អានតួអត្ថបទ
វៀតណាម

កូន​ជន​កុម្មុយនិស្ត​ដ៏​ល្បី​ម្នាក់​ជាប់​ទោស​ពី​បទ​ប្រឆាំង​នយោបាយ​រដ្ឋាភិបាល

ជា​សកម្មជន​​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន និង​ជា​កូន​ប្រុស​របស់​សកម្ម​ជន​កុម្មុយនិស្ត​ស្និទ្ធ​នឹង​មេ​បក្ស​ ហូ ជីមិញ លោក គូ ហ៊ុយ ហា វូ (Cu Huy Ha Vu) ត្រូវ​បានតុលាការ​ប្រជាជន​ក្រុង​ហាណូយ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ​ពី​បទ​ បាន​ “ឃោសនា​នយោបាយ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​​” វៀតណាម។

លោក Cu Huy Ha Vu
លោក Cu Huy Ha Vu
ផ្សាយពាណិជ្ជកម្ម
01:35

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

អាយុ​ ៥៣​ឆ្នាំ លោក គូ ហ៊ុយ ហា វូ (Cu Huy Ha Vu) និតិបណ្ឌិត​​ពី​ប្រទេស​បារាំង ត្រូវ​ទទួល​ទោស​ ជាប់​ពន្ធនាគារ​៧​ឆ្នាំ ព្រោះ​តែ​លោក​បាន​ថ្លែងទៅ​កាន់​សារព័ត៌មាន​អន្តរជាតិ និង​តាម​អ៊ិនធឺណែត អំពាវ​នាវ​ឲ្យ​មាន​របប​ពហុ​បក្ស​នៅ​ក្នុង​ប្រទេស​វៀតណាម។

សម្រាប់​តុលាការ​ក្រុងហាណូយ ដែល​បាន​បើក​សវនាការ​តែ​មួយ​ព្រឹក​ និង​ផ្តល់​សាល​ក្រម​ភ្លាម​នៅ​ថ្ងៃ​ចន្ទ​ទី ៤​មេសា​នេះ ឥរិយាបថ​របស់​លោក វូ អាច​នឹង​ធ្វើ​ឲ្យ​សង្គម​វៀតណាម​ទទួល​រង​ការ​ខូច​ខាត។ សំណេរ និង​ប្រសាសន៍​របស់​គាត់​មាន​លក្ខណៈ​មួល​បង្កាច់​ បង្ខូចឈ្មោះ​​រដ្ឋបាល​ និង​គណបក្ស​កុម្មុយនិស្ត​ ដែល​កំពុង​កាន់​អំណាច និង​បំរើ​​ផល​ប្រយោជន៍ ដល់​​​ជន​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ។

សវនាការលោក​វូ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ការពារ យ៉ាង​ហ្មត់ចត់​បំផុត មាន​ទាំង​​​ប៉ូលិស​ប្រឆាំង​ភេរវកម្ម ប៉ូលិស​​ក្នុង​ឯកសណ្ឋាន​ ប៉ូលិសស្លៀក​ពាក់​​ស៊ីវិល និង​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ​ ព្រោះ​ជា​សំណុំ​រឿង​​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​យ៉ាង​ខ្លាំង​មិន​ធ្លាប់មាន។ ម្យ៉ាង​​ទៀត​មក​ពី​​លោក វូ ជា​កូន​ប្រុស​របស់​ជន​កុម្មុយនិស្ត ​លោក គូហ៊ុយគឹង (Cu Huy Can) ស្និទ្ធ​នឹង​លោក​ ហូ ជីមិញ។

ឪពុក​លោក​វូ លោក គូហ៊ុយគឹង គឺ​​ជា​កវី​កុម្មុយនិស្ត​ដ៏​ល្បីល្បាញ ជា​​​ជន​កុម្មុយនិស្ត​​ដ៏​សកម្ម និង​ជា​អតីត​សមាជិក​រដ្ឋាភិបាល​បដិវត្ត​​បណ្តោះ​អាសន្ន​ដំបូង ក្នុង​ឆ្នាំ​១៩៤៥​ ដែល​​បង្កើត​ឡើង​ដោយ​លោក​ ហូជីមិញ។ លោក ហូ ជីមិញ ដែល​ជា​ស្ថាបនិក​​​គណបក្ស​កុម្មុយនិស្ត​វៀតណាម និង​​វៀតណាម​ទំនើប​បច្ចុប្បន្ន។ ​កំណាព្យ​​ដែល​មាន​ក្នុង​កម្មវិធី​សិក្សា​នៅ​តាម​សាលារៀន ភាគ​ច្រើន​ជា​ស្នាដៃ​និពន្ធ​​របស់​លោក Cu Huy Can៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ