ហាមឃាត់​អាវុធគីមី OIAC ការ​​កំទេច​អាវុធគីមីស៊ីរី ត្រូវ​ធ្វើ​អោយ​​បាន​ចប់សព្វគ្រប់​ នៅថ្ងៃ​៣០ធ្នូ ឆ្នាំ២០១៤។ ប៉ុន្តែ នៅថ្ងៃ​សៅរ៍​ម្សិលមិញ​ លោក ហ្វ្រង់ ក្រាវីនខ្លឺ ប្រធាន​អង្គការ​​ OIAC បាន​ប្រកាស​ថា ដំណើរការ​​កំទេច​អាវុធគីមីស៊ីរី​នេះ​ ​ជួបភាព​យឺតយ៉ាវ។ បញ្ហា​សន្តិសុខ និង​​​ឧតុនិយម គឺ​ជា​មូលហេតុ​ចំបង​នៃ​ភាព​យឺតយ៉ាវ​​នេះ។

សម្ភារៈគីមី ដែល​ជា​សម្ភារៈ​​​បង្ក​គ្រោះថ្នាក់​នោះ កំពុង​តែ​ត្រូវ​បាន​ដឹកជញ្ជូន​ចេញពី​ទឹកដី​ស៊ីរី យកទៅ​កំទេច​នៅ​​ក្នុង​ដែនទឹក​អន្តរជាតិ ពោល​គឺ​ការកំទេច​ធ្វើនៅ​ក្រៅប្រទេស​ស៊ីរី។ ការកំទេច​អាវុធគីមី​នេះ គឺ​ត្រូវ​ធ្វើ​លើ​នាវា​អាមេរិក​មួយគ្រឿង ឈ្មោះថា MV Cap Ray។

ប៉ុន្តែ​ ការដឹកជញ្ជូន​អាវុធ​គីមី​ដែល​មានកម្រិត​គ្រោះថ្នាក់​ខ្ពស់​ជាងគេ ចេញ​អោយ​អស់ពីស៊ីរី នៅ​មុន​ថ្ងៃ​៣១ធ្នូ​នោះ គឺ​ប្រហែល​ជា​ពិបាក​សម្រេច​ទៅ​រួចណាស់។  ដោយសារ​​រដូវ​ត្រជាក់​ខ្លាំង​នៅស៊ីរី​ពេលនេះ​ សម្ភារៈ​​ប្រើ​ដើម្បី​ដឹក​ឧស្ម័ន​ជាតិពុល ជួប​បញ្ហា។ សម្ភារៈ​ទាំងនេះ​នៅ​រាត់រាយ​នៅ​ទីតាំង​ជាង​១២កន្លែង​ នៅ​ក្នុង​ប្រទេស​នៅឡើយ​ទេ។ ជាង​នេះ​ទៀត ផ្លូវ​ដឹក​ជញ្ជូន ​ភ្ជាប់​​ក្រុងដាម៉ាស ទៅ​ឆ្នេរ​នៅកំពង់ផែ​ ឡាតាក់ខ្ចេ នៅ​មិនទាន់​ធានា​សន្តិសុខ​ពេញលេញ​នៅឡើយទេ ថ្វី​ដ្បិត​កងទ័ព​ប្រធានាធិបតី​ស៊ីរី​ កាន់កាប់​ផ្លូវ​នេះ​​ក្តី។

គួរបញ្ជាក់​ថា នៅ​កំពង់ផែ​ឡាតាក់ខ្ចេ កប៉ាល់​ដាណឺម៉ាក និង​កប៉ាល់​ន័រវែស នៅ​ចាំ​នៅ​ទីនោះ​ ដើម្បី​ដឹក​ស្តុក​អាវុធគីមី។ ហើយ​នាវា​អាមេរិក​និង​ចិន នឹង​​អមដំណើរ​កប៉ាល់​ប្រទេស​ទាំងពីរ។

គួររំលឹក​ថា ផែនការ​កំទេច​អាវុធគីមី​ស៊ិរី កើតចេញ​ពី​កិច្ចព្រមព្រៀង​រវាង​អាមេរិក​និង​រុស្ស៊ី។ ផែនការ​នេះ​មានទិសដៅ​ជួយស៊ីរី​អោយ​រួចផុត​ពី​ការវាយប្រហារ​យោធា​ពី​សំណាក់​អាមេរិក។ អាមេរិក​​ធ្លាប់​បាន​ចោទរដ្ឋាភិបាល​ស៊ីរីដឹកនាំ​ដោយ​ប្រធានាធិបតី​ បាស្ហារ អាល់ អាសាដ ថា​បាន​ប្រើអាវុធគីមី​សម្លាប់​មនុស្ស​ ក្នុង​ទឹកដី​ស៊ីរី កាលពី​ខែ​សីហា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ