អានតួអត្ថបទ
រុស្ស៊ី

កំណើនសេដ្ឋកិច្ចរុស្ស៊ីមានចង្វាក់ធ្លាក់ចុះអស់២ត្រីមាសជាប់

ធ្លាក់​ចុះ​នេះ​គឺ​មក​ពី​វិបត្តិ​នៅ​អ៊ុយក្រែន​និង​ទណ្ឌកម្ម​ពី​ខាង​បស្ចិម​លោក។ ស្រប​នឹង​ស្ថិតិ​ផ្លូវការ​ចេញ​ផ្សាយ​នា​រសៀល​ថ្ងៃ​ព្រហស្បត៏​១៣​វិច្ឆិកា​កំណើន​សេដ្ឋកិច្ច​រុស្ស៊ី ក្នុង​ត្រីមាស​ទី៣​ឆ្នាំ​នេះ បាន​ធ្លាក់​ចង្វាក់​មក​នៅ​ត្រឹម ០,៧% គឺ​អន់​ជាង​ក្នុង​ត្រីមាស​ទី​២ ដែល​បាន​មាន​កម្រិត ០,៨%​គិត​សម្រាប់​មួយ​ឆ្នាំ។  

បុគ្គលិកធនាគារមួយរូបកំពុងរាប់លុយរូប្លរុស្ស៊ី
បុគ្គលិកធនាគារមួយរូបកំពុងរាប់លុយរូប្លរុស្ស៊ី . REUTERS/Ilya Naymushin
ផ្សាយពាណិជ្ជកម្ម

ការ​វាយ​តម្លៃ​នេះ​អំពី​ដំណើរ​វិវឌ្ឍន៍​នៃ​ផលិតផល​សរុប​ក្នុង​ប្រទេស​ធ្វើ​ដោយ “ស្ថាប័ន​រដ្ឋរុស្ស៊ី​ខាង​ស្ថិតិ” ហៅ​កាត់​ថា RosStat គឺ​ស្រប​នឹង​ការ​ទស្សន៍ទាយ​របស់​រដ្ឋាភិបាល​ដែល​បាន​ព្រមាន​ទៅ​ហើយ​ថា​ខ្លួន រង់ចាំ​ឃើញ​តួលេខ​អវិជ្ជមាន​ទៅ​ផង​ក្នុង​ត្រីមាស​ទី​៤។

 
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​កំណើន​ផលិតផល​សរុប​ក្នុង​ប្រទេស​ហៅ​កាត់​ថា GDP បាន​ធ្លាក់​ចុះ​យ៉ាង ជាក់​ច្បាស់​មែន​ពោល​គឺ​បើ​ក្នុង​ឆ្នាំ​២០១២​កំណើន​នេះ បាន​មាន​កម្រិត​ដល់​៣,៤% នោះ​ក្នុង​ឆ្នាំ ​២០១៣ វា​ចុះ​មក​នៅ​ក្នុង​កម្រិត​តែ​១,៣%​បាន​ន័យ​ថា​ឃ្លាត​ឆ្ងាយ​ពី​កម្រិត​៧%-៨%​ដែល​សម្គាល់​​អំណាច​ ពីរ​អាណត្តិ​ដំបូង​របស់​លោក​ប្រធានាធិបតី​ពូទីន​ពី​ឆ្នាំ​២០០០​ដល់​២០០៨​កាល​ដែល​តម្លៃ​ប្រេង​ឆៅ​និង​ឧស្ម័ន​ធម្មជាតិ​ដ៏​សម្បូណ៌​របស់​រុស្ស៊ី​លក់​នៅ​លើ​ទីផ្សារ​ពិភព​លោក​​បាន​ស្ទុះ​ឡើង​មែនទែន ហើយ​តែង​បាន​នាំ​ចំណូល​យ៉ាង​ក្រាស់ក្រែល​ដល់​ថវិកា​ជាតិ។

បញ្ហា​ស្រាប់តែ​ចោទ​ឡើង​យ៉ាង​ធ្ងន់ នៅ​ពី​មុខ​រុស្ស៊ី​តាំង​ពី​ខែ​មីនា​មក ក្រោយពី​រុស្ស៊ី​បាន​ភ្ជាប់ យក​ទឹកដឺ​គ្រីមេ​ទាំង​ផ្តាច់​វា​ចេញ​ពី​អ៊ុយក្រែន​ហើយ​បន្ទាប់​មក គាំទ្រ​ដល់​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​ដែល​រុស្ស៊ី​និយម នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​ទាល់តែ​បង្ក​ឡើង​ជា​វិបត្តិ​ក្នុង​ប្រទេស​នោះ ហើយ​ញ៉ាំង​បស្ចិមលោក ដែល​ស្ថិត​នៅ​ខាង​អំណាច​ក្រុងគៀវ​ឲ្យ​ដាក់​ទណ្ឌកម្ម​គ្រប់​ជ្រុងជ្រោយ​ទល់​នឹង​រុស្ស៊ី​តែ​ម្តង។ 

រដ្ឋាភិបាល​រុស្ស៊ី​សង្ឃឹម​ថា ទទួល​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​នេះ​គឺ​០,៥% ​និង​១,០% សម្រាប់​ឆ្នាំ​ក្រោយ។ ​​​ប៉ុន្តែ​ធនាគារ​កណ្តាល​ក្នុង​របាយការណ៍​ចេញ​សប្តាហ៏​នេះ​ប្រមាណ​ថា​កំណើន​នេះ នឺង​អាច​ត្រឹមតែ​០,៣%​សម្រាប់​ឆ្នាំ​នេះ​និង​ ០%​ ទេ​តើ​សម្រាប់​ឆ្នាំ​ក្រោយ។ វិបត្តិ​អ៊ុយក្រែន ស្រាប់តែ​ឈាន​មក​ដល់​គឺ​នៅ​ចំពេល​ដែល​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេង​និង​ឧស្ម័ន ជា​ប្រភព​ជា​ប្រពៃណី សម្រាប់​កំណើន​សេដ្ឋកិច្ច​រុស្ស៊ី​ចាប់​រីងស្ងួត​ទៅ។

មិនតែប៉ុណ្ណោះ ធនាគារ​កណ្តាល​ព្យាករ​ថា លំហូរ​ដើម​ទុន​ចេញ​ពី​រុស្ស៊ី​ក្នុង​ឆ្នាំ​នេះ អាច​ឡើង​ដល់​ទំហំ ១២៨.០០​លាន​ដុល្លារ​ដោយ​មក​ពី​អត្រា​ប្រាក់​រូប្ល​ចេះតែ​ចុះ​ថ្លៃ គិត​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​វា ​ស្រាល​ទម្ងន់​វា អស់​១/៤​ទៅ​ហើយ​ទល់​នឹង​ប្រាក់អឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ