អានតួអត្ថបទ
កម្ពុជា

មន្ត្រី​គណបក្ស​ប្រជាជន៖​ បាតុកម្ម​គណបក្ស​សង្គ្រោះជាតិ​​ដើម្បី​បុគ្គល​បក្ស​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​

ភ្លាមៗក្រោយ​ការធ្វើ​បាតុកម្ម​អហិ​ង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចប់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ហៅ​ការធ្វើ​បាតុកម្ម​នេះ​ថា ជាការ​ផ្តល់​ផល​ចំណេញ​​​ទៅដល់​បុគ្គល​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​លោក សម រង្ស៊ី និង​លោក កឹម សុខា តែប៉ុណ្ណោះ។ ការ​អត្ថាធិប្បាយនេះ​​​បានធ្វើឡើង ខណៈដែល​គណបក្ស​សង្គ្រោះជាតិ​​​នៅតែ​ទាមទារ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ ​នៅមុន​ការប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​ ដែល​ត្រូវធ្វើឡើង​ដោយ​គ្មាន​ការ​ប្រែ​ប្រួល​​នៅ​ថ្ងៃស្អែក​នេះ។

លោក​ ជាម​ យៀប ​មន្ត្រី​​ជាន់​ខ្ពស់​​របស់​​គណ​បក្ស​​ប្រ​ជាជន​កម្ពុជា​​
លោក​ ជាម​ យៀប ​មន្ត្រី​​ជាន់​ខ្ពស់​​របស់​​គណ​បក្ស​​ប្រ​ជាជន​កម្ពុជា​​ RFI
ផ្សាយពាណិជ្ជកម្ម

បើតាម​លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​ការធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ ធ្វើការ​ស៊ើបអង្កេត និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ជាការ​ផ្តល់​ផលចំណេញ​ដល់​បុគ្គល​គណបក្ស​លោក សម រង្ស៊ី និង លោក កឹម សុខា​ តែប៉ុណ្ណោះ។

លោក ជាម យៀប បញ្ជាក់ថា ការធ្វើ​បាតុកម្ម​វា​មិនមែនជា​មធ្យោបាយ ដែល​ស្តែង​ឲ្យ​ឃើញ សម្រាប់​ការដោះស្រាយ​លទ្ធផល​បោះឆ្នោត​នោះទេ ពីព្រោះ រាល់​បញ្ហា​ដែល​បាន​កើតឡើង​ត្រូវបាន​ប្រគល់​សិទ្ធិ​ទៅ​ឲ្យ​គ.ជ.ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្នកដោះស្រាយ។ ជាការ​ដោះស្រាយ និង​សម្រេច​ដោយ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។ ដូច្នេះ ការទាមទារ​​បង្កើត​គណៈ​ក​ម្មការ​ចម្រុះ​ឯករាជ្យ​នោះ វា​ជាការ​ខុសច្បាប់ និង​មិន​គោរព​តាមច្បាប់​រដ្ឋធម្មនុញ្ញ។

គួររំលឹកថា ក្នុង​មហា​បាតុកម្ម​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ លោក​សម រង្ស៊ី បានប្រកាស​សុំ​ការយល់ព្រម​ពី​ក្រុមបាតុករ ឲ្យ​មានការ​ពន្យា​រ​ពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​រប​ស់​គ.ជ.ប។ ជាការ​ពន្យារពេល​​ដែល​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​អះអាងថា ដើម្បី​បង្កើត​គណៈ​ក​ម្មការ​​ចម្រុះ​ឯករាជ្យ​មួយ​ធ្វើការ​ស៊ើបអង្កេត និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ​ក្នុង​អាណត្តិ​ទី៥ ប្រ​យោ​ជ​ន៏​ដើម្បី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​ពី​ការបោះឆ្នោត​នេះ។ ប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ​បាន​អះអាងថា​ នឹង​បន្តធ្វើ​មហា​បាតុកម្ម​បើ​គ.ជ.ប នៅតែ​រឹងទទឹង​ប្រកាស​លទ្ធផល​ នៅ​ថ្ងៃស្អែក​នេះ។

ប៉ុន្តែ​លោក ជាម យៀប បាន​ហៅ​ការទាមទារ​ពន្យារ​​ពេល​ប្រកាស​លទ្ធផល​បោះឆ្នោត និង​ការ​បន្តធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំងប្រទេស​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ថា​មិនបាន​ថ្លឹងថ្លែង​ពី​ផលចំណេញ និង​ការខាតបង់​ឲ្យ​បានច្បាស់លាស់​នោះទេ។ លោក​ថា វា​ជា​រឿង​ឥត​ប្រ​យោ​ជ​ន៏ ដែល​ធ្វើឡើង​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន​របស់​គណបក្ស ខណៈដែល​ពេលវេលា​នៅសល់​មិន​ដល់១០ម៉ោង​ផង​នោះ លទ្ធផល​ឆ្នោត​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នោះ។

ចំណែក​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ខៀវ សុភ័គ មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​វាយតម្លៃថា ការធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រព្រឹត្តទៅ​បានល្អ​ដោយ​មិនមាន​អំពើ​ហិ​ង្សា​ណាមួយ​​កើតឡើង​រវាង​ក្រុម​សមត្ថកិច្ច និង​ក្រុមបាតុករ​នោះទេ បើទោះបីជា​គណបក្ស​នេះ​មិនបាន​គោរព​ចំនួន​អ្នកចូលរួម​តាម​ការកំណត់​ក៏ដោយ។

ដោយឡែក​លោក កែម ឡី អ្នកវិភាគ​នយោបាយ​ឯករាជ្យ បាន​កោតសរសើរ​ចំពោះ​បាតុកម្ម​អហិ​ង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ព្រឹក​មិញ ដែល​មិនមាន​ការប៉ះទង្គិច​បង្ក​ទៅជា​អំពើ​​ហិង្សា។ សម្រាប់​អ្នកវិភាគ​ឯករាជ្យ​រូបនេះ វា​ជាស​ញ្ញា​ដែល​បង្ហាញ​ពី​ដំណើរការ​ឆ្ពោះ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​តាមបែប​អហិ​ង្សា ហើយ​វា​ក៏​ជាស​ញ្ញា​មួយ​ប្រាប់​ទៅដល់​អ្នកដឹកនាំ​កុំ​ឲ្យ​មានការ​ភ័យខ្លាច​ចំពោះ​បាតុកម្ម​អហិ​ង្សា​បែបនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ