អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

វិបត្តិ​ភាគ​ខាងកើត​អ៊ុយក្រែន៖ ​ឯណា​ទៅ​ផ្លូវ​ចេញ?

វិបត្តិ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​​ដែល​រង​ការ​បះបោរ​ផ្តាច់​ទឹកដី​ពី​សំណាក់​ពួក​ឧទ្ទាម​និយម​រុស្ស៊ី ​ បាន​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាច្រើន​ខែ​មកហើយ។ វិបត្តិ​នេះ កាន់តែ​រីក​ធំទៅៗ ដោយសា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​នេះ អ៊ុយក្រែន និង អង្គការ​អូតង់ បាន​បង្ហាញ​ភស្តុតាង​បញ្ជាក់​អំពី​វត្តមាន​របស់​ទាហាន​រុស្ស៊ី​ជាច្រើន​ពាន់​នាក់​ នៅ​ក្នុង​ដី​អ៊ុយក្រែន ដែល​កំពុង​ជួយ​ប្រយុទ្ធ​ពួក​ឧទ្ទាម។ ក្នុង​ពេល​នេះ គេ​កំពុងតែ​រងចាំ​មើល ថា​តើ​សហភាព​អឺរ៉ុប និង​អ៊ុយក្រែន នឹង​ចាត់​វិធានការ​យ៉ាងណា​ ចំពោះ​ទង្វើ​របស់​រុស្ស៊ី ដែល​នៅ​តែ​ប្រកែក​បែបហី​ ថា​រុស្ស៊ី​មិន​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​ពួក​ឧទ្ទាម​នៅ​អ៊ុយក្រែន។

ក្បួនរថក្រោះទំនងជា​របស់​​រុស្ស៊ី​ នៅ​តាម​បណ្តាយ​​ព្រំដែន​អ៊ុយក្រែន​ នៅថ្ងៃទី​២៨​ សីហា​ ២០១៤
ក្បួនរថក្រោះទំនងជា​របស់​​រុស្ស៊ី​ នៅ​តាម​បណ្តាយ​​ព្រំដែន​អ៊ុយក្រែន​ នៅថ្ងៃទី​២៨​ សីហា​ ២០១៤ REUTERS/Maria Tsvetkova
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ប្រធានាធិបតី​ប្រទេស​លីទុយអានី បាន​មាន​ប្រសាសន៍​ដោយ​ចំៗ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា រុស្ស៊ី​កំពុង​តែ​ធ្វើ​សង្គ្រាម​ជាមួយ​សហភាព​អឺរ៉ុប។ លោកស្រី​លើក​ឡើង​បែប​នេះ ដោយសា​តែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ប្រទេស​លោក​ខាងលិច​ទាំងអស់​លែង​សង្ស័យ​អ្វី​ទៀត​ហើយ អំពី​វត្តមាន​របស់​ទាហាន​រុស្ស៊ី​ក្នុង​ទឹកដី​អ៊ុយក្រែន។ រុស្ស៊ី​បញ្ជូន​ទ័ព​ទៅ​វាយ​អ៊ុយក្រែន មាន​ន័យ​ថា​ រុស្ស៊ី​កំពុង​តែ​ច្បាំង​ជាមួយ​សហភាព​អឺរ៉ុប។ ការ​បញ្ជូន​កម្លាំង​ទ័ព​ចូល​ទៅ​ក្នុង​ប្រទេស​មួយ​ ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​ប្រទេស​ម្ខាស់ផ្ទះ គឺ​ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ទាំងស្រុង។

ក្រោយ​ការ​ប្រជុំ​គណៈកម្មការ​សហភាព​អឺរ៉ុប ដែល​បាន​ធ្វើ​ឡើង នៅ​ល្ងាច​ថ្ងៃ​សៅរ៍ នៅ​ក្រុង​ប្រុយស៊ែល​លោក José Manuel.Barroso ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​មាន​ប្រសាសន៍​​ថា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ត្រៀម​ខ្លូម​រូច​ជាស្រេច​ ក្នុង​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី។ លោក​ថែម​ទាំង​បាន​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី ដើម្បី​ឲ្យ​រុស្ស៊ី​បញ្ឈប់​ជា​បន្ទាប់ នូវ​ការ​បញ្ជូន​ទ័ព​ទៅ​ជួយ​ពួក​ឧទ្ទាម បង្ក​អំពើ​ហិង្សា​កាន់តែ​ខ្លាំង​ឡើងៗ នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ លោក​បន្ត​ថា ស្ថានភាព​បច្ចុប្បន្ន​គឺ​ជា​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត រវាង​អឺរ៉ុប និង រុស្ស៊ី។ គេ​ត្រូវ​តែ​ដោះស្រាយ​វា​ឲ្យបាន មុន​នឹង​វា​យឺត​ពេល។

ដោយសា​តែ​មាន​ជំនួយ​ពី​ពួក​ទាហាន​រុស្ស៊ី​នេះ​ហើយ ទើប​ក្នុង​ពេល​ពីរ​បី​ថ្ងៃ​ចុងក្រោយ​នេះ ពួក​ឧទ្ទាម​បាន​វាយ​សង្គ្រប់​លើ​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន។ បើ​តាម​សម្តី​របស់​មេ​ពួក​ឧទ្ទាម​ម្នាក់​និយាយ​ថា ពួក​ឧទ្ទាម​បាន​កាន់កាប់​ដែនដី​ចំនួន​៥០ ភាគរយ​នៃ​តំបន់ ដូនែតស្ក៍។ ទាហាន​អ៊ុយក្រែន​បាន​ថមថយ​កម្លាំង​ជា​គំហុក។ លោកប៉េត្រូ ប៉ូរ៉ូឆិនកូ បាន​ប្រកាស​សុំ​ជំនួយ​យោធា​ពី​បណ្តា​ប្រទេស​ជាមិត្ត ព្រោះ​ស្ថានភាព​កាន់តែ​ដុនដាប​ទៅ។ អ៊ុយក្រែន​ថែមទាំង​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​នឹង​រៀបចំ​ចូល​ជា​សមាជិក​អង្គការ​អូតង់ ដើម្បី​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អូតង់​ បញ្ជូន​ទ័ព​មក​ជួយ។

ចំណែក​នៅ​រុស្ស៊ី​វិញ មាន​លិច​ឮ ពត៌មាន​ថា​ មាន​ក្រុម​គ្រួសារ​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​អ៊ុយក្រែន បាន​ចេញ​មុខ​មក​តវ៉ា សុំ​ឲ្យ​បញ្ជូន​ទាហាន​ទាំង​នោះ​មក​វិញ។ មាន​ទាហាន​រុស្ស៊ី​ជា​ច្រើន​នាក់​ បាន​ស្លាប់ ហើយ​ត្រូវ​គេ​បញ្ជូន​ខ្មោច​មក​វិញ។ តំណាង​រាស្រ្ត​គណៈបក្ស​ប្រឆាំង​រុស្ស៊ី​ម្នាក់​ ដែល​បាន​ស៊ើប​អង្កេត​រឿង​នេះ ហើយ​បាន​ចូលរួម​បុណ្យសព​របស់​ពួក​ទាហាន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ វាយ​ធ្វើ​បាប​យ៉ាង​ដំណំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ