អានតួអត្ថបទ
កម្ពុជា

លីកាដូ​ថា បរិយាកាស​ថ្ងៃ​អាទិត្យ​អាប់អួរ សមត្ថកិច្ចថារក្សា​សណ្តាប់ធ្នាប់

នៅ​ថ្ងៃ​អាទិត្យនេះ ភាព​តានតឹង​បាន​កើត​មាន​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យផង និងនៅ​ក្នុងទីក្រុង​កំពង់ចាម​ផង។ អ្នកនាំពាក្យអគ្គស្នងការ​នគរបាលជាតិ​បាន​អះអាងថា ករណី​នៅ​ភ្នំពេញ សមត្ថកិច្ច​គ្រាន់តែ​អនុវត្តតាម​ច្បាប់ និង​នៅ​ក្រុ​ង​កំពង់ចាម​ សមត្ថកិច្ច​បង្ហាញ​ខ្លួន​ដើម្បីអន្តរគមន៍​ មិនឱ្យ​មាន​ហិង្សា​រវាង​អ្នកគាំទ្រ​គណបក្ស​ទាំងពីរ។ មន្ត្រីស៊ើបអង្កេត​របស់​អង្គការ​លីកាដូ​បាន​វាយតម្លៃថា ទិដ្ឋភាព​នយោបាយ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុងអាប់អួរ។

លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ដៃ​ជា​មួយ​ស្នង​ការ​ខេត្ត​កំពង់​ចាម ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៤។
លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ដៃ​ជា​មួយ​ស្នង​ការ​ខេត្ត​កំពង់​ចាម ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៤។ @facebook
ផ្សាយពាណិជ្ជកម្ម

ទិដ្ឋភាព​នយោបាយ និង​ទិដ្ឋភាពនៃ​ការ​គោរព​សិទ្ធិមនុស្សកាន់តែ​អាប់អួរ​ទៅ គួរ​អោយ​ព្រួយ​បារម្ភ នេះ​បើតាម​ការ​វាយតម្លៃរបស់​លោកអំ សំអាត ប្រធាន​ក្រុម​បច្ចេកទេសនៃ​អង្គការ​សិទ្ធិមនុស្សលីកាដូ នៅ​ថ្ងៃ​អាទិត្យ​នេះ។ ការ​អត្ថាធិប្បាយរបស់​មន្ត្រី​លីកាដូ​ត្រូវបាន​ធ្វើ​ឡើង ក្នុងពេល​ដែល​ស្ថានភាព​តានតឹងបាន​កើតឡើង​​ ស្រប​ពេល​ជាមួយ​គ្នា​​នឹង​ហាមឃាត់ ការ​ជួប​ជុំ​របស់​ក្រុម​សហជីព​នៅ​លើទីលាន​ប្រជាធិបតេយ្យ​នៅ​ភ្នំពេញ និង​ការរំខាន​​ជួបជុំ​របស់​លោក​កឹម សុខា នៅ​ទីស្នាក់ការគណបក្ស​សង្គ្រោះជាតិ​ក្នុងក្រុ​ង​កំពង់ចាម។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​លីកាដូ លោកអំ សំអាត​ បាន​បញ្ជាក់ថា ទិដ្ឋភាព​នៅ​ថ្ងៃ​នេះ​បាន​បង្ហាញ​អំពី​ដំណើរ​ដើរ​បញ្ច្រាស​ក្តី​សង្ឃឹម​របស់ពលរដ្ឋ​ដែល​ថា ទំនាស់នយោបាយ​ទំនង​ជា​នឹង​អាច​ដោះស្រាយ​បាន​ឆាប់ៗ ហើយ​ថា​ករណី​នៅ​លើទីលាន​ប្រជាធិបតេយ្យ អាជ្ញាធរ​បាន​ភ្ជាប់​បញ្ហា​កម្មករទៅនឹង​បញ្ហា​នយោបាយ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ លោក​ឧត្តម​សេនីយឯក​គៀត​ ច័ន្ទ​ថារិទ្ធ​ ក៏​បាន​អត្ថាធិប្បាយ​​ផ្តល់​មូលហេតុ​នៃ​វត្តមាន​របស់​កំលាំង​សមត្ថកិច្ច​ក្នុង​ករណីទាំងពីរ​នេះ​ដែរ។ ចំពោះអ្នកនាំពាក្យ​នគរបាលជាតិ សមត្ថកិច្ច​អនុវត្ត​តាម​បទបញ្ជារបស់សាលារាជធានីភ្នំពេញ​ដែល​មិន​បាន​អនុញ្ញាត​អោយមាន​ការ​ជួបជុំនៅ​លើទីលាន​ប្រជាធិបតេយ្យ​នោះ។ ចំណែក​ឯ​ករណី​ក្រុង​កំពង់ចាម​វិញ ដោយសារតែ​ការ​ចេញ​មុខ​ជួបជុំ​របស់​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ អ្នកនាំពាក្យ​នគរបាលជាតិ​អះអាងថា កំលាំងសមត្ថកិច្ច​ត្រូវ​ចេញ​មុខ​អន្តរគមន៍ ដោយ​បារម្ភ​ខ្លាច​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​គណបក្ស​ទាំង​ពីរ។

ប៉ុន្តែ ​គណបក្ស​សង្គ្រោះជាតិ​បាន​ចាត់ទុក​វត្តមាន​របស់​កងកម្លាំង​ប្រដាប់អាវុធរបស់​រដ្ឋាភិបាល​ដែល​ដឹកនាំដោយគណបក្ស​ប្រជាជនកម្ពុជា ថា​ជាការ​គំរាម​កំហែង​ទៅ​លើ​គណបក្ស​សង្គ្រោះជាតិ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ