រដ្ឋាភិបាលបង្កើតក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្សរ៍ តែមន្ត្រីរាជការមិនទាន់បានដឹង
កាលពីថ្ងៃទី ១៣វិច្ឆិកា រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយស្តីពីការបង្កើតក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្សរ៍។ សេចក្តីសម្រេចនោះបានបញ្ជាក់ថា នឹងមានការពិភាក្សាច្បាស់លាស់មួយជុំវិញបញ្ហាបៀវត្សរ៍របស់មន្ត្រីរាជការកម្ពុជា ដើម្បីអនុវត្តចន្លោះពីឆ្នាំ ២០១៤ដល់ឆ្នាំ ២០១៨។ ប៉ុន្តែ សេចក្តីសម្រេចនេះ ពុំបានជ្រួលជ្រាបជាដំណឹងដល់មន្ត្រីរាជការនៅឡើយទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៦
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយកាលពីថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០១៣នេះ ដោយបង្កើតក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្សរ៍មន្ត្រីរាជការ។ នៅក្នុងសេចក្តីសម្រេច ដែលចែកចេញជា ៧ប្រការនោះ រដ្ឋាភិបាលបានស្នើឲ្យក្រសួងពាក់ព័ន្ធមានដូចជា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច ត្រូវចាត់តាំងសមាសភាពតំណាងក្រសួងដើម្បីចូលរួមក្នុងក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្សរ៍យ៉ាងយូរ ១៥ថ្ងៃ ក្រោយទទួលបានសេចក្តីសម្រេចនេះ។
សេចក្តីសម្រេចនោះបានបញ្ជាក់ទៀតថា នឹងមានសិក្សាពីប្រព័ន្ធបៀវត្សរ៍របស់រាជរដ្ឋាភិបាល លើកញ្ចប់ថវិកាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ យោធា នគរបាលជាតិ និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ។ ការពិភាក្សាអំពីបញ្ហាបៀវត្សរ៍នេះ គឺសម្រាប់ដាក់ឲ្យអនុវត្ត ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០១៨។
ប៉ុន្តែ សេចក្តីសម្រេចនេះ ហាក់ពុំទាន់មានការសាយភាយបានទូលំទូលាយនៅឡើយទេ។ ប្រធានសមាគមមន្ត្រីរាជការឯករាជ្យ លោក កៅ ពឿន បានប្រាប់វិទ្យុបារាំងថា លោកពុំបានដឹងពីរឿងនេះទេ។ ទោះជាយ៉ាងណា ក៏សមាគមមន្ត្រីរាជការចង់ឲ្យប្រព័ន្ធកែទម្រង់បៀវត្សរ៍នេះ ពិនិត្យឡើងវិញលើឈ្មោះមន្ត្រីរាជការភាគច្រើន ដែលមិនបានធ្វើការ ប៉ុន្តែនៅតែមានឈ្មោះនៅក្នុងក្រសួងការងារ។
លោក កៅ ពឿន អះអាងថា ប្រសិនបើអាចលុបឈ្មោះមន្ត្រីរាជការទាំងនេះបាន គេអាចដំឡើងប្រាក់ខែជូនមន្ត្រីរាជការបាន។ បើតាមលោក កៅ ពឿន មន្ត្រីរាជការថ្នាក់ទាប និងថ្នាក់មធ្យម គួរទទួលបានប្រាក់បៀវត្សរ៍ ចន្លោះពី ២០០ដុល្លារទៅ ៥០០ដុល្លារ។ ហើយប្រសិនបើពួកគាត់ អាចទទួលបានប្រាក់ខែត្រឹមនេះ នោះអំពើពុករលួយ ក្នុងប្រព័ន្ធរដ្ឋបាល ប្រាកដជាអាចកាត់បន្ថយបានយ៉ាងឆាប់រហ័ស ព្រោះថាមន្ត្រីរាជការសព្វថ្ងៃ យកលុយក្រោមតុ ពីប្រជាជន ក៏ដោយសារតែពួកគេមានប្រាក់បៀវត្សរ៍មិនគ្រប់គ្រាន់។
សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មានមន្ត្រីរាជការស៊ីវិល ប្រមាណជា ១៨ម៉ឺននាក់ ហើយទទួលបានប្រាក់ខែគោល ចន្លោះពី ៨០ដុល្លារ ដល់ ១៥០ដុល្លារ ក្នុងមួយខែ។ នេះបើយោងតាមសមាគមមន្ត្រីរាជការឯករាជ្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ