អានតួអត្ថបទ
ជប៉ុន

គម្រោងរុះរើ​​ចោល​​រោងចក្រ​នុយក្លេអ៊ែរ Fukushima មាន​ទំហំ​មហាសាល

នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ណាអូតូ កាន​បាន​និយាយ នៅថ្ងៃ​ព្រហស្បតិ៍​ទី ៣១ មីនា ២០១១ ថា រោងចក្រ​នុយក្លេអ៊ែរ​Fukushima Daiichi​នឹង​ត្រូវ​រុះរើបិទចោល។ គំនិត​​ដូចគ្នា នេះ​ត្រូវ​បាន​ប្រធាន​ក្រុមហ៊ុន Tepco ដែល​ជា​ម្ចាស់​រោងចក្រ ធ្លាប់​លើក​ម្តង​រួច​ហើយ នៅដើមសប្តាហ៍​នេះ បន្ទាប់​ពី​រកឃើញ​ថា ម៉ាស៊ីន​ប្រតិកម្ម​ទាំងបួន​មាន​ការខូចខាត​ធ្ងន់ធ្ងរ ក្នុង​គ្រោះថ្នាក់​រញ្ជួយដីលើកនេះ។ ប៉ុន្តែ ក្រុមហ៊ុន​Tepco បញ្ជាក់​ថា ម៉ាស៊ីន​ប្រតិកម្ម​ទី៥ និង​ទី ៦ ដែល​មិន​មាន​បញ្ហា នឹង​មិន​ស្ថិតក្នុង​គម្រោង​រុះរើចោល​នោះទេ។

អគារ​ម៉ាស៊ីន​ប្រតិកម្ម​ទីមួយ ដល់​ទីបួន​ត្រូវ​ផ្ទុះ​បំផ្លាញ​
អគារ​ម៉ាស៊ីន​ប្រតិកម្ម​ទីមួយ ដល់​ទីបួន​ត្រូវ​ផ្ទុះ​បំផ្លាញ​ ©reuters
ផ្សាយពាណិជ្ជកម្ម

 

02:32

សេចក្តីរាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

សម្រាប់​នាយក​រដ្ឋមន្រ្តី​ជប៉ុន រោងចក្រ​នុយក្លេអ៊ែរ​ទាំងមូល​ត្រូវ​តែ​បិទ និង​រុះរើ​ចោល  គ្មាន​ការលើកលែង ម៉ាស៊ីន​ប្រតិកម្ម​ណា​មួយ​ទេ។ ពេលនេះ គេ​និយាយ​ពីការរុះរើ តែ​មិន​មែន​កប់​បិទ​ម៉ាស៊ីន​ប្រតិកម្ម ដូចកាល​នៅ​ រោងចក្រ​Tchernobyl​នោះទេ។ ក្នុង​ការអនុវត្តន៍​ជាក់ស្តែង ការរុះរើ​សំអាត​ចោល​រោងចក្រ​នុយក្លេអ៊ែរមួយៗ ត្រូវការ​ពេលវេលា​យូរ និង​លុយ ជា​ច្រើន​ពាន់​លាន​ដុល្លារ។

បើតាម​លោក​Thierry Charles នាយក​វិទ្យាស្ថាន​ការពារ​វិទ្យុសកម្ម និង​សុវត្ថិភាព​នុយក្លេអ៊ែរ​របស់​បារាំង គេ​ត្រូវការពេល​ដ៏យូរ យ៉ាងហោចណាស់ ៣០​ឆ្នាំ​ដើម្បី​អាច​រុះរើ​រោងចក្រ​នុយក្លេអ៊ែរ ព្រោះថា រើ បិទចោល​រោងចក្រ​នុយក្លេអ៊ែរមួយៗ មិន​មែន​ងាយស្រួល​ដូច​រុះរើ​ផ្ទះនោះទេ។

ក្នុង​ករណី​នៅ​ប្រទេស​ជប៉ុន ពេលវេលា​ដើម្បី​រើរោងចក្រ​​នុយក្លេអ៊ែរ​ចោល អាច​យូរ​ជាងនេះទៀត។ នៅរោងចក្រ​Fukushima គេ​មិន​អាច​ចាប់ផ្តើម​ការងារ​រុះរើ​បានទេ ដរាប​ណា​ស្ថានភាព​សុវត្ថិភាព​នៅ​ម៉ាស៊ីន​ប្រតិកម្ម​មិនទាន់​មាន​លំនឹង។ នោះគឺ​មាន​ន័យ​ថា ការងារ​ចំបង​ដែល​ត្រូវ​ធ្វើ​ពេល​នេះ ត្រូវ​រៀបចំ​បណ្តាញ​រក្សា​សីតុណ្ហភាព​នៅ​ម៉ាស៊ីន​ប្រតិកម្ម​ឲ្យ​មាន​ដំណើរការ​ឡើងវិញ​សិន គឺ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ស្នូលម៉ាស៊ីន​ប្រតិកម្ម​ឡើង​ក្តៅ និង​អាច​ផ្ទុះបាន។

បន្ទាប់មកទៀត ក្នុង​ដំណើរការ​រុះរើ ការងារ​អាទិភាព​មួយ​ទៀត គឺ​គេ​ត្រូវ​បូមទឹក​ចេញ​ឲ្យ​អស់​ពី​ក្នុង​អាងទឹក​ដែល​គេ​កំពុង​ត្រាំស្នូល ម៉ាស៊ីន​ប្រតិកម្ម​ដែល​គេ​ប្រើ​រួចហើយ។ បច្ចុប្បន្ននេះ ស្នូលម៉ាស៊ីន​ប្រតិកម្ម​នេះ​ត្រូវនៅ​កណ្តាលវាល បន្ទាប់ពី​អគា​ម៉ាស៊ីន​ប្រតិកម្ម​ផ្ទុះខូច បន្ត​បន្ទាប់គ្នា។ បើទោះបី​ជា​ស្នូលម៉ាស៊ីន​ប្រតិកម្ម​ដែលប្រើ​រួចហើយ ​មាន​ចំហេះ​ខ្សោយ និង​មិនអាច​ផ្ទុះបាន ប៉ុន្តែ វា​ចូលរួម​បំពុល​បរិស្ថាន​ធ្ងន់ធ្ងរ។

ក្នុងពេល​គេ​បញ្ចេញទឹក​ពីក្នុង​អាងទឹក​ដែល​ស្ថិតនៅក្នុង​អគារ​ម៉ាស៊ីន​ប្រតិកម្ម គេ​ត្រូវ​ចាប់ផ្តើម​កំណត់​ទីកន្លែង តំបន់​ដែល​មាន​ធាតុវិទ្យុសកម្ម។ គេ​ក៏​អាច​ប្រើ​មនុស្ស​យន្ត​ ដើម្បី​ចូល​ទៅ​ដល់​កន្លែង​ដែល​មាន​ធាតុវិទ្យុសកម្ម​កម្រិតខ្ពស់ ខ្ពស់​ដែល​មនុស្ស​មិន​អាច​ទទួល​យកបាន។ ជាមួយគ្នា​នេះ គេ​ត្រូវ​សាងសង់​អគារ ដើម្បី​គ្របដណ្តប់​រោងចក្រ​នុយក្លេអ៊ែរ ឡើងវិញ គឺ​ធ្វើយ៉ាងណា កុំ​ឲ្យ​ទឹក និង​ខ្យល់​ដែល​មាន​លាយ​​ធាតុ​វិទ្យុសកម្ម លេច​ចេញ​មកក្រៅ។ បន្ទាប់មកទៀត គេ​អាច​បន្ត​បន្ថយ​កំដៅ​របស់​ស្នូល​ម៉ាស៊ីន​ប្រតិកម្ម​ឲ្យ​ចុះត្រជាក់​មែនទែន រហូត​ដល់​គេ​អាច​ដឹក​យក​ទៅ​ដាក់​នៅកន្លែង​សុវត្ថិភាព​មួយផ្សេង​ទៀត។ និយាយ​ឲ្យ​ចំ ការងាររុះរើ​រោងចក្រ គឺ​គេ​រើ​តាមផ្នែក និង​ធ្វើ​ម្តងមួយៗ ដោយ​ប្រយ័ត្នប្រយែង។

វិធីសាស្រ្ត​ដើម្បីរើ បិទ​អគារ​រោងចក្រ ត្រូវ​គេ​ដឹង​អស់ហើយ បញ្ហា​ចុងក្រោយ​ដែលចោទឡើង គឺ​ថា តើ​អ្នកណា​ដែល​នឹង​ស្ម័គ្រ​ចិត្ត​ទៅ​ធ្វើការ​នៅ​កន្លែង​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់? ហើយ​តើ​គេ​នឹង​យក​កាកសំណល់​ផ្ទុក​ដោយ​ធាតុវិទ្យុសកម្ម ទៅ​ស្តុកទុក​នៅកន្លែងណា? ​តើ​គេ​ត្រូវ​សំអាត​បរិស្ថាន​នៅ​ក្រោយ​ការរុះរើ រោងចក្រ​Fukushima បានយ៉ាងម៉េច?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ