អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​​កំពុង​​សំអាត​​មីន​​បើក​ច្រក​​ព្រំដែន​​ស្ទឹងបត់​​

ដំណើរការ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់​កំពុង​ដំណើរ​ទៅ​មុខ​យ៉ាង​ល្អ ​នេះ​បើ​តាម​ការ​បញ្ជាក់​ថា​លោក អ៊ុង អឿន​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ។ នៅ​ពេល​នេះ ភាគី​កម្ពុជា​កំពុង​បោស​សំអាត​មីន​នៅ​ច្រក​ព្រំដែន​ខាង​កម្ពុជា។ ប្រតិបត្តិការ​បើក​ច្រក​ព្រំដែន​ទើប​លេច​ជា​រូបរាង​ជា​សកម្មភាព​ជាក់ស្តែង​នៅ​ពេល​នេះ​ក្រោយ​ពី​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​ថៃ​ជួប​គ្នា​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ។

ច្រក​ចេញ​ចូល​​អន្តរជាតិ​​នៅ​ប៉ោយប៉ែត​ជិតច្រក​​ព្រំដែន​​​ស្ទឹងបត់​​​
ច្រក​ចេញ​ចូល​​អន្តរជាតិ​​នៅ​ប៉ោយប៉ែត​ជិតច្រក​​ព្រំដែន​​​ស្ទឹងបត់​​​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

គ្មាន​ឧបសគ្គ​រាំងស្ទះ ក្នុង​ដំណើរការ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់​នោះ​ឡើយ។ អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក​ អ៊ុង អឿន បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ក្រុម​បោស​សម្អាត​មីន កំពុង​ប្រតិបត្តិការ​នៅ​លើ​ទឹកដី​ខាង​កម្ពុជា។ រីឯភាគី​ថៃ​ក៏​កំពុង​រៀបចំ​តំបន់​ខាង​គេ​ដូចគ្នា​ដែរ។ អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​បាន​បន្ត​ពន្យល់​អោយ​ដឹងថា តាម​គម្រោង ភាគី​ទាំង​ពីរ​ត្រូវ​រៀបចំ​ទី​កន្លែង​នេះ​អោយ​ចប់​រួចរាល់​យ៉ាងយូរ​ក្នុង​រយៈ​៦០​ថ្ងៃ​ប៉ុណ្ណោះ។ បន្ទាប់​មក​ក្រុម​ការងារ​សាធារណៈការ​នឹង​មក​បន្ត​ការ​ងារ​សាងសង់​ស្ពាន​ដើម្បី​ភ្ជាប់​ទឹកដី​ទាំងពីរ​កម្ពុជាថៃ។ សូមបញ្ជាក់ថា ព្រំដែននៃ​ប្រទេស​ទាំងពីរនៅក្នុង​តំបន់នោះ​​ខណ្ឌ​ដោយ​ស្ទឹងមួយ​ឈ្មោះ​ស្ទឹង​ស៊ីសុផុន។

 
ប្រតិបត្តិការ​បោស​សម្អាត​មីន​គឺ​ជា​ការ​ងារ​បន្ត បន្ទាប់​ពី​ក្រុម​ការងារ​កម្ពុជា​ថៃ​បាន​ជួប​គ្នា​តាម​ការ​កំណត់​នៅ​ថ្ងៃ​ទី​៥​មិនា​ដើម​សប្តាហ៍​នេះ។ ការ​ណាត់​ជួបគ្នា​នេះ ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជាថៃ​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​នៅក្នុង​ប្រទេស​ថៃ។

តាមពិត​គម្រោង​បើក​ច្រក​ព្រំដែន​គោគ​អន្តរជាតិ​ស្ទឹងបត់ ក្បែរ​ច្រក​ព្រំដែន​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ កម្ពុជា​និង​ថៃ​បាន​លើក​ឡើង​ជាច្រើន​ឆ្នាំ​មកហើយ។ គឺ​ទើប​តែ​ពេល​នេះ ដែល​ភាគី​ទាំង​ពីរ​មាន​ឱកាស​អនុវត្ត​គម្រោង​នេះ។ ច្រក​ព្រំដែន​ស្ទឹងបត់​នេះ​នឹង​ត្រូវ​ប្រើ​ជា​ច្រក​ផ្លាស់​ប្តូរ​ទំនិញ​ជំនួស​អោយ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ដែល​ត្រូវ​ផ្តោត​ជា​ច្រក​សម្រាប់​ទេសចរ​តែ​មួយ​គត់។

គួរ​បញ្ជាក់​អោយដឹង​ផង​ដែរ​ថា បន្ទាប់​ពី​ការ​ងារ​បើក​ច្រក​ព្រំដែន​ស្ទឹងបត់​នេះ​ហើយ ក្រុមការងារ​របស់​គណៈ​កម្មការ​ខណ្ឌ​សីមា​ព្រំដែន​គោក​នេះ នឹង​ចាប់ផ្តើម​ការងារ​ស្វែងរក​បង្គោល​ព្រំដែន​ចាស់​សម័យ​បារាំង​នៅ​ច្រក​ជាំសាង៉ាម​ក្នុង​ស្រុក​អន្លង់វែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ