អានតួអត្ថបទ
បារាំង

មូលហេតុ​ការធ្លាក់​យន្តហោះ​AH5017 នៅ​មិន​ទាន់​ដឹង​ច្បាស់​ដោយសារ​ប្រអប់​ខ្មៅ​មាន​ការ​ខូចខាត

ពីរ​សប្តាហ៍​កន្លង​មក​ហើយ​បន្ទាប់​ពី​យន្តហោះAH5017​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល់ហ្សេរី​បាន​ធ្លាក់​នៅ​ប្រទេស​ម៉ាលី។​ ថ្វីត្បិត​តែ​ប្រអប់​ខ្មៅ​ទាំងពីរ​ត្រូវ​បាន​គេ​រក​ឃើញ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្តាល​ឲ្យ​យន្តហោះ​ធ្លាក់​ទេ​ ដោយសារ​តែ​ប្រអប់​ខ្មៅ​ទីពីរ​ដែល​ថត​សំឡេង​ឆ្លើយឆ្លង​នៅ​ក្នុង​ពេល​ហោះ​ហើរ បាន​រង​នូវ​ការ​ខូចខាត។

បំណែកយន្តហោះ​AH5017​នៅ​កន្លែង​ដែល​ធ្លាក់​ភាគ​ខាងជើង​ប្រទេស​ម៉ាលី
បំណែកយន្តហោះ​AH5017​នៅ​កន្លែង​ដែល​ធ្លាក់​ភាគ​ខាងជើង​ប្រទេស​ម៉ាលី AFP PHOTO/ SIA KAMBOU
ផ្សាយពាណិជ្ជកម្ម

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី៧​សីហា​នេះ អ្នក​តំណាង​ការិយាល័យ​ស៊ើប​អង្កេត​និង​វិភាគ​ទៅ​លើ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល់ហ្សេរី​ដែល​បាន​ធ្លាក់​នៅ​ប្រទេស​ម៉ាលី បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ក្រុង​បួកហ៊្សេ ប្រទេស​បារាំង។​ នាយក​ការិយាល័យ​ស៊ើបអង្កេត​នេះ​បាន​ឲ្យ​ដឹង​ថា ប្រអប់​ខ្មៅ​ទីពីរ​ដែល​ផ្ទុក​សម្លេង​ឆ្លងឆ្លើយ​របស់​អាកាសយានិក បាន​រង​ការ​ខូចខាត​ ហើយ​មិន​អាច​ផ្តល់​ពត៌មាន​អ្វី​បាន​ទេ​នា​ពេល​នេះ។ អ្នក​បច្ចេកទេស​កំពុង​តែ​ខិតខំ​រក​គ្រប់​មធ្យោបាយ​ ដើម្បី​ទាញ​យក​សម្លេង​ដែលថត ហើយគេ​រំពឹង​ថា​នឹង​អាច​ទាញ​យក​សម្លេង​ដែល​នៅ​ក្នុង​នោះ​បាន​រួច​រាល់​ នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​ខាង​មុខ។

 
ទោះ​ជា​យ៉ាងណា​លោក​ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​គ្រោះថ្នាក់​យន្តហោះ​នេះ បាន​ធ្វើ​ការ​សន្និដ្ឋាន​ជា​បឋម​ថា បើ​យោង​ទៅ​តាម​តួលេខ​នៃ​ការ​ហោះហើរ​យន្តហោះ​ទំនងមិន​បាន​ផ្ទុះ​នៅ​ពេល​កំពុង​ហោះហើរ​នោះ​ទេ។ លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា ពេល​នេះ​គេ​នៅ​មិន​ទាន់​មាន​ពត៌មាន​ច្បាស់លាស់​ ដែល​អាច​ឈាន​ទៅ​ដល់​ការ​សន្និដ្ឋាន​ជា​ផ្លូវការ​ទេ។ គេ​ត្រូវ​រងចាំ​ទទួល​លទ្ធផល​នៃ​ការ​ទាញ​យក​សម្លេង​ឆ្លងឆ្លើយ​ដែល​មាន​ក្នុង​ប្រអប់​ខ្មៅ​ទីពីរ។​

សូម​បញ្ជាក់​ថា ជា​ទូទៅ​តាម​បទដ្នាន​អាកាសចរណ៍​អន្តរជាតិ គ្រប់​យន្តហោះ​ទាំង​អស់​ត្រួវ​មាន​ប្រអប់​ខ្មៅ​២។​ ប្រអប់​ទីមួយ​មាន​ទួនាទី​ថត​ទុក​ រាល់​តួលេខ​នៃ​ការ​ហោះហើរ​របស់​យន្តហោះ ដូច​ជា​រយៈ​ចំងាយ រយៈ​កម្ពស់ និង​ល្បឿន​យន្តហោះ​ជាដើម។ ចំណែក​ប្រអប់​ខ្មៅ​ទីពីរ​មាន​ទួនាទី​ថត​សម្លេង​ទាំងអស់​ ដែល​មាន​នៅ​ក្នុង​យន្តហោះ ទាំង​សម្លេង​ឆ្លើយឆ្លង​របស់​អាកាសយានិក និង​សម្លេង​ប្រកាស​ផ្សេងៗ​ក្នុង​ពេល​ហោះហើរ។ សម្លេង​ឆ្លើយឆ្លង​របស់​អាកាសយានិក​ក្នុង​បន្ទប់​បើកបរ​យន្តហោះ អាច​ផ្តល់​ពត៌មាន​ច្បាស់លាស់​ស្តី​ពី​ហេតុការណ៍​ដែល​កើត​មាន​ឡើង​ បណ្តាល​ឲ្យ​យន្តហោះ​ធ្លាក់។

យន្តហោះ AH5017​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល់ហ្សេរី​បាន​ធ្លាក់​នៅ​ក្នុង​ប្រទេស​ម៉ាលី កាល​ពី​ថ្ងៃ​ទី២៤​កក្កដា។ យន្តហោះ​នោះ​ជា​ប្រភេទ​យន្តហោះMD-83 ដែល​មាន​ផ្ទុក​មនុស្ស​ចំនួន​១១៦​នាក់។ ភ្លាមៗ​ក្រោយ​ហេតុការណ៍​ ប្រទេស​ម៉ាលី​បាន​ប្រគល់​ការ​ស៊ើបអង្កេត​លើ​គ្រោះថ្នាក់​នេះ​ទៅ​ឲ្យ​ការិយាល័យ​ស៊ើបអង្កេត​របស់​បារាំង ដែល​ត្រូវ​គេ​ទទួល​ស្គាល់​ថា​មាន​អ្នកជំនាញ និង​បច្ចេកទេស​ច្បាស់លាស់​ ក្នុង​ការ​ស៊ើបអង្កេត​ និង​វិភាគ​រក​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ។ តាម​ការ​សន្និដ្ឋាន​បឋម យន្តហោះ​ទំនង​ជា​បាន​ឆ្លងកាត់​តំបន់​ដែល​មាន​ខ្យល់ព្យុះ​ និងភ្លៀងខ្លាំង ដែល​បណ្តាល​ឲ្យ​ល្បឿន​យន្តហោះ​ចុះ​ថយ​ជា​គំហុក មុន​និង​ត្រូវ​ខ្យល់​ព្យុះ​វាយ​ទំលាក់​ដល់​ដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ