អានតួអត្ថបទ
កម្ពុជា

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កោះហៅ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បី​រូប​មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​

អ្នក​តំណាង​រាស្ត្រ​​គណបក្ស​​ប្រឆាំង​​បាន​​ដាក់​​​លិខិត​ចំនួន​​បី​​ជូន​​ទៅ​​លោក​​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន សែន​ តាម​​រយៈ ​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ដើម្បី​ឲ្យ​ធ្វើ​ការ​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិបាល​បាល​​ចំនួន​បី​រូប ​ឲ្យ​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា​ជា​បន្ទាន់​ ​ទាក់​ទិន​ទៅ​និង​ភាព​មិន​ប្រក្រ​តី​មួយ​​ចំនួន​ដែល​បាន​កើត​ឡើង​ក្នុង​ស្ថាប័ន​ទាំង​នោះ​។ មន្ត្រី​ជាន់​ខ្ពស់​ចំនួន​បី​រូប​ដែល​​​ត្រូវ​​កោះ​​ហៅ​​ឲ្យ​​ចូល​​​ខ្លួន​​មក​​បភ្លឺ​​នោះ​​មាន​​ដូច​​ជា​​លោក​ ស ខេង​ ឧបនាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ស៊ុយ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាម​ពល ​និង​លោក​​ឌិត មន្ទី​ ប្រ​ធាន​តុលាការ​កំពូល​។

លោក សុន ឆៃ ប្រធាន​ក្រុម​អ្នកតំណាងរាស្រ្ត​គណបក្ស សម រង្ស៊ី
លោក សុន ឆៃ ប្រធាន​ក្រុម​អ្នកតំណាងរាស្រ្ត​គណបក្ស សម រង្ស៊ី ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ដាក់​​លិខិតជា​ផ្លូវការ​ហើយ ​ទៅលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​តាម​រយៈ​ប្រធាន​រដ្ឋសភា​ដើម្បី​​ស្នើសុំ​ ឲ្យ​កោះ​ហៅ​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់​ចំនួន​បីរូប​​ ​ដើម្បី​ឲ្យ​ចូល​ខ្លួន​បំភ្លឺផ្ទាល់​មាត់​​នៅ​រដ្ឋ​សភា​ជុំ​វិញ​ភា​ព​មិន​ប្រ​ក្រ​តី​មួយ​ចំនួន​​ ដែល​បាន​កើត​ឡើ​ង​នៅ​ក្នុង​ពេល​កន្លង​មក​។

នៅ​ក្នុង​លិខិត​ចំចួន​បី​ដាច់​ដោយ​ឡែក​ពី​គ្នាដែល​​​លោក​សុន ឆ័យ​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី​​បាន​ផ្ញើរ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​តាម​រយៈ​លោក​ហេង​ សំរិន​ប្រ​ធាន​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ នោះមាន​ដូច​ ជា​​ស្នើ​​សុំ​លោក ​ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ឲ្យចូល​ខ្លួន​មក​បំភ្លឺ​ផ្ទាល់​មាត់​នៅ​ឯ​រដ្ឋ​សភា​ទាក់​ទិន​ទៅ​និងភាព​មិន​ប្រ​ក្រ​តី​ដូច​​​ជា ការ​យឺតយ៉ាវ​និង​ការ​យក​កម្រៃ​លើស​កំណត់​ក្នុង​ការ​ផ្តល់​អត្ត​សញ្ញា​ណ​ប័ណ្ណ​ដល់​ពល​រដ្ឋ​ខ្មែរ​។ ការ​យក​កម្រៃ​លើស​ការ​កំណត់​ហួស​ហេតុ​​ក្នុង​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​​ជូន​​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ការ​​នៅ​បរទេស​។ អំពើរ​ពុក​រលួយ​ក្នុង​វិស័យ​ចារចរណ៍​ មាន​ការយក​លុយ​​ខុស​ច្បាប់​ពី​រដ្ឋ​ដឹកញ្ជូន​និង​អ្នក​បើក​បរ​យាន​យន្ត​ផ្សេងទៀតនិង​ការ​គ្រប់​គ្រង​ជន​អន្តោ​ប្រ​វេសន៍​ខុស​ច្បាប់​នៅ​ក្នុង​​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា។​

 រី​ឯ​លិខិ​ត​ផ្សេង​មួយទៀត​ផ្ញើរ​ជូន​លោកស៊ុយ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សា​ហ​កម្ម​​រ៉ែ​និង​ថាមពល​​ឲ្យ​មក​ឆ្លើយបំភ្លឺ​​ផ្ទាល់​មាត់​នៅ​រដ្ឋ​សភាទាក់​ទិន​ទៅ​និងករណី​មិន​ប្រ​ក្រ​តី​​​ជា​ច្រើន​​កើត​មាន​ក្រោម​​ការ​ទទួល​ខុស​​ត្រូវ​របស់​លោក ដូច​ជា​ការ​ផ្តល់​អាជ្ញាប័ណ្ណ​និង​សិទ្ធធ្វើ​អាជីវ​កម្ម​​រ៉ែ​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា ការ​ផ្តល់​អាជ្ញាប័ណ្ណ​និង​​សិទ្ធិ​ធ្វើ​អាជី​វកម្ម​នៃ​កា​ផលិត​និង​ចែក​ចាយ​​អគ្គីសនី ការ​សម្រេចលើ​ការ​សាង​សង់​អគ្គីសនី​ជា​មួយ​ក្រុ​ម​ហ៊ុន​ ការ​ផ្តល់អាជ្ញាប័ណ្ណ​សាង​សង់​និង​កិច្ច​សន្យា​។

​​​លិខិត​កោះ​ហៅ​លោក ឌិត មន្ទីប្រធាន​តុលាការ​កំពូល ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​រដ្ឋ​សភាជុំ​វិញ​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយ​រៀង​ដែល​បាន​លើក​​លែង​ការ​​​ចោទ​ប្រ​កាន់​អតី​ត​អភិបាល​ក្រុង​បាវិត​លោក​ឈូក​ បណ្ឌិត​ដែល​បាន​បាញ់​កម្មការិនី​បីនាក់​ឲ្យ​រង​របួស​ ការ​​​ដាក់​ទោស​លោក​ម៉ម សូណង់ដូ​ ពលរដ្ឋ​មួយ​ចំនួន​នៅក្នុង​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ​ ​និង​កាស​ដាក់​ទៅ​ពលរដ្ឋ​បឹង​កក់។​

នៅ​ក្នុង​លិខិត​ទាំង​បី​ដែល​បាន​ដាក់​ជូន​ តាម​រយៈ​លោក​ហេង សំរិន​ប្រធាន​រដ្ឋ​សភា​ គឺ​ស្នើ​សុំ​ឲ្យ​ចួល​ខ្លួន​មក​​បំភ្លឺ​នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បត្តិ៍នៅ​សប្តាហ៍​ណាមួយក៍​បាន​​ក្នុង​ខែ​មករា​ឆ្នាំ​ ២០១៣ ខាង​​មុខ​ជា​កំហិត។​

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ ​តំណាង​រាស្ត្ររបស់​គណបក្ស​ប្រ​ឆាំង​សមរង្ស៊ីនោះ​ លោក ស្មានទៀត តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា​ វា​ជា​​សិទ្ធិ​របស់គាត់​ក្នុង​ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាលឲ្យ​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​រដ្ឋសភា។ ហើយ​ជា​ធម្មតា​ប្រ​ធាន​រដ្ឋ​សភា​​លោក​តែង​តែ​ពិនិត្យ​មើល​រាល់​ការ​ស្នើសុំ​នោះ​ ប្រសិន​បើ​ធ្វើ​ទៅ​តាម​និតិវិធី​ ប្រធាន​រដ្ឋ​សភា​​​នឹងមិន​​ជំទាស់​នោះ​ទេ​។

ទាក់​ទង​នឹង​ការ​ឆ្លើយ​បំភ្លឺ​តាម​ការស្នើ​សុំ​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រ​ឆាំង​នៅ​ក្នុងរដ្ឋ​​សភា​នោះ​ កាល​ពី​ដើម​ខែ​ សីហា ឆ្នាំ​២០១​២ កន្លង​មក ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៍​បាន​ឡើង​ឆ្លើយ​នឹង​សំណួរ​របស់​លោក សុន ឆ័យ ជា​ប្រវត្តិសាស្ត្រ​ផងដែរ​ ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ។ តាម​ការ​កត់​សម្គាល់​របស់​អ្នក​តំណាង​រាស្ត្របាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០​​១​២ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ចូល​ឆ្លើយ​សំណួរ​របស់​អ្នក​តំណាង​រាស្ត្រ​បាន​ចំនួន​ក្រោម ៣០% ដោយ​ភាគ​ច្រើន ​ឆ្លើយ​តាម​រយៈ​លិ​ខិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ