អានតួអត្ថបទ
កម្ពុជា

តំ​ណាង​គណ​បក្ស​ទាំងពីរ​ទំនង​ជា​មិន​ទាន់​បាន​ជួប​គ្នា​នៅ​ឡើយ

រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ​នៅ​មិន​ទាន់​មាន​ព័ត៌​មាន​ស្តី​ពី​ការ​ជួប​ចរចា​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ឡើយ​ទេ​បើ​ទោះ​បី​ជា​មេដឹក​នាំ​កំ​ពូល​គណ​បក្ស​ទាំង​ពីរ​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​លទ្ធ​ផល​ជា​វិជ្ជមាន​ដែល​អាច​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ក៏​ដោយ។ យ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​គណ​បក្ស​កាន់​អំណាច​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា គណបក្ស​ទាំង​ពីរ​អាច​ដោះស្រាយ​បញ្ហា​បាន​ប្រសិន​បើ​មាន​សុឆន្ទៈ​ពិត​ប្រាកដ។

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្សសង្គ្រោះជាតិ ដែល​បាន​ជួប​ប្រជុំ នៅ​ព្រឹក​ថ្ងៃចន្ទ ទី១០មិនា ២០១៤។
តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្សសង្គ្រោះជាតិ ដែល​បាន​ជួប​ប្រជុំ នៅ​ព្រឹក​ថ្ងៃចន្ទ ទី១០មិនា ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​មិនទាន់​ទទួល​បាន​ដំណឹង​ណា​មួយ​ថា​មាន​ការ​ជួបគ្នា​រវាង​គ​ណ​បក្ស​ទាំងពីរ​នៅឡើយ​ទេ។ ប៉ុន្តែ អាចមាន​ការជួបគ្នា​តាម​ទូរស័ព្ទ​រវាង​លោក សម រង្ស៊ី និង​លោក ឧបនាយក​រដ្ឋមន្ត្រីស ខេង ដែល​លោក​មិន​ដឹង។

ប៉ុន្តែ ប្រភព​ពី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​អះអាង​ថា គ្មាន​ការ​ជួប​ទាក់​ទង​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក ស ខេង នៅឡើយ​កាល​ពី​ថ្ងៃ​ចន្ទ។ ដោយ​ឡែក នៅ​ថ្ងៃ​អង្គារ​នេះ មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ចុះ​បំពេញ​បេសក​កម្ម​ជួប​អ្នក​គាំទ្រ​តាម​បណ្តា​ខេត្ត​ដោយ​ផ្តើម​ពី​ខេត្ត​កំពត។ ព័ត៌មាន​នេះ​ហាក់​ដូច​ជា​បញ្ច្រាស​ទិស​គ្នា​រវាង​ព័ត៌​មាន​ដែល​បានផ្តល់​ដោយ​មេ​ដឹក​នាំ​គណ​បក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ចន្ទ។

ក្នុង​ពិធី​ពីរ​ផ្សេងគ្នា កាលពី​ថ្ងៃ​ចន្ទ មេដឹកនាំ​គណបក្ស​ទាំងពីរ​សុទ្ធតែ​បានប្រកាស​ប្រាប់​មហាជន​អំពី​ការចរចា​ជាសម្ងាត់​ជាមួយគ្នា​ដើម្បី​ស្វះ​ស្វែងរក​ដំណោះស្រាយ​នយោបាយ។ លោក​សម រង្ស៊ី​បញ្ជាក់ថា ក្រុមការងារ​គណបក្ស​ទាំងពីរ​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ក្នុងពេលឆាប់ៗនេះ ឬ​អាច​ចូលគាល់​ព្រះមហាក្សត្រ​រួមគ្នា​ផង។

ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់​ព័ត៌មាន​ស្រដៀង​គ្នា​នេះដែរ​ដោយ បញ្ជាក់ថា គណបក្ស​ទាំងពីរ​នឹង​បន្ត​ជួបគ្នា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដើម្បី​ពិភាក្សា​បញ្ចប់​បញ្ហា​ដែល​នៅ​សេសសល់ ហើយ​លទ្ធផល​នៃ​កិច្ចចរចា​នេះ​អាច​នឹង​ដឹង​នៅពេលឆាប់ៗនេះ។ លោកនាយក​រដ្ឋមន្ត្រី​ថែមទាំង​ព្រលយ​ថា ជួនកាល​រឿង​នយោបាយ​អាច​ដោះស្រាយ​ចេញ​យ៉ាង​ឆាប់​ពោលគឺ​អាច​មុន​ចូលឆ្នាំ​ខ្មែរ​ក៏​ថា​បាន។

ទោះបីជា​មិនទាន់មាន​ព័ត៌មាន​ដូចដែល​មេដឹកនាំ​គណបក្ស​ទាំងពីរ​ប្រកាស​ក៏ដោយ ក៏​លោក ជាម យៀប មាន​សុទិដ្ឋិនិយម​ថា គណបក្ស​ទាំងពីរ​អាច​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​បាន​ប្រសិនបើ​មាន​សុ​ឆន្ទៈ​ចង់​ដោះស្រាយ​ពិតប្រាកដ។ 

គួរ​បញ្ជាក់ថា វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​បានអូសបន្លាយ​ជិត៩ខែ​មកហើយ។ តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ៥៥នាក់​បានធ្វើ​ពហិការ​មិន​ចូលប្រជុំ​សភា​រហូតមក។ បន្ទាប់ពី​កិច្ចចរចា​ថ្នាក់​បច្ចេកទេស​បានជា​ប់​គាំង មានការ​រំពឹងថា អាច​នឹងមាន​ជំនួប​កំពូល​រវាង​មេដឹកនាំ​គណបក្ស​ទាំងពីរ។
 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោក​បើកចំហ​រង់ចាំ​ទទួល​ទូរស័ព្ទ​ពី​លោក សម រង្ស៊ី ដើម្បី​ជជែក​គ្នា​ដោះស្រាយ​បញ្ហានយោបាយ។ ប៉ុន្តែ រហូតមកដល់​ថ្ងៃនេះ​នៅ​មិនទាន់មាន​ជំនួប​បែបនេះ​នៅឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ